Home ព័ត៌មានអន្តរជាតិ ការនាំចេញអង្ក...

ការនាំចេញអង្កររបស់ឥណ្ឌាអាចហក់ឡើងដល់កម្រិតឯតទគ្គកម្មដោយសារថៃកំពុងជួបគ្រោះរាំងស្ងួត

ក្រុមមន្រ្តីឧស្សាហកម្មបាននិយាយនៅសប្តាហ៍នេះថាការនាំចេញអង្កររបស់ឥណ្ឌាក្នុងឆ្នាំ ២០២០ អាចនឹងកើនឡើងជិត ៤២ ភាគរយពីមួយឆ្នាំមុនដល់ចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ដោយសារតែការថយចុះការនាំចេញពីគូប្រជែងនិងតម្លៃប្រាក់រូពីធ្លាក់ចុះ។

ការនាំចេញខ្ពស់ជាងមុនពីឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំជាងគេនៅលើពិភពលោកអាចធ្វើឱ្យធ្លាក់ចុះតម្លៃអង្ករពិភពលោក កាត់បន្ថយការស្តុកទុកអង្ករហួសប្រមាណរបស់ប្រទេស និង ជួយសម្រាលបន្ទុកដល់រដ្ឋាភិបាលឥណ្ឌាក្នុងការទិញអង្ករស្តុកទុកពីកសិករ។

លោក គ្រីស្នា រ៉ាវ ប្រធានសមាគមអ្នកនាំចេញអង្ករ បាននិយាយថាការនាំចេញអង្កររបស់ឥណ្ឌាអាចនឹងកើនឡើងដល់ ១៤ លានតោននៅឆ្នាំ ២០២០ ពោលគឺកើនឡើងពីឆ្នាំមុនចំនួន ៩,៩ លានតោន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៨ ឆ្នាំ។

លោករ៉ាវនិយាយថា “ការនាំចេញរបស់ថៃកំពុងតែធ្លាក់ចុះដោយសារគ្រោះរាំងស្ងួត។ វៀតណាមកំពុងជួបការលំបាកដោយសារតែទិន្នផលទាប។ ចំណែកទីផ្សារជាធម្មតានឹងបានមកឥណ្ឌា”។

ថៃដែលជាប្រទេសនាំចេញអង្ករធំជាងគេទីពីរលើពិភពលោកបានទទួលរងនូវគ្រោះរាំងស្ងួតកាលពីដើមឆ្នាំនេះដែលបានជះឥទ្ធិពលដល់ដំណាំស្រូវ។ ការនាំចេញក្នុងឆ្នាំ ២០២០ អាចនឹងធ្លាក់មកនៅត្រឹម ៦,៥ លានតោនដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២០ ឆ្នាំ។

វៀតណាមដែលជាប្រទេសនាំចេញអង្ករធំជាងគេទីបីរបស់ពិភពលោកបានប្រឈមនឹងកម្រិតទឹកទាបនៅតំបន់ដីសណ្តទន្លេមេគង្គដែលជាតំបន់ដាំស្រូវដ៏សំខាន់របស់ប្រទេសនេះ ជាហេតុនាំឱ្យមានការផ្គត់ផ្គង់អង្ករមានកម្រិត។

ឥណ្ឌាភាគច្រើននាំចេញអង្ករមិនមែនគ្រាប់វែងៗទៅកាន់ប្រទេសបង់ក្លាដែស នេប៉ាល់ ប៉េណាំង និងសេណេហ្កាល់ និងនាំចេញអង្ករល្អគ្រាប់វែងៗទៅកាន់ប្រទេសអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និង អ៊ីរ៉ាក់៕ ដោយ ៖ កញ្ញាដាលីស

អង្ករឥណ្ឌាអាចនាំចេញដល់ទៅ១៤លានតោននៅឆ្នាំ២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular