តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិលោក ហ្សាង ជុន កាលពីថ្ងៃអង្គារទី០៦តុលា បានច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានប្រឆាំងចិនលើបញ្ហាពាក់ព័ន្ធនឹងតំបន់ស៊ីនជាំងនិងហុងកុងពីសំណាក់អាម៉េរិកនិងប្រទេសដទៃទៀត។

ថ្លែងនៅអង្គការសហប្រជាជាតិ លោកហ្សាងបានច្រានចោលយ៉ាងដាច់ខាតសេចក្តីថ្លែងការណ៍របស់ពួកគេនិងអំពើជ្រៀតជ្រែកយ៉ាងខុសឆ្គងមកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ជាមួយនឹងលេសសិទ្ធិមនុស្សនិងបង្កការប្រឈមមុខក្នុងចំណោមសមាជិកក្រុមប្រឹក្សានៅឯអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ អាម៉េរិក ជប៉ុននិងប្រជាជាតិអឺរ៉ុបជាច្រើន បានអំពាវនាវអោយចិនគោរពសិទ្ធិរបស់ក្រុមជនជាតិភាគតិច អ៊ុយហ្គួរ និងក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅហុងកុង។
ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ ប្រចាំអង្គការសហប្រជាជាតិបាននិយាយថា «យើងអំពាវនាវអោយចិនគោរពសិទ្ធិមនុស្ស ទាក់ទងនឹងខាងសាសនានិងជនជាតិភាគតិចជាពិសេសនៅតំបន់ស៊ីនជាំងនិងទីបេតិ៍»។
ក្នុងចំណោមប្រទេសហត្ថលេខីចំនួន៣៩ រួមមានសហរដ្ឋអាម៉េរិក សមាជិកសហភាពអឺរ៉ុបភាគច្រើន ដូចជាអាល់បានីហៃទី និងបូស្នី ព្រមទាំងកាណាដា ហុងឌុយរ៉ាស ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់។
សេចក្តីប្រកាសបាននិយាយថា «យើងព្រួយបារម្ភជាខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅស៊ីនជាំង និងដំណើរវិវត្តន៍ថ្មីៗនៅហុងកុង។យើងអំពាវនាវអោយចិនអនុញ្ញាតអោយអ្នកសង្កេតការណ៍ឯករាជ្យចូលទៅកាន់តំបន់ស៊ីនជាំង រួមមានស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសំរាប់សិទ្ធិមនុស្ស»។
តែតំណាងចិនលោកហ្សាងបាននិយាយថា ពិភពលោកសព្វថ្ងៃស្ថិតនៅត្រង់ផ្លូវបំបែកដ៏សំខាន់មួយជាមួយនឹងការប្រឈមដ៏ធំ។សមាជិកអង្គការសហប្រជាជាតិទើបប្រារព្វខួបទី៧៥នៃការបង្កើតអង្គការសហប្រជាជាតិ។ពួកមេដឹកនាំពិភពលោកបានអំពាវនាវអោយមានសាមគ្គីភាពនិងកិច្ចសហការនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ និងប្រឈមដោះស្រាយការប្រឈបសកលដទៃទៀត។
លោកបានបន្តថា អាម៉េរិក អាឡឺម៉ង់និងអង់គ្លសេមិនអើពើការអំពាវនាវពីគ្រប់ភាគី និងគិតតែបង្កការប្រឆាំងគ្នា។ពួកគេរំលោភវេទិកាសហប្រជាជាតិ យកបញ្ហាសិទ្ធិមនុស្សធ្វើជារឿងនយោបាយ និងបង្កការប្រឈមមុខនយោបាយ។ពួកគេសាបព្រួសព័ត៌មានមិនពិត និងវីរុសនយោបាយ មួលបង្កាច់ចិន ហើយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ចិនសូមប្រឆាំងជំទាស់យ៉ាងមុតមាំ៕ប្រែសម្រួល៖វាសនា