លោក ម៉ូរីស៊ីយ៉ូ ប៉ូចេតទីណូ (Mauricio Pochettino) បានស្ថិតក្រោមការតាមដានរបស់ក្លិប ម៉េនឆេស្ទ័រ យូណាយធីត (Manchester United) ជាថ្មី ដោយសារតែអតីតក្លិបតូតិនហេម ( Tottenham ) របស់លោក។
ក្រុមស្ពឺរ( Spurs) បានបំបាក់ក្រុម United ៦-១ ហើយដោយសារតែទម្រង់លេងដ៏អន់របស់ក្រុម United បាននាំឲ្យមានចម្ងល់ជាថ្មីជុំវិញអនាគតរបស់លោក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) ។
ក្រុមរបស់គ្រូបង្វឹកសញ្ជាតិន័រវ៉េសរូបនេះបរាជ័យយ៉ាងអាម៉ាស់ក្នុងទឹកដី Old Trafford ហើយអាចនឹងរបូតគ្រាប់បាល់ច្រើនជាងនេះ ខណៈក្រុមរបស់លោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) សង្គត់លើក្រុម United ស្ទើរតែទាំងស្រុង។
លោក សូលស្យែរ ដែលបានដឹកនាំក្រុម United មកឈរនៅលេខរៀងទី៣នៅក្របខ័ណ្ឌ ព្រីមីញ៉េលីក និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្របខណ្ឌ Europa League កាលពី រដូវកាលមុននោះ បានត្រឹមអង្គុយមើលកូនក្រុមរបស់លោករបូត១១គ្រាប់ក្នុងការប្រកួតបើកឆាក បីប្រកួតដំបូងនៅក្របខណ្ឌព្រីមីញ៉េលីកនៅរដូវកាលនេះ។
នេះគឺជាស្ថិតិរបូតគ្រាប់បាល់ច្រើនបំផុត បន្ទាប់ពីលេងបីប្រកួត។ នៅពេលនេះ អនុប្រធាន ប្រតិបត្តិ ក្លិបលោក អេដ វូដវើដ (Ed Woodward) កំពុងរៀបផែន ការរៀបចំក្រុមឡើងវិញ។ ប៉ុន្តែលោក វូដវើដ មិនទាន់ត្រៀមបញ្ចេញគ្រូបង្វឹកសញ្ជាតិន័រវ៉េសរូបនេះចេញនៅឡើយទេ។
លោក វូដវើដ គឺជាអ្នកគាំទ្រលោក ប៉ូចេតទីណូ ហើយបានទាក់ទងទៅក្រុមការងាររបស់ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះផងដែរ។ លោក ប៉ូចេតទីណូ ដែលបានដឹកនាំក្រុម Spurs ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌឆេមពានលីកកាលពីឆ្នាំ២០១៩ មុនពេលត្រូវបានបណ្តេញ ចេញកាលពីខែវិច្ឆិកាឆ្នាំមុនមិនបានលាក់បាំងពីចេតនាចង់វិលត្រឡប់ទៅកាន់ការងារជាអ្នកដឹកនាំនោះទេ៕ ប្រែសម្រួល: ពិសិដ្ឋ
