ដោយ: តារារិទ្ធ / ភ្នំពេញ: ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលានេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រគឺជាគម្រោងសួនកម្សាន្តមួយស្ថិតក្នុងខេត្ត កណ្តាលដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុ បម៉ិន ឯ.ក ជាមួយនឹងការវិនិយោគទឹកប្រាក់សរុបចំនួន ៨៥ លានដុល្លារ ។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាល័រ គឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង ដើម្បីលើកកម្ពស់វប្បធម៌ និងវិស័យទេសចរណ៍ របស់ព្រះរាជាណាចក្រកម្ពុជា។លាតសន្ធឹងលើផ្ទៃដីទំហំ១៣៦.០០០ម៉ែត្រការ៉េ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយវិស្សមកាលជាមួយនឹងទេសភាពស្រស់បំព្រងការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេសដែលរួមបញ្ចូលនូវសួនផ្កា ចម្រុះពណ៌ សួនកម្សាន្ដរីករាយ បន្ទប់ស្នាក់នៅធ្វើអំពីឈើនិងអាហារឆ្ងាញ់ៗនៅកក្នុងទីតាំងតែមួយ ។

មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រមានគម្រោងកម្សាន្តជាងដប់មុខ ក្នុងនោះរួម មានការកម្សាន្តបែបផ្សងព្រេងរំភើបកក់ក្តៅនិងពោរពេញដោយមនោសញ្ចេតនា។ នៅទីនេះមិនថាភ្ញៀវទេសចរក្នុងវ័យណាក៏ដោយសុទ្ធតែអាចរកឃើញកន្លែងរីករាយសម្រាប់ខ្លួនពួកគាត់ផ្ទាល់ ។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ សម្រេចបានយ៉ាងពិតប្រាកដនូវសួនកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ ។ មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រកងវិលកម្ពស់ ៨៨ ម៉ែត្រដែលប្រៀបដូចជាចក្ខុនៃទីក្រុងភ្នំពេញរួមជាមួយនិងពិភពទឹកកម្សាន្តព្រីនស៍ដែលមានទំហំប្រមាណ ១០០០០ ម៉ែត្រការេ៉ ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារនិងសួនរុក្ខជាតិអេកូឡូស៊ីជាដើម។
អាចនិយាយបានថា វាជាមជ្ឈមណ្ឌលកម្សាន្តខ្នាតអន្តរជាតិទី ៣ ហើយនៅក្បែររាជធានីភ្នំពេញ បន្ទាប់ពីសួនសត្វសាហ្វារីវើលនិងសួនទឹកកម្សាន្ត Garden City ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែសីហាកន្លងមកនេះ៕ ល/Ha