ការដួលរលំនៃកិច្ចពិភាក្សាអំពីការជំរុញកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកមុនការបោះឆ្នោតបានគំរាមធ្វើឱ្យមានរលកផលប៉ះពាល់សេដ្ឋកិច្ចមួយទៀតលើជនជាតិអាម៉េរិកនិងរាំងខ្ទប់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ដែលកំពុងមានភាពយឺតយ៉ាវជាស្រេច។
ការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិកដូ ណាល់ត្រាំកាលពីថ្ងៃអង្គារទី ៦ ខែតុលាដើម្បីដើរចេញពីការចរចាជាមួយក្រុមគណបក្សប្រជាធិបតេយ្យចំពេលមានការខ្វែងគំនិតគ្នាអំពីទំហំនៃកញ្ចប់ថវិកាសង្គ្រោះ ទំនងជានឹងបញ្ចប់ឱកាសនៃការជំរុញសេដ្ឋកិច្ច មុនការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា។ ជំនួយអាចនឹងត្រូវពន្យារពេលរហូតដល់ខែមករាឬកុម្ភៈបន្ទាប់ពីសភាថ្មីត្រូវបានជ្រើសរើស ដូច្នេះមានន័យថាអាចមានរយៈពេល ៤ ឬ ៥ ខែដោយគ្មានការគាំទ្របន្ថែមសម្រាប់ជនជាតិអាម៉េរិកដែលគ្មានការងារធ្វើនិងអាជីវកម្មខ្នាតតូច។
ការសម្រេចចិត្តនេះធ្វើឱ្យការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជួបហានិភ័យនៃការជាប់គាំងនៅក្នុងត្រីមាសទីបួន ខណៈសកម្មភាពនៅតែមានកម្រិតទាបជាងកម្រិតមុនជំងឺរាតត្បាត ចំពេលដែលការរីករាលដាលខ្លាំងឡើងនៃមេរោគនិងការរង់ចាំវ៉ាក់សាំងមកដល់។
លោក ជេ រ៉ាយ ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Wells Fargo & Co និយាយថា “ដំណឹងនេះមានន័យថា កំណើនសេដ្ឋកិច្ចទំនងជានឹងធ្លាក់ចុះដល់តួលេខ១ខ្ទង់នៅក្នុងត្រីមាសទី ៤ ពីចំនួន ៣០ ភាគរយនៅក្នុងត្រីមាសទី ៣ ហើយវាធ្វើឱ្យសេដ្ឋកិច្ចងាយរងគ្រោះប្រសិនបើមានការប៉ះទង្គិចមួយផ្សេងទៀត”។
ភាគហ៊ុនអាម៉េរិកបានធ្លាក់ចុះបន្ទាប់ពីធ្វីតពេលរសៀលថ្ងៃអង្គាររបស់លោកត្រាំអំពីការដើរចេញពីការចរចានេះ ដោយទីផ្សារហ៊ុន S&P 500 បានធ្លាក់ចុះ ១,៤ ភាគរយនៅពេលបិទ បន្ទាប់ពីបានកើនឡើង ០,៧ ភាគរយនៅពេលព្រឹក៕ ដោយ៖ កញ្ញាដាលីស
