ដោយ: គូលែន / សៀមរាប: បុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងជាសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរាម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពេលដែលសមត្ថកិច្ចចម្រុះត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះតាមដងផ្លូវ ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន។
ករណីឃាត់ឃាត់ខ្លួនបុគ្គលិកអាជ្ញាធរជាតិអប្សរាខាងលើ បានធ្វើឡើងកាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ខណៈសមត្ថកិច្ចនគរបាលកំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវ ស្ថិតនៅចំណុច កែងអាវុធហត្ថក្រុងសៀមរាបចាស់ នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចបាននិយាយថា ជនសង្ស័យ ឈ្មោះ សៀវ សុមិត្រា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងជាសហប្រតិបត្តិការ នៃអាជ្ញាធរអប្សារា រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ករណីឃាត់ខ្លួននេះ គឺនៅពេលកំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវ ហើយបានឆែកក្រោមកែបម៉ូតូ ឃើញមានដែកកេះកែច្នៃចំនួន០២ (ពណ៌លឿង១ ខៀវ១)។
សមត្ថកិច្ចបានបន្តថា ក្រោយពីឃាត់ខ្លួនមន្ត្រីអាជ្ញាធរអប្សរា យកមកសួរនាំនៅប៉ុស្តិ៍នគរបាលគោកចក ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញឿនប្រភេទម៉ាទឹកកក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ តាមលទ្ធផលតេស្តទឹកនោមមានសញ្ញាវិជ្ជមាន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ល