ដោយៈ មេសា/ភ្នំពេញៈ ចំពោះលោកអ្នកដែលបានតាមដានព័ត៌មានតាមរយៈរស្មីកម្ពុជា ប្រាកដជា មិនទាន់ ភ្លេចទេថា កាលពីប៉ុន្មានថ្ងៃមុននេះ យើងខ្ញុំបានលើកយករឿងរ៉ាវដំណើរ ដើមទង និង ផលប្រយោជន៍ជាលក្ខណៈ “ អានិសង្ស “ នៃ កឋិនទាន មកជម្រាបជូនហើយសន្យា ថា នឹងលើកយកមកបង្ហាញជូនលោកអ្នកបន្ថែមទៀតនូវ “ ទស្សនវិជ្ជា នៃ កឋិនទាន “ វិញម្តង ។ ដូច្នេះនៅលេខនេះ យើងខ្ញុំនឹងលើកយកមកបកស្រាយបរិយាយបង្ហាញជូនលោកអ្នកនូវ “ ទស្សនវិជ្ជា នៃ កឋិនទាន “ ដូចដែលបានសន្យាកាលគ្រាមុននោះ ។
ទស្សនវិជ្ជា កឋិនទាន ជាលក្ខណៈប្រៀបធៀប
ជាការពិតហើយថា កាលណានិយាយអំពី កឋិនទាន គេមិនអាចរំលងនូវការនិយាយអំពីការ គង់ចាំវស្សារបស់ព្រះសង្ឃឡើយ ហើយក៏ត្រូវតែជាការគង់ចាំវស្សា ដ៏ត្រឹមត្រូវតាមវិន័យបញ្ញត្តិ មានដូចជាការចូលវស្សាលើកទី ១ ( ហៅថា បុរិមិកាវស្សា គឺការចូលវស្សាលើកដំបូង ដែល ចាប់ពីថ្ងៃ ១ រោច ខែ អាសាធ រហូតដល់ ១៥ កើត ខែ អស្សុជ គឺអស់រយៈពេល ៣ ខែ គត់ ទើបចេញវស្សា ហើយបើឆ្នាំណាលើកខែ គឺមានខែ អាសាធ ពីរដងនោះ ការចូលវស្សា នេះ ធ្វើឡើងនៅថ្ងៃ ១ រោច ខែ ទុតិយាសាធ វិញ ) និង មិនបានដាច់វស្សាជាដើម ព្រោះវិន័យពុទ្ធ ប្បញ្ញត្តិបានកំណត់ច្បាស់ហើយថា ប្រសិនបើចូលវស្សាលើកទី ២ (ហៅថា បច្ឆិមិកាវស្សា គឺការចូលវស្សា លើកក្រោយ គឺរយៈពេលមួយខែ ក្រោយថ្ងៃចូលវស្សាលើកដំបូងដោយគិត ចាប់ពីថ្ងៃ ១ រោច ខែ ស្រាពណ៍ រហូតដល់ថ្ងៃ ១៥ កើតខែ កត្តិក ទើបត្រូវចេញវស្សា ។ ការចូល វស្សាលើកក្រោយនេះ ព្រះពុទ្ធ ទ្រង់អនុញ្ញាតដល់ សាវ័កក្រែងមានកិច្ចរវល់ប្រការណា មួយ ដែលពុំអាច ចូលវស្សាទី ១ ឲ្យចូល វស្សាទី ២ នេះបាន ) មិនអាចទទួល កឋិន បានទេ ( ព្រោះថ្ងៃភិក្ខុ អង្គណា កំពុងចាំវស្សា មិនអាចទទួល កឋិន បានទេ លុះ ណាតែបាន ចេញវស្សា សិន ប៉ុន្តែ ១៥ កើត ខែ កត្តិក ជាថ្ងៃចេញវស្សា របស់ភិក្ខុដែលចូលវស្សាលើកទី ២ នោះ ក៏គឺជាថ្ងៃដែលផុតកំណត់ កឋិនកាល ដែរ ) ហើយប្រសិនបើបានចូលវស្សា លើកទី ១ ប៉ុន្តែ ភិក្ខុរូបនោះ បានធ្វើឱ្យដាច់វស្សា ក៏មិនអាចទទួល កឋិន បានដែរ ។
រីឯរបៀបធ្វើកឋិន ទៀតសោត ក៏មិនមែនចេះតែធ្វើដូចទានដទៃឡើយ គឺ កឋិនទាន ត្រូវតែធ្វើឡើងដោយមានក្បួនខ្នាតច្បាស់លាស់ តាំងពីវត្ថុ គឺ សំពត់ ត្រូវតែប្រកប ដោយខ្នាតប្រកបដោយ រង្វាស់ ទាំងអ្នកទទួល និង អ្នកក្រាលគ្រង អ្នកអនុមោទនា និង ពេលវេលា នៃ ការធ្វើ កឋិន ជាដើម គឺសុទ្ធតែមានក្រឹត្យក្រមច្បាស់លាស់ ដែលអ្នកពាក់ព័ន្ធទាំងឡាយត្រូវគោរពប្រតិបត្តិ ឱ្យបានត្រឹមត្រូវ ។ ជាសរុបទៅ ករណីចំនួន ២ គឺការគង់ចាំវស្សា ក្តី បែបបទ នៃ ការធ្វើ កឋិន ក្តី គឺសុទ្ធតែធ្វើឱ្យបានត្រឹមត្រូវតាមវិន័យពុទ្ធប្បញ្ញត្តិ ដែលគេអាចហៅម្យ៉ាងទៀតថា ជាទាន ដែលត្រូវតែគោរពច្បាប់ ។
ម្យ៉ាងទៀត បើទោះបីជា ព្រះសង្ឃ បានគង់ចាំវស្សាលើកទី ១ និង ចាំវស្សា បានជាប់លាប់ ពោលគឺ មិនបានដាច់វស្សា ឬ និយាយថា បានគង់ចាំវស្សា ត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិហើយក្តី ប៉ុន្តែប្រសិនបើមានជម្លោះឈ្លោះទាស់ទែងគ្នានៅក្នុងអាវាសនោះ ក៏មិនអាចធ្វើឡើងជា កឋិន បានដែរ ។ ហេតុនេះ ទន្ទឹមនឹងការគង់ចាំវស្សាបានត្រឹមត្រូវហើយក៏ត្រូវតែចៀសវាងជម្លោះទាស់ ទែងគ្នា ក្នុងចំណោមព្រះសង្ឃ និង ព្រះសង្ឃ ក៏ដូចជារវាងព្រះសង្ឃ និងបរិស័ទ ដែរ ហើយ ប្រសិនបើមានទំនាស់កើតឡើងក្នុងបរិបទនេះ ព្រះសង្ឃក្នុងវត្តនោះ ត្រូវរកដំណោះស្រាយ រម្ងាប់អធិករណ៍នោះឱ្យចប់សព្វគ្រប់ជាមុនសិន ទើបអាចទទួល កឋិន បាន ។
សួរថា ប្រសិនបើមានជម្លោះទំនាស់ទាស់ទែងគ្នា នៅក្នុងវត្តនោះ អាចជារវាង ព្រះសង្ឃ និង ព្រះសង្ឃ ឬ រវាងព្រះសង្ឃ និង បរិស័ទ ប៉ុន្តែគេមិនទាន់បានរកដំណោះស្រាយ ដើម្បីដោះ ស្រាយលជម្លោះ ឱ្យត្រលប់ទៅរកប្រក្រតីភាពឡើងវិញទេ ប៉ុន្តែទាយកនៅតែហែ ឬ នាំយក កឋិន ចូលវត្តនោះ ហើយព្រះសង្ឃក្នុងវត្តនោះ នៅតែទទួល កឋិន នោះ តែនោះឈ្មោះ កឋិន ដែរ ឬ ទេ ?
បើតាមវិន័យពុទ្ធប្បញ្ញត្តិ ចម្លើយគឺថា “ ទេ មិនឡើងជា កឋិន ទេ បើទោះបីជាគេបានរៀបចំចាត់ ចែង ដែលមនុស្សទាំងពួងមើលទៅឃើញថា នោះគឺជា កឋិន ក្តី ក៏ប៉ុន្តែធាតុ វាគ្រាន់តែមានរូប រាងជា កឋិន ប៉ុណ្ណោះ ប៉ុន្តែវាមិនអាចឡើងទៅជា កឋិន បានឡើយ គឺវាគ្រាន់តែជា ចីវរទាន ធម្មតា“ , ហេតុអ្វី ? ចម្លើយ គឺដោយសារវត្តនោះ នៅមានជម្លោះ ឬ មិនទាន់បានរម្ងាប់ជម្លោះ ដែលជាកាតព្វកិច្ចដ៏ចាំបាច់បំផុតមួយដែលត្រូវតែធ្វើ នោះនៅឡើយ ។ កឋិន គឺបែបនេះឯង ជាដើម ពោលគឺត្រូវតែគោរពច្បាប់ គឺវិន័យដែលបានកំណត់ ។
នេះមិនទាន់ពោលដល់ សាមគ្គីភាព នៃ ទាយក គឺពួកអ្នកធ្វើកឋិន ( ជាគ្រហស្ថ ឬ ជាបព្វជិត ក៏អាចធ្វើជាម្ចាស់ កឋិន បានដែរ ) ដៃលជាម្ចាស់ កឋិនទាន នៅឡើយផងទេ ។ ចំពោះ ៣ ករណីដូចដែលបានលើកឡើងមកនេះ ត្រូវបាន ព្រះភិក្ខុ សឿ ហេង ព្រឹទ្ធបុរសរង នៃ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ពន្យល់យ៉ាងសង្ខេបថា “ សាមគ្គីភាព ឬ ភាពចុះសម្រុង សម្រុះសម្រួល ផ្សះផ្សា និង ការគោរពច្បាប់ យ៉ាងត្រឹមត្រូវ គឺជាទស្សនវិជ្ជា ដ៏សំខាន់ៗ បង្កប់នៅក្នុងកិច្ច នៃ កឋិន “ ។
ព្រះមហាសមណៈ ខេមរបញ្ញវន្ត សឿ ហេង បានបន្ថែមថា “ ក្នុងន័យនេះ ប្រសិនបើគេប្រៀប ធៀប ទៅនឹងមនុស្សគ្រប់គ្នា និង ទៅសង្គមវិញ បានសេចក្តីថា បុគ្គលម្នាក់ៗ ក្រុម ឬ សហគមន៍ នីមួយ ប្រទេសជាតិ មួយ ចង់សម្រេចបានរបស់អ្វីម្យ៉ាង គេត្រូវតែមានសមត្ថភាពបំពេញ លក្ខន្តិកៈដែលតម្រូវឱ្យមាន ចង់បានប្រទេសជាតិមួយស៊ីវិល័យ មានសុខសន្តិភាព ប្រកបដោយ ភាពថ្លៃថ្នូរ និង ការអភិវឌ្ឍជឿនលឿន នោះ បុគ្គលទាំងនោះ ក្រុមទាំងនោះ និង ប្រជាជន នៃ ប្រទេសនោះ ត្រូវតែប្រកាន់ខ្ជាប់នូវសាមគ្គីភាព និង គោរពច្បាប់នានា របស់ក្រុម ច្បាប់របស់ សង្គម ច្បាប់របស់ស្ថាប័ន និង ច្បាប់ជាតិ ជាដើមផង រាប់ចាប់ពីច្បាប់ចរាចរណ៍ឡើងទៅ “ ។
ទស្សនៈវិជ្ជាដ៏សំខាន់ មួយទៀត ដែលបង្កប់នៅក្នុង កឋិនទាន ដែរ គឺជាការបែងចែងធនធានឱ្យចំ គោលដៅ គឺទៅឱ្យអ្នកដែលត្រូវការពិតប្រាកដ ដោយគ្មានការប្រកាន់រើសអើង និង ធ្វើឱ្យមនុស្ស មានភាពប៉ិនប្រសប់ ជាអ្នកឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ ចេះឈ្វេងយល់ឱ្យបានច្បាស់ លាស់ នូវអ្វីដែលខ្លួនបានសិក្សារៀនសូត្រ ពោលគឺជាមនុស្សដែលមានសមត្ថភាពពិតប្រាកដ នៅក្នុងផ្នែកណាមួយដែលខ្លួនប្រកប ឬ ធ្វើ ។
ចំពោះករណីនេះ ព្រះភិក្ខុ សឿ ហេង បានពន្យល់ថា “ ព្រះវិន័យ បានកំណត់ថា សំពត់កឋិន ត្រូវផ្តល់អាទិភាពទៅឱ្យភិក្ខុអង្គណា ដែលមានចីវរទុព្វលភាព ពោលគឺចីចវរ ចាស់ និង ជាអ្នកកឆ្លៀវឆ្លាសក្នុងវិន័យកិច្ច ដោយគ្មានការប្រកាន់រើសអើងថាភិក្ខុនោះជាតិសាសន៍អ្វី មានសាវតារ ឬ ចេញមកពីប្រភពណា ជាអ្នកមានកិត្តិយស កិត្តិនាម ឬ ឥតកិត្តិយស កិត្តិនាម ឡើយ ឱ្យតែភិក្ខុរូបនោះ ពិតជាមានសេចក្តីត្រូវការ ( ចីវរចាស់ ) ជាអ្នកចេះចាំយល់ដឹងច្បាស់ លាស់ក្នុងកិច្ច នៃ វិន័យ ពោលគឺជាឈ្លាសវៃ ក្នុងកិច្ចនានា នៃ កឋិនត្ថារកិច្ចដែលបានកំណត់ ដោយព្រះវិន័យ និង ជាអ្នកបានប្រតិបត្តិបានយ៉ាងត្រឹមត្រូវនូវកិច្ចទាំងឡាយ (ដូចដែលបាន លើកឡើងខាងមុននេះ ) ដូចជាការចាំវស្សា និង គ្មានជម្លោះជាដើម ។ ប្រាកដហើយថា ដើម្បី អាចធ្វើបែបនោះទៅបាន លុះណាតែគេបានខិតខំគិតគូរយកចិត្តទុកដាក់ ក្នុងការសិក្សា រៀនសូត្រ រហូតក្លាយជាមនុស្សមានសមត្ថភាពពិតប្រាកដ គឺនោះឯងហើយដែលជាទស្សន វិជ្ជាមួយទៀត ដែលបង្កប់នៅក្នុង កឋិន “ ។
នៅមានទស្សនវិជ្ជាដ៏សំខាន់មួយទៀតដែលបង្កប់នៅក្នុង កឋិន ដែរ គឺ សមភាព ឬ ភាពស្មើគ្នា ព្រោះទាំងអ្នកធ្វើ ទាំងអ្នកទទួល ទោះមាន ទោះក្រ ទោះតូច ទោះធំ ក្តី សុទ្ធតែអាចធ្វើ និង ទទួលកឋិន បានអានិសង្សស្មើៗគ្នា ដែលក្នុងករណីនេះ ព្រះភិក្ខុ សឿ ហេង ពន្យល់ថា “ បុគ្គលម្នាក់ជានរណា មកពីណា មានឋានៈអ្វី ទ្រព្យសម្បត្តិ ប៉ុន្មាននោះ គឺជារឿងមួយ ប៉ុន្តែ អត្ថន័យ ដែលព្រះសម្មាសម្ពុទ្ធបង្កប់នៅក្នុង កឋិន នោះគឺថា បុគ្គលនោះ ធ្វើអ្វី ធ្វើរបៀបណា ធ្វើចំពោះនរណា ទើបជារឿងសំខាន់ពិតមែន “ ។
ទស្សនវិជ្ជា ដែលត្រូវបានលើកឡើងដោយសង្ខេបខាងលើមកនេះ ត្រូវបានបញ្ញវន្តទាំងឡាយ លើកឡើងប្រហាក់ប្រហែលគ្នាថា គឺជាអ្វីដែល សង្គម នៃ មនុស្សជាតិ ( មិនថាជាតិសាសន៍ ណាក៏ដោយ ) អាចប្រៀបធៀប សិក្សារៀនសូត្រ និង យកជាគំរូអនុវត្តពិសោធបាន ដើម្បី ភាពសុខសាន្តត្រាណ និង វឌ្ឍនភាព ។
គុណប្រយោជន៍ នៃកឋិនទាន ជាលក្ខណៈសង្គម វប្បធម៌ និងសេដ្ឋកិច្ច
កឋិនទាន ក៏ត្រូវបានមើលឃើញផងដែរថា បានរួមចំណែករក្សាអភិរក្សរសិល្បៈប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ នៃ ជាតិសាសន៍នីមួយៗតាមរយៈក្បាច់ចម្លាក់ដែលគេប្រើប្រាស់ ក្នុងបរិបទ កឋិន ដោយរាប់ចាប់តាំងពីការតុបតែងរោងបុណ្យ ការវេចខ្ចប់សំពត់ត្រៃចីវរ និង សិល្បៈនានា ដែលគេប្រើប្រាស់នៅក្នុងពិធីបុណ្យកឋិន ដូចជា ភ្លេងពិណ្ណពាទ្យ ឆៃយ៉ាំ ( អាចមានដល់ល្ខោន ឬ អាយ៉ៃ ) និង សម្លៀកបំពាក់ ដែលគេស្លៀកពាក់ក្នុងពេលហែកឋិន ជាដើម ដែលរបស់ទាំងនោះ កម្រអវត្តមានពីក្នុងពិធី កឋិនទាន ណាស់ ។ នេះយើងមិន ទាន់ពោលដល់ថា ដើម្បី បានធ្វើកឋិន គេត្រូវសម្អាតទីតាំង ដែលត្រូវធ្វើ និង ទទួល ជាមុនសិន ដែលហៅថា បរិស្ថាន នៅឡើយផងទេ ។
កឋិន ក៏ បានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចមានដំណើរការដែរ តាមរយៈធ្វើឱ្យមានការទិញ និង លក់ ឬដោះដូរ ព្រោះក្នុងពិធីបុណ្យកឋិននីមួយៗមានតម្រូវការច្រើនរាប់ចាប់ពីត្រៃចីវររបស់របរ ផ្សេងៗ ដែលជាបរិវារ កឋិន ដូចជា គ្រែ កន្ទេល មុង ភួយ ខ្នើយ មួយអន្លើដោយរបស់ប្រើប្រាស់ ផ្សេងៗ ដូចជា ទៀន ធូប ថ្នាំដុសធ្មេញ ថ្នាំពេទ្យ ភេជ្ជៈ អាហារ ផ្លែឈើ នំចំណី ត្រី សាច់ បន្លបង្កា ជាដើម ដែលត្រូវការជាចាំបាច់សម្រាប់ប្រាស់ក្នុង ពិធី កឋិន ។
បើគេក្រឡេកមើលមកក្នុងបរិបទបច្ចុប្បននេះវិញ គិតត្រឹមតែរោងបុណ្យ មួយមុខ ក៏អាចបង្កើត បានជាការងារ និងប្រាក់ចំណូលយ៉ាងសមរម្យដល់មនុស្សមួយចំនួនដែរ ។ នេះមិនទាន់គិត ដល់តម្រូវការផ្សេងៗជាច្រើនទៀត ដូចជាមធ្យោបាយ នៃ ការធ្វើដំណើរទៅកាន់គោលដៅ នានា នៃ ការធ្វើបុណ្យកឋិន នៅឡើយផង ។
លើសពីនេះទៅ ធនធាននានាដែលកើតឡើងព្រមជាមួយ អង្គកឋិន ដែលគេហៅថា បរិវារ កឋិន មានដូចជាថវិកា ឬ បច្ច័យសង្កត់ត្រៃ ក៏ត្រូវបានគេយកទៅប្រើ ដើម្បី ជាប្រយោជន៍រួម ដូចជា កសាងវត្តអារាម ស្ពានថ្នល់ សាលារៀន ស្រះទឹក សាលា សំណាក់ និងហេដ្ឋារចនាសម្ព័ន្ធ នៅតាមសហគមន៍ ភូមិ ស្រុក ជាដើម ខណៈ ស្បៀង អាហារ ដែលក្នុងនោះមានដូចជា អង្ករ ជាដើម ក្រៅពីរក្សាទុកផ្គត់ផ្គង់តម្រូវការក្នុងវត្ត ហើយក្នុងវត្តនោះទៀតសោត រាប់ចាប់ពីព្រះសង្ឃ ដូនជី តាជី សិស្ស និស្សិត និង កុមារកំព្រា ជាដើម គឺសុទ្ធតែត្រូវការរបស់របស់ទាំងនោះជា ចាំបាច់ទៅ គេក៏តែងតែ បានចាត់ចែង ស្បៀង អាហារ ទាំងនោះមួយផ្នែកសម្រាប់យកទៅ ជួយដល់អ្នកដែលកំពុងខ្វះខាត កំពុងត្រូវការ ដូចជាមណ្ឌលកុមារកំព្រា ឬអ្នករងគ្រោះដោយ មហន្តរាយផ្សេងៗ មានគ្រោះទឹកជំនន់ និង គ្រោះរាំងស្ងួត ជាដើម ហើយក្នុងបិរបទនេះ គេអាចកត់សម្គាល់បានតាមរយៈសកម្មភាពជាច្រើន ដែលពេលខ្លះ គឺព្រះសង្ឃ និង អាចារ្យ គណៈកម្មការវត្ត ជាអ្នកយកទៅផ្តល់ជូនដោយផ្ទាល់ ហើយពេលខ្លះត្រូវបានផ្តល់តាមរយៈ ស្ថាប័នមនុស្សធម៌ មាន កាកបាទក្រហម ជាដើម ។
គប្បីបញ្ជាក់ថា កឋិនកាល ពោលគឺរយៈកាល នៃ ការធ្វើកឋិន ក្នុង ១ ឆ្នាំ មានតែរយៈពេល ២៩ ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃ ០១ រោច ខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក ដែលឆ្នាំ ២០២០ នេះ ត្រូវនឹងថ្ងៃទី ០៣ ដល់ថ្ងៃទី ៣១ ខែ តុលា ៕