ដោយ: ពៅនិមល/ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំលើកទី២ស្តីពីការងារជំរុញផលិតកម្មនិងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់និងទ្វេភាគី ជាលទ្ធផលក្រោមការផ្លាស់ប្តូរមតិយោបល់ និងផ្តល់ធាតុចូលសំខាន់ពីសមាជិកអង្គប្រជុំពាក់ព័ន្ធ បានឯកភាពគ្នាលើចំណុចសំខាន់ៗបី ដើម្បីនឹងធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងជាឯកសារ។

ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថាកិច្ចប្រជុំលើកទី២នេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោករដ្ឋលេខាធិការ ស៊ាង ថៃ ដោយមានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុនហ្គ្រីនត្រេដ និងមន្ត្រីពាក់ព័ន្ធជាច្រើនផ្សេងទៀតសរុបចំនួនជិត៣០នាក់ក្នុងគោលបំណងដើម្បីពិនិត្យឡើងវិញលើបញ្ជីមុខទំនិញនិងផលិតផលដែលមានសក្កានុពលរបស់កម្ពុជាសម្រាប់រៀបចំផែនការជំរុញការនាំចេញទៅទីផ្សារអន្តរជាតិក្រោមក្របខ័ណ្ឌតំបន់និងទ្វេភាគីជាពិសេសដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលគ្រោងនឹងចុះហត្ថលេខាជាមួយដៃគូទេ្វភាគី និងពហុភាគី សំដៅលើកកម្ពស់ផលិតកម្មក្នុងស្រុក និងពង្រីកទីផ្សារនាំចេញ។

ទាក់ទងចំណុចសំខាន់បីនៃកិច្ចប្រជុំនេះសម្រេចបានលទ្ធផលដូចជា៖១.សិក្សាស្រាវជ្រាវលើផលិតផលមានស្រាប់ដែលអាចនាំចេញបានភ្លាមៗ, សិក្សាស្រាវជ្រាវលើផលិតផលសក្កានុពល សម្រាប់ធ្វើការនាំចេញពេលអនាគត២.ផ្សព្វផ្សាយលទ្ធផលនៃការចរចារពាណិជ្ជកម្មដល់វិស័យឯកជន និងសុំធាតុចូលត្រឡប់វិញពីវិស័យឯកជនព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធនិងទី៣.រៀបចំបញ្ជីរាយមុខទំនិញសំខាន់ៗ និងវិភាគលើស្ថានភាពនៃការនាំចេញពេលកន្លងទៅ។

នៅក្នុងអង្គប្រជុំខាងលើនេះលោកស៊ាងថៃបានលើកឡើងពីលទ្ធផលការងារនិងការឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី១កាលពីខែកញ្ញាកន្លងទៅដូចជាការបង្កើតក្រុមការងារលេខាធិការដ្ឋាននិងក្រុមស្រាវជ្រាវឯកសារការកំណត់ទំនិញអាទិភាពនិងការកំណត់ទម្រង់រៀបចំរបាយការណ៍ដោយយកគំរូប្រហាក់ប្រហែលគោលនយោបាយដំឡូងមីកម្ពុជាជាដើម។ក្នុងនោះលោកបានស្នើសុំថ្នាក់ដឹកនាំក្រសួងពិនិត្យនិងចុះហត្ថលេខាលើប្រកាសដើម្បីបែងចែកភារកិច្ចដល់ក្រុមការងារតាមតួនាទីរៀងៗខ្លួន៕S/

