ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍ថ្នាក់ដឹកនាំ របស់វេទិកាភាពងាយរងគ្រោះ នៃអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ស្របពេលសម័យប្រជុំ លើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ការអញ្ជើញចូលរួមរបស់ សម្តេចតេជោ ហ៊ុន សែន តបតាមការអញ្ជើញ របស់លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស និងជាប្រធានវេទិកាភាពងាយរងគ្រោះ អាកាសធាតុ (CVF)។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែតុលា នេះ បានឲ្យដឹងថាៈ នៅក្នុងបទអន្តរាគមន៍ ផ្សាយបន្តផ្ទាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងលើកឡើង អំពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃការប្រែប្រួលអាកាសធាតុ លើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសន្តិសុខ ក្នុងតំបន់ ក៏ដូចជាពិភពលោក។
សម្តេចតេជោ នឹងគូសបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់ រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាការប្រែប្រួល អាកាសធាតុ ដែលឆ្លុះបញ្ចាំង តាមរយៈការដាក់បញ្ចូល វិធានការកាត់បន្ថយផលប៉ះពាល់ ទៅក្នុងគោលនយោបាយ អភិវឌ្ឍន៍ជាតិ ដំណើរការទៅមុខ យ៉ាងឆាប់រហ័សនៅកម្ពុជា នៃក្របខ័ណ្ឌគតិយុត្ត និងបច្ចេកទេស សម្រាប់កម្មវិធីសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលកើតឡើង ដោយសារការកាប់បំផ្លាញ និងការសឹករេចរឹល នៃព្រៃឈើបូក (REDD+) និងការផ្តល់ទាន់ពេលវេលា នូវរបាយការណ៍ «បច្ចុប្បន្នភាព ស្តីពីការចូលរួមចំណែករបស់ជាតិ» ក្នុងការអនុវត្តន៍អនុសញ្ញា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (NDC Update-UNFCCC)។

សម្តេចតេជោ ហ៊ុន សែន ក៏នឹងផ្តល់អនុសាសន៍ មួយចំនួន ស្តីពីការឆ្លើយតប ឲ្យបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាព ចំពោះឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ទៅលើបរិស្ថាន សេដ្ឋកិច្ច និងសង្គម។
ក្រសួងការបរទេស បានបន្តថាៈ ក្នុងនាមជាវេទិកាពិភពលោក ដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ ដែលងាយរងគ្រោះ ដោយការប្រែប្រួលអាកាសធាតុ ព្រឹត្តិការណ៍ថ្នាក់ដឹកនាំ របស់វេទិកាភាពងាយរងគ្រោះ នៃអាកាសធាតុ នឹងមានការចូលរួមពីសំណាក់ អគ្គលេខាធិការ អង្គការសហប្រជាជាតិ ប្រមុខរដ្ឋ និងរដ្ឋាភិបាល ក៏ដូចជាដៃគូសំខាន់ៗផងដែរ។ ព្រឹត្តិការណ៍ថ្នាក់ដឹកនាំនេះ គូសបញ្ជាក់ ពីភាពបន្ទាន់នៃការធ្វើសកម្មភាព និងតម្រូវការឲ្យប្រទេសទាំងអស់ ធ្វើបច្ចុប្បន្នភាព អំពីការចូលរួមចំណែក របស់ជាតិ ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀង ទីក្រុងប៉ារីស។
វេទិកាក៏នឹងសង្កត់ធ្ងន់ លើសារសំខាន់ចាំបាច់ ក្នុងការពង្រឹងកិច្ចប្រឹងប្រែង កសាងភាពធន់នឹងអាកាសធាតុ ព្រមគ្នានឹងការឆ្លើយតបចំពោះការរាតត្បាត នៃជំងឺកូវីដ-១៩ និងការស្ដារឡើងវិញ ក្រោយពីវិបត្តិនេះ ដើម្បីរក្សាកម្លាំងសន្ទុះ នៃការងារពង្រឹងភាពស៊ាំ និងកាត់បន្ថយការខូចខាត និងការបម្លាស់ទីជម្រក បង្កឡើងដោយគ្រោះធម្មជាតិ៕/V/Ha

