ដោយៈ រ៉ូហ្សា / ភ្នំពេញៈ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serir by Cell card សម្រាប់យប់ថ្ងៃទី១០ តុលា ខាងមុខនេះ អ្នកប្រដាល់ ២ រូបទៀតហើយ ដែលនឹងត្រូវប្រជែងគ្នា ដណ្ដើមកៅអី សម្រាប់ឡើងទៅប្រកួត វគ្គជម្រុះជុំទី២ បន្តទៀត ។
អ្នកប្រដាល់ សាន់ សំអុន ក្លិបអារុណរះកីឡា ត្រូវតស៊ូជាមួយអ្នកប្រដាល់ ឌឺផាន ផាន់ណាត់ របស់ក្លិបបញ្ជាការដ្ឋានទ័ពពិសេស ។ អ្នកប្រដាល់ទាំង ២ រូបនេះ សុទ្ធតែបោះ សំដីក្អេងក្អាង មុនពេលប្រកួតថា ពួកគេ សុទ្ធជាអ្នកខ្លាំង ត្រូវតែប្រជែងយកកៅអី សម្រាប់ឡើងទៅប្រកួតបន្ត វគ្គជម្រុះជុំទី២ ឲ្យបានដូចគ្នា ។
ទំនងជា សុទ្ធតែត្រៀមខ្លួន បានល្អដូចគ្នា ហើយមើលទៅ បានជាហ៊ានលេងសំដី ផ្លែផ្កាដាក់គ្នាបែបនេះ ។ តាមពិតពួកគេ ទាំង ២ រូប សុទ្ធតែជា អ្នកប្រដាល់ជើងថ្មី ប៉ុណ្ណោះ តែគេធ្លាប់ឆ្លងកាត់ ការប្រកួតបានច្រើន គួរសមដែរ ។ សាន់ សំអុន ជាអ្នកប្រដាល់ ដែលច្បាស់ខាងកណ្ដាប់ដៃ ចំពោះផាន ផាន់ណាត់ គេមានផ្លែវ៉ៃ បានល្អទាំងព្រមតែម្ដង ។ នរណា ជាអ្នកមានសមត្ថភាព ពិតប្រាកដ ក្នុងការប្រជែងយកកៅអី នៅវគ្គជម្រុះជុំទី២ ? ។
សូមបញ្ជាក់ថា សាន់ សំអុន មានប្រវត្តិប្រកួត ចំនួន៣១ដង ឈ្នះ២៥ដង ចាញ់៥ដង និងស្មើពិន្ទុ១ដង ។ ចំពោះ ផាន ផាន់ណាត់ វិញ គេមានប្រវត្តិប្រកួត ចំនួន២១ដង ឈ្នះ១៦ដង និងចាញ់៥ដង។ នរណាខ្លាំង ពិតប្រាកដ? ។
ចំពោះគូប្រកួត ក្រៅព្រឹត្តិការណ៍ពានរង្វាន់ វិញនោះ ប៊ន ពន្លឹក ក្លិបនាគរាជចតុមុខ ប្រកួតជាមួយ អ្នកប្រដាល់ ផន សុខវិបុល មកពីក្លិបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ។ អ្នកប្រដាល់វ័យក្មេងទាំង ២ រូបនេះ សុទ្ធតែជាអ្នកខ្លាំងដូចគ្នា គេវ៉ៃចូលចិត្តប្ដូរ និងព្យាយាមប្រើពេលវេលាខ្លី ដើម្បីផ្ដួលគូប្រកួត ។ នរណា ជាអ្នកឈ្នះ តែរវាងអ្នកប្រដាល់ទាំង ២ រូបនេះ ទាំងអ្នកឈ្នះ ទាំងអ្នកចាញ់ ប្រាកដជាទ្រមខ្លួនដូចគ្នា ជាមិនខានឡើយ ។
អ្នកប្រដាល់ជើងចាស់ សេន កុសល ក្លិបមោងឫស្សីមរតកគុនខ្មែរ ប្រកួតជាមួយ អ្នកប្រដាល់ជើងថ្មី តុប ផេង របស់ក្លិបកុលបុត្រគុនខ្មែរ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ នរណា ក៏ដឹងដែរថា សេន កុសល ជាជើងខ្លាំងមួយរូប តែសម្រាប់ តុប ផេង ក៏ទំនងជាមិនខ្សោយដែរ ទើបគេហ៊ានតស៊ូ ជាមួយ កុសល បែបនេះ ។ ចាំមើល នរណា ជាអ្នកខ្លាំងពិតប្រាកដ ។
ជើងខ្លាំង ធន អៀងឡេង ក្លិបកងយោធពលខេមរភូមិន្ទ ប្រកួតជាមួយ អ្នកប្រដាល់ សាន់ ហាយឡាយ ក្លិបយុវវាលស្បូវ ខ័ណ្ឌច្បារអំពៅ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ៕/V