គណៈកម្មាធិការរៀបចំការបោះឆ្នោតគៀហ្គីស្ថាន កាលពីថ្ងៃអង្គារទី០៦តុលា បានប្រកាសទុកជាមោឃៈលទ្ធផលនៃការបោះឆ្នោតសភាកាលពីចុងសប្តាហ៍ បន្ទាប់ពីផ្ទុះការតវ៉ាប្រឆាំងធំៗនៅក្នុងរដ្ឋធានីប៊ីសកេកនិងទីក្រុងដទៃទៀត នៅពេលពួកអ្នកគាំទ្រក្រុមប្រឆាំងបានចូលកាន់កាប់អាគាររដ្ឋកាលពីរំលងអាធ្រាតនិងទាមទារអោយធ្វើការបោះឆ្នោតសាឡើងវិញ។
មានសេចក្តីរាយការណ៍ថា មនុស្សរាប់រយនាក់បានរងរបួសនិងម្នាក់បានស្លាប់ដោយការប៉ះទង្គិចរវាងបាតុករនិងកម្លាំងសមត្ថកិច្ច។
ការសំរេចចិត្តលុបចោលលទ្ធផលឆ្នោតត្រូវបានធ្វើឡើងដើម្បីកុំអោយមានភាពតានតឹងនៅក្នុងប្រទេស នេះបើតាមប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រាប់ទីភ្នាក់ងារសារព័ត៌មានInterfax។
ការប្រឆាំងតវ៉ាមហាជននៅរដ្ឋធានី ប៊ីសកេក និងទីក្រុងដទៃទៀត បានផ្ទុះឡើងក្រោយអាជ្ញាធរបានប្រកាសលទ្ធផលជំហានដំបូងពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយសម្លេងគាំទ្រភាគច្រើនបានទៅគណបក្ស២ដែលគាំទ្ររដ្ឋាភិបាល និងចំពេលមានរបាយការណ៍អំពីការរទិញសន្លឹកឆ្នោតនិងការរំលោភនានា។
ដោយយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល Interfaxបានបាននិយាយថា មនុស្សប្រមាណ៥៩០នាក់បានរងរបួស នៅក្នុងការប៉ះទង្គិចជាមួយប៉ូលិស និងមនុស្សម្នាក់បានស្លាប់។
ការបង្ក្រាបដ៏ហិង្សាមិនអាចទប់ស្កាត់ចលាចលបានទេ ហើយនៅពេលយប់ពួកបាតុករបានសំរុកចូលបរិវេណអាគាររដ្ឋ ដែលរួមមានសភានិងការិយាល័យប្រធានាធិបតី។អ្នកគាំទ្រក្រុមប្រឆាំងក៏កាន់កាប់សាលាក្រុងក្នុងរដ្ឋធានីផងដែរ។
បាតុករមួយក្រុមទៀតបានធ្វើដំណើរទៅកាន់គណៈកម្មាធិការសន្តិសុខជាតិរបស់គៀហ្គីស្ថាន ដើម្បីទាមទារអោយដោះលែងអតីតប្រធានាធិបតី អាល់ម៉ាបេក អាតាមបាយេវ ដែលត្រូវបានចោទប្រកាន់និងកាត់ទោសដាក់គុកជាង១០ឆ្នាំចំពោះការប្រព្រឹត្តអំពើពុករលួយ។
ពួកមន្ត្រីសន្តិសុខបានដោះលែងលោកអាតាមបាយេវក្រោយការចរចាជាមួយបាតុករ។
ក្នុងពេលជាមួយគ្នា សមាជិកបក្សប្រឆាំងជាច្រើនបានប្រកាសផែនការបណ្តេញលោកប្រធានាធិបតី ហ្ស៊ីនបេកូវ និងបង្កើតរដ្ឋាភិបាលថ្មីមួយ៕ប្រែសម្រួល៖វាសនា
បាតុករប្រឆាំងរាប់ម៉ឺននាក់ចេញតវ៉ានិងប្រព្រឹត្តហិង្សានៅរដ្ឋធានីរបស់គៀហ្គីស្ថាននិងទីក្រុងដទៃទៀត ក្រោយការប្រកាសលទ្ធផលឆ្នោតដែលនាំដល់ការប៉ះទង្គិចបង្ករបួសមនុស្សជិត៦០០នាក់