ដោយៈសុភ័ក្ត្រ ភាណា/ភ្នំពេញៈលោកឯកអគ្គរាជទូត ផាប្ល៉ូ កាង តំណាងឲ្យស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងាររបស់លោកធ្វើទស្សនកិច្ចមកកាន់”បណ្ណាល័យសម្តេចម៉ែ”នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីព្រឹកថ្ងៃទី៦ខែតុលា។ទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីប្រតិភូស្ត្រីចំនួន១២រូបតំណាងឲ្យក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើទស្សនកិច្ចដូចគ្នានេះដែរកាលពីរសៀលថ្ងៃទី៥ខែតុលាដែលជាទស្សនកិច្ចផ្តួចផ្តើមរបស់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី។

ក្នុងព្រឹត្តិការណ៍នេះ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងាររបស់លោក បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីពិព័រណ៍សំខាន់ៗទាំងពីររបស់”បណ្ណាល័យសម្តេចម៉ែ”គឺពិព័រណ៍អំពីព្រះឆាយាលក្ខណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងពិព័រណ៍អំពីប្លង់រចនាអគារវិទ្យាស្ថានស្លឹករឹត។ ចំណែកលោកស្រី សូ ហ្វារីណា បានណែនាំដល់ភ្ញៀវកិត្តិយសអំពី មជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ណាល័យឯកសារខ្មែរក្រហមនៅតាមបណ្តាខេត្តទាំង៦។

លោកឆាំងយុក៏បានបង្ហាញដល់ប្រតិភូនូវបណ្ណាល័យសម្តេចម៉ែដែលមានផ្ទុកឯកសារប្រមានជាង១,៧លានសន្លឹកនិងបណ្ណសារក្នុងទម្រង់ផ្សេងៗ ប្រមែប្រមូលដោយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាអស់រយៈពេលជាង២៥ឆ្នាំកន្លងមក ព្រមទាំងបណ្ណសារថ្មីបន្ថែមទៀត ដែលជាការបរិច្ចាគដ៏សប្បុរសរបស់ឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីចុងឆ្នាំ២០១៩។
សមុច្ច័យដែលឯកអគ្គរាជទូតបណ្ឌិត ជែលដ្រេស រួមបញ្ជូល សៀវភៅកំណត់ហេតុ ឯកសារផ្ទាល់ខ្លួន និងឯកសារការទូតជាច្រើនអនេកស្តីពីប្រវត្តិសាស្ត្រនាពេលថ្មីៗរបស់កម្ពុជាដែលបានមកពីប្រទេសអូស្ត្រាលីនិងប្រទេសដទៃទៀត។សមុច្ច័យខាងលើក៏រួមមានស៊ីឌីថាសចម្រៀងនិងឯកសារក្នុងទម្រង់ផ្សេងៗដែលមានទម្ងន់សរុបជាង១៥៨០គីឡូក្រាម។សមុច្ច័យទាំងអស់គឺសុទ្ធសឹងជាសមិទ្ធផលនៃការចងក្រងឯកសារនិងការស្រាវជ្រាវផ្ទាល់ខ្លួនរបស់លោកឯកអគ្គរាជទូតបណ្ឌិត ជែលដ្រេស ក្នុងរយៈកាលជាច្រើនទសវត្សរ៍កន្លងមក។

គួររំឭកថា លោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស ជាជនជាតិអូស្ត្រាលីមានដើមកំណើតនៅ ប្រទេសឈីលី។លោកគឺជាលេខាផ្ទាល់របស់ទ្រង់ចាប់ពីឆ្នាំ១៩៨១រហូតដល់ឆ្នាំ១៩៩១និងគឺជាអតីតអ្នកសរសេរព្រះរាជជីវប្រវត្តិរបស់សម្តេចព្រះបរមរតនកោដ្ឋចាប់តាំងពីឆ្នាំ១៩៩៣។លោកឯកអគ្គរាជទូតបានបោះពុម្ពស្នាដៃស្រាវជ្រាវជាច្រើនទាក់ទងនឹងព្រះរាជវង្សានុវង្សកម្ពុជា និងព្រមទាំងបន្តកិច្ចការស្រាវជ្រាវបន្ថែមទៀតរបស់លោកលើប្រធានបទខាងលើ។
លោក ឆាំង យុ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគដ៏ថ្លៃថ្លារបស់លោកឯកអគ្គរាជទូតបណ្ឌិត លោកបានលើកឡើងថា៖ “ការបរិច្ចាគនេះមិនមែនត្រឹមតែជាអំណោយផ្នែកចំណេះដឹងដ៏វិសេសវិសាលមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាការបរិច្ចាគមួយសម្រាប់អនាគតនៃការអប់រំនិងការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជាដែរ។”លោកបានបន្តថាបណ្ណាល័យសាលារៀននិងមជ្ឈមណ្ឌលឯកសារស្រាវជ្រាវសព្វថ្ងៃគឺជា“ថ្នាលបណ្តុះគ្រាប់ពូជសម្រាប់អនាគតនៃប្រទេសកម្ពុជា”។

តាមរយៈទស្សនកិច្ចនិងកិច្ចពិភាក្សាលើប្រធានបទនានាជុំវិញការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រតិភូបានបង្ហាញអំពីការកោតសរសើរនិងសេចក្តីពេញចិត្តយ៉ាងក្រៃលែង។ តំណាងឲ្យប្រតិភូកិត្តិយសនិងស្ថានទូតអូស្ត្រាលី លោកឯកអគ្គរាជទូត ផាប្ល៉ូ កាង បានផ្តល់ជាចំណារអនុស្សាវរីយ៍លើសៀវភៅក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានសេចក្តីដូចតទៅ៖
“នេះជាកិត្តិយស និងបទពិសោធន៍ដ៏ប្រសើរសម្រាប់រូបខ្ញុំនិងបុគ្គលិករបស់ខ្ញុំ ដែលបានមកទស្សនា បណ្ណាល័យសម្តេចម៉ែ និងបានស្តាប់ព័ត៌មានលម្អិតបន្ថែមអំពីការងារដ៏មានសារសំខាន់បន្តបន្ទាប់របស់មជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងការចងក្រងប្រវត្តិសាស្ត្រកម្ពុជា សិក្សាពីអតីតកាល និងសញ្ចឹងទៅកាន់អនាគតប្រកបដោយភាពវិជ្ជមាន។ ខ្ញុំក៏មានសេចក្តីស្ញប់ស្ញែងដោយបានដឹងថាមជ្ឈមណ្ឌលឯកសារកម្ពុជាបានសហការជាមួយនឹងស្ថាប័នសិក្សានិងនិស្សិតអន្តរជាតិជាច្រើន។ ខ្ញុំរំពៃចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំពីស្ថានទូតរបស់យើងនាពេលអនាគតដ៏ខ្លីខាងមុខ”៕សរន


