ដោយៈ ប,ជ័យ / បន្ទាយមានជ័យៈ អ្នកកាន់មេអាប៉ោង បានរត់គេចពីប៉ូលិស កាត់ទឹកវាលស្រែ ហើយបានគាំងបេះដូង ដួលស្លាប់ នៅពេលសមត្ថកិច្ច បំបែកទីតាំងលេងល្បែងស៊ីសង (អាប៉ោង) មួយកន្លែង កាលពីរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។នៅចំណុចវាលត្រពាំងច្រាំង ស្ថិតនៅខាងលិចភូមិផ្គាំ ចម្ងាយកន្លះគីឡូម៉ែត្រ ក្នុងឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មាន បានត្រូវទម្លាយឱ្យដឹងថាៈ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល និងនគរបាលអធិការដ្ឋានស្រុក បានសហការចុះបង្ក្រាបល្បែងស៊ីសងមួយ ករណី។ នៅពេលសមត្ថកិច្ច ចុះបង្ក្រាបនោះ ក្រុមអ្នកលេង (អ្នកចាក់) និងមេអាប៉ោង (មេជាអ្នកបាញ់អាប៉ោង) បាននាំគ្នា រត់គេចខ្លួន ខ្លះធ្លាក់ក្នុងទឹក ប្រហែល ៥០ ម៉ែត្រ។ខណៈពេលនោះ ឈ្មោះ នៅ ដារ៉ា ជាអ្នកកាន់មេអាប៉ោង ដែលមានជំងឺបេះដូង ស្រាប់ផងនោះ ក៏បានរត់គេចពីប៉ូលិស រហូតទាល់តែ គាំងបេះដូង ដួលសន្លប់ នៅលើភ្លឺស្រែ។
ពេលនោះ កងកម្លាំងសមត្ថកិច្ចនគរបាល បានជួយសង្គ្រោះ និងសែងជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាពឃុំសឹង្ហ។ លុះដល់វេលាម៉ោង ៤ រសៀល ថ្ងៃដដែលនោះ លោកវេជ្ជបណ្ឌិត នៃមណ្ឌលសុខភាព បានពិនិត្យ ហើយប្រាប់វិញភ្លាមៗថា ជនរងគ្រោះ បានបាត់បង់ជីវិត ហើយ ។

នគរបាលស្រុកអូរជ្រៅ ផ្នែកបច្ចេកទេស បានធ្វើកោសល្យវិច័យ លើសាកសព ហើយបានសន្និដ្ឋានថាៈ បុរសម្នាក់នេះ មានការភិតភ័យ ដោយសារ មានជំងឺប្រចាំខ្លួន នៅពេលគាត់ខិតខំរត់កាត់វាលស្រែ ដែលមានទឹក មានលក្ខណៈហត់ខ្លាំង ហើយមិនព្រមឈប់រត់ទៅមុខ ទើបបានដួលសន្លប់ បណ្ដាលឱ្យគាំងបេះដូង ស្លាប់។សមត្ថកិច្ច បានអះអាងថាៈ អ្នកលេងល្បែងស៊ីសង (អាប៉ោង) សមត្ថកិច្ច គ្រាន់តែឃាត់ខ្លួន ដើម្បីធ្វើការអប់រំ តែប៉ុណ្ណោះ មិនមានគោលការណ៍ ចាប់ដាក់គុក នោះទេ៕S/
រូបថត៖អ្នកកាន់មេអាប៉ោងរត់ហើយគាំងបេះដូងស្លាប់នៅពេលសមត្ថកិច្ចបំបែកបនល្បែងនៅវាលស្រែនាស្រុកអូរជ្រៅ (រូប ៖ ប ជ័យ)