ដោយៈ មូលសម្បត្តិ / ភ្នំពេញៈ «ពង្រឹងការអភិរក្ស និងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ» គឺជាប្រធានបទ នៃកិច្ចពិភាក្សា និងវាយតម្លៃ រៀបចំឡើងដោយ អគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ សម្រាប់សន្និបាតបូកសរុប លទ្ធផលការងារបរិស្ថាន ឆ្នាំ២០២០ និងទិសដៅការងារបរិស្ថាន ឆ្នាំ២០២១ ។ នេះបើតាមគេហទំព័រ (វេបសាយ) របស់ក្រសួងបរិស្ថាន បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែតុលា នេះ។
សិក្ខាសាលានេះ បានប្រារព្ធឡើង នាថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ស្រ៊ុន ដារិទិ្ធ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានី-ខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន ជាច្រើននាក់។

លោក គឹម ណុង អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ក្រោមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងន័យរក្សាឱ្យបាន នូវតុល្យភាព ទាំងការអភិរក្ស និងការអភិវឌ្ឍន៍ កាត់បន្ថយសម្ពាធ លើការប្រើប្រាស់ ធនធានធម្មជាតិ និងជីវៈចម្រុះ ក៏ដូចជា ការជំរុញលើកកម្ពស់ ជីវភាពរស់នៅរបស់ ប្រជាសហគមន៍មូលដ្ឋាន នៅតាមតំបន់ការពារធម្មជាតិនីមួយៗ សិក្ខាសាលា រយៈពេលពីរថ្ងៃនេះ នឹងផ្តល់ឱកាសឱ្យអ្នកពាក់ព័ន្ធ ក៏ដូចជា អ្នកចូលរួមទាំងអស់ ដែលជាអ្នកការពារ ថែរក្សា បរិស្ថាន និងធនធានធម្មជាតិ រួមគ្នាគិត និងរួមគ្នាធ្វើសកម្មភាព ឱ្យបានព្រមគ្នា ដើម្បីជំរុញកិច្ចការពារ និងថែរក្សាប្រព័ន្ធ តំបន់ការពារធម្មជាតិ ឱ្យបានកាន់តែប្រសើរ ក្នុងគោលដៅធានាគុណភាពបរិស្ថាន សុវត្ថិភាព នៃប្រព័ន្ធសេវាកម្មអេកូឡូស៊ី និងការរស់នៅ ប្រកបដោយភាពសុខដុមរមនា សម្រាប់មនុស្សគ្រប់ជំនាន់ ទាំងក្នុងក្របខណ្ឌ័សង្គមជាតិ និងសកលលោក។

នៅក្នុងឱកាសនេះ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថាៈ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យ ក្រសួងបរិស្ថាន កំណត់ទស្សនៈវិស័យ គ្រប់គ្រងព្រៃឈើ រយៈពេលវែង តាមរយៈ «ការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីវិស័យព្រៃឈើ នៅកម្រិត ០% មុនឆ្នាំ២០៤០» ដោយឈរលើការអនុវត្ត ទិសដៅជាយុទ្ធសាស្ត្រ ចំនួន ៣គឺ៖ ១.ធានាបាននូវតុល្យភាព រវាងការបំភាយ និងការស្រូបឧស្ម័ន ផ្ទះកញ្ចក់ពីវិស័យព្រៃឈើ ។ ២.បង្កើនកម្រិតជីវភាពរស់នៅ របស់ប្រជាសហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយ ការពឹងផ្អែកលើការ អាស្រ័យផលពីព្រៃឈើ ។ ៣. ពង្រឹងប្រភពផ្គត់ផ្គង់ផលិតផលឈើ និងឈើថាមពល ចេញពីចម្ការឈើដាំ ដោយត្រូវការពារព្រៃធម្មជាតិ។
លោកបានបញ្ជាក់ថាៈ បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងអនុវត្តគម្រោងរេដបូក (REDD+) ចំនួនបីកន្លែងគឺ៖ ១. នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ដលគិរី។ ២. នៅដែនជម្រកសត្វព្រៃទ្បង់ ខេត្តស្ទឹងត្រែង និង ៣. នៅតំបន់ឧទ្យានជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងកោះកុង។
ជាមួយគ្នានេះ លោកស្រ៊ុន ដារិទ្ធិ បានលើកទឹកចិត្ត ឱ្យអ្នកចូលរួមទាំងអស ក្នុងសិក្ខាសាលា ពីរថ្ងៃនេះ ជាឱកាសសម្រាប់អ្នកចូលរួមទាំងអស់ លើកយកបទពិសោធន៍ និងបញ្ហាប្រឈមនានា មកពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ដើម្បីបន្តរួមគ្នារកធាតុចូលសំខាន់ និងជាគន្លឹះ សម្រាប់ដាក់ចេញជា យុទ្ធសាស្ត្ររួម ក្នុងការគ្រប់គ្រងប្រព័ន្ធ តំបន់ការពារធម្មជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ជាឧត្តមប្រយោជន៍ ជូនដល់ប្រទេសជាតិ និងសកលលោកទាំងមូលផងដែរ។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី «ការពង្រឹងការអភិរក្ស និងគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ» សម្រាប់សន្និបាតបូកសរុប លទ្ធផលការងារបរិស្ថាន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ រៀបចំឡើង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៧ ខែតុលា ឆ្នាំ២០២០ ដោយពិនិត្យ និងវាយតម្លៃ លើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាព សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ និងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ នៅតាមប្រព័ន្ធភូមិសាស្ត្រ នៃតំបន់ការពារធម្មជាតិ ដែលក្នុងនោះរួមមាន៖ ១.ការអភិរក្សតំបន់ការពារ ធម្មជាតិដីគោក ខាងកើតទន្លេមេគង្គ ។ ២.ការអភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងជើងបឹងទន្លេសាប។ ៣.ការអភិរក្សតំបន់ការពារ ធម្មជាតិដីគោក ខាងត្បូងបឹងទន្លេសាប ។ ៤.ការអភិរក្សតំបន់ដីសើមទឹកសាប។ ៥. ការអភិរក្សតំបន់ឆ្នេរ និងសមុទ្រ និង៦.ការពង្រឹងអនុវត្តច្បាប់ នៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ សម្រាប់ដាក់ចេញទិសដៅការងារ ជាយុទ្ធសាស្ត្រ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត៕/V