ដោយៈ មុនីរ័ត្ន,តារារិទ្ធ/ភ្នំពេញៈ សមាជិកព្រឹទ្ធសភាម្នាក់ មន្ត្រីយោធា រួមទាំងមេឃុំមួយចំនួន សរុបចំនួន ១៧នាក់ ត្រូវបានរកឃើញមានការជាប់ពាក់ព័ន្ធការកាប់រាន និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ នៅខេត្តមណ្ឌលគិរី។មនុស្សទាំង ១៧នាក់នេះ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើទៅក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការអប់រំណែនាំ និងដាក់ពិន័យ។អ្នកទាំងអស់នេះក៏សុទ្ធតែបានទទួលស្គាល់កំហុស។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ពៅ សុធារ៉ាន់ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ត្រូវបានចាប់ខ្លួនក្នុងបទកាន់កាប់រុករានដីព្រៃ ឆ្ការដុត និង ឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ទន្ទឹមនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដើម្បីដាក់ពិន័យលោកឧត្តមសេនីយ៍ ដេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន និងនាយទាហាន នាយទាហានរង ចំនួន១២រូបទៀត។
ប្រភពបញ្ជាក់ថា មន្ត្រីយោធាទាំង១៣នាក់នេះ បានសារភាពថា ពិតជាបានកាប់ទន្ទ្រានដីព្រៃខុសច្បាប់ និងបានធ្វើកិច្ចសន្យាប្រគល់ជូនរដ្ឋវិញ ព្រមទាំងសន្យាថា នឹងចូលរួមការពារព្រៃឈើ។ ប៉ុន្ដែពាក់ព័ន្ធករណីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់គោលការណ៍ឯកភាពក្នុងការប្រគល់សមត្ថកិច្ចជូនក្រសួងការពារជាតិ ដើម្បីមានវិធានការស្របតាមច្បាប់ និងវិន័យកងយោធពលខេមរភូមិន្ទ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានសរសេរលិខិតជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីធ្វើការអប់រំ ណែនាំដល់លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ភូមិភាគ៨ ដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ នៅដែនជម្រកសត្វព្រៃកែវសីមា និងតំបន់ការពារធម្មជាតិមួយចំនួនទៀត ក្នុងខេត្តមណ្ឌលគិរី។
លិខិតរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២០បន្ទាប់ពីមាន របាយការណ៍របស់ក្រសួងបរិស្ថានស្តីពីការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនេះថា មានការពាក់ព័ន្ធនឹង ថ្នាក់ដឹកនាំ និងមន្ត្រី មួយចំនួន នៃខេត្តមណ្ឌលគិរី។ ផ្អែកតាមលទ្ធផលនៃការចុះស្រាវជ្រាវរបស់ក្រុមការងារអន្តរក្រសួង បានរកឃើញថា លោក ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ៨មានការពាក់ព័ន្ធនឹងដីព្រៃដែលរងនូវការកាប់រាននិងទន្ទ្រានកាន់កាប់ដោយខុសច្បាប់ស្ថិតក្នុងខេត្តមណ្ឌលគិរីដោយបានប្រើប្រាស់តួនាទីអំណាចនិងឥទ្ធិពលរបស់ខ្លួនជាសមាជិកព្រឹទ្ធសភាធ្វើការណែនាំដល់មន្ត្រីមូលដ្ឋានឱ្យចុះហត្ថលេខាលើឯកសារដីធ្លីដែលពុំស្របច្បាប់។
ទាក់ទងករណីនេះ សម្ដេចក្រឡហោម ស ខេង បានបញ្ជាទៅអភិបាលខេត្តមណ្ឌលគិរី ដាក់ពិន័យមេឃុំបីរូប នៅស្រុកអូររាំង និងស្រុកកែវសីមា ពាក់ព័ន្ធនឹងការកាប់រាន និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ស្ថិតក្នុងខេត្តមណ្ឌលគិរី។
មេឃុំទាំងបីរូប ដែលត្រូវដាក់ពិន័យមានដូចជា : ទី១. អ្នកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ ស្រុកអូររាំង។ ទី២. លោក ពឿប ពេ មេឃុំស្រែព្រះ ស្រុកកែវសីមា និងទី៣. លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា។ មេឃុំទាំងបីរូបនេះ ត្រូវអនុវត្តទណ្ឌកម្មវិន័យ ស្របតាមបញ្ញត្តិមាត្រ ៨៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្តត្រូវចាត់មន្ដ្រីជាតំណាងដឹកនាំកិច្ចប្រជុំដើម្បីសម្រេចបញ្ឈប់ពីមុខតំណែង ស្របតាមមាត្រា ៨៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដោយពុំទាន់គិតដល់ទោសផ្សេងទៀត។

ចំណែកករណីលោក ណយ ស្រូន សមាជិកព្រឹទ្ធសភា អ្នកនាំពាក្យព្រឹទ្ធសភា បានចេញសេចក្តីបំភ្លឺកាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ថា អនុវត្តតាមចំណាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅលើលិខិតលេខ៖ ១៦៥៣ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ របស់សម្តេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីពីការពាក់ព័ន្ធជាមួយលោក ណយ ស្រូន ក្នុងការរៀបចំឯកសារកាន់កាប់ដីទំហំ ៥៣១ហិកតា នៅក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានជួបប្រជុំ ជាមួយលោក ណយ ស្រូន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។ ក្រោមមតិណែនាំរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា លោក ណយ ស្រូន បានសុំខន្តីអភ័យទោសនូវរាល់កំហុសខុសឆ្គងទោះចេតនាក្តីឬអចេតនាក្តីពីថ្នាក់ដឹកនាំនិងដែលបានធ្វើឱ្យថ្នាក់ដឹកនាំមានការលំបាកដោយសារខ្លួន ព្រមជាមួយនេះ ក៏បានគោរពទទួលយកការអប់រំណែនាំទាំងអស់របស់សម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តមអនុប្រធានទាំងពីរព្រឹទ្ធសភា ដោយបានធ្វើលិខិតបញ្ជាក់ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឈប់ពាក់ព័ន្ធជាមួយដីទំហំ ៥៣១ហិកតានេះទៀតហើយ។

ចំណែកសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជានៅថ្ងៃទី៦ខែតុលាថា ចំពោះការងារនេះគឺខាងក្រសួងការពារជាតិបានធ្វើមួយជំហានហើយនិងមិនមានបញ្ហាអ្វីធំដុំទេ។អ្នកដែលបានប្រព្រឹត្តក៏បានសារភាពនិងបានសន្យាប្រគល់ដីទាំងអស់ជូនរដ្ឋវិញ។អ្នកផ្សេងៗអត់មានអីដែលពាក់ព័ន្ធទេ។ សម្តេចបានបញ្ជាក់ថា ការស្នើដាក់ពិន័យអី គឺយើងបានធ្វើរួចអស់ហើយ អត់មានអីទេ។ អត់មានពិន័យអីធំដុំឯណា យើងគ្រាន់តែអប់រំ និងមិនឲ្យប្រព្រឹត្តរបៀបហ្នឹងបន្តទៅទៀត ។ឲ្យរាងចាលកុំឲ្យធ្វើរបៀបហ្នឹង វាធ្វើឲ្យប៉ះពាល់បរិស្ថាន ភោគផលធម្មជាតិផ្សេងៗ៕សរន/Ha