មេធាវី​ដាក់ពាក្យ​ស្នើសុំ​តុលា​ការឱ្យ លោក គឹម សុខ នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ​

1503
ចែករម្លែក

(​ភ្នំពេញ​) ៖ នៅ​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី​ឱ្យ លោក គឹម សុខ​បាន​យកពាក្យ​ស្នើសុំ​​ឱ្យ​កូនក្តី​របស់លោក​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ទៅ​ដា​ក់នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​ ​
​ក្នុង​លិខិត​ស្នើសុំ​នៅក្រៅ​ឃុំ​នេះ លោក​ជួង ជូ​ងី បានសរសេរថា មកដល់ពេលនេះ ការស៊ើបអង្កេត ត្រូវបាន​បំពេញ​ចប់សព្វគ្រប់​អស់ហើយ ហើយ​សំណុំរឿង​ត្រូវបាន​បញ្ជូនទៅ​ជំនុំជម្រះ និង​បានកំណត់​កាលបរិច្ឆេទ​សវនាការ​រួចហើយ​ដែរ ដូចនេះ មិនមាន​ភាពចាំបាច់​ត្រូវ​រក្សា​​លោក គឹម សុខ ដើម្បី​បន្ត​ការស៊ើបអង្កេត​ទៀត​នោះដែរ​។​
​ ​
​លោក គឹម សុខ ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំខ្លួន ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោយពេល​សាកសួរ តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ចំពោះ​ការ​ចោទ​គណបក្ស​ប្រជាជន​​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម ឡី​។ លោក​ត្រូវបាន​តំណាង​អយ្យការ ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​​ឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​។​

​យ៉ាងណាក៏ដោយ​ការអនុញ្ញាតិ​អោយ​អ្នកវិភាគ​រូបនេះ​នៅក្រៅ​ឃុំ​ហាក់​ពិបាក​បន្តិច​ដោយសារតែ ពេល​សវនាការ​កាត់ទោស លោក នឹងធ្វើ​​ឡើង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​៕ ​ដោយ ៖វិបុល

ទីតាំងផ្សាយពាណិជ្ជកម្ម