ទោះបីជាករណីឆ្លងវីរុសកូវីដ១៩កើនឡើងយ៉ាងខ្លាំងនៅប្រទេសម៉ាឡេស៊ីក៏ដោយ ក៏នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកមូយីតឌីន យ៉ាស៊ីន(Muhyiddin Yassin)បាននិយាយកាលពីថ្ងៃអង្គារទី៦ខែតុលាថា រដ្ឋាភិបាលមិនបានពិចារណាអនុវត្តវិធានការបិទប្រទេសជាថ្មីនោះទេ។
ដោយថ្លែងសុន្ទរកថាតាមទូរទស្សន៍លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានពន្យល់ថា ” ការធ្វើដូចនេះ(ការបិទប្រទេស)អាចនាំឱ្យមានការដួលរលំនៃប្រព័ន្ធសង្គមនិងសេដ្ឋកិច្ចរបស់ប្រទេស។
លោក បាននិយាយថា”ឥឡូវនេះយើងមិនគិតអំពីការបិទខ្ទប់ទាំងស្រុងនោះទេពីព្រោះប្រសិនបើវាត្រូវបានអនុវត្តម្តងទៀតនោះ វាអាចធ្វើឱ្យប៉ះពាល់ខ្លាំងដែលយើងខ្លាចថា វានឹងបំផ្លាញប្រព័ន្ធសង្គមនិងសេដ្ឋកិច្ចនៅប្រទេសនេះ”។
កាលពីពេលមុន បទបញ្ជាបិទខ្ទប់ ត្រូវបានអនុវត្តថ្ងៃទី១៨ខែមីនាដោយសាលារៀននិងអាជីវកម្មនានា បានបង្ខំចិត្តបិទដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ។ប៉ុន្តែក្រោយមកការបិទខ្ទប់ទាំងស្រុងនេះ ត្រូវបានបន្ធូរបន្ថយដែលធ្វើឱ្យស្ទើរតែគ្រប់វិស័យសេដ្ឋកិច្ច បន្តប្រតិបត្តិការរបស់ខ្លួនឡើងវិញ។
ការបិទក្នុងដំណាក់កាលបន្ធូរបន្ថយរបស់ប្រទេសនេះ គ្រោងនឹងអនុវត្តរហូតដល់ថ្ងៃទី ៣១ ធ្នូ។
កាលពីថ្ងៃអង្គារទី៦តុលា ម៉ាឡេស៊ីបានរាយការណ៍ករណីឆ្លងវីរុសថ្មីចំនួន៦៩១នាក់ដែលនាំប្រទេសនេះមានករណីឆ្លងសរុបចំនួន១៣.៥០៤នាក់ ហើយរហូតមក់ពេលនេះប្រទេសនេះមានអ្នកស្លាប់ដោយជំងឺនេះចំនួន១៤១នាក់៕ប្រែសម្រួល៖សុខា/sn

លោក មូយីតឌីន យ៉ាស៊ីននាយករដ្ឋមន្ត្រីម៉ាឡេស៊ី