ដោយៈលី ម៉េងហួរ/ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានប្រកាសសុំទោស ទុកជាមុន ដោយសារស្ថានភាពសេដ្ឋកិច្ច មិនច្បាស់លាស់នោះ ការដំឡើងប្រាក់បៀវត្សរ៍ សម្រាប់មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធ សម្រាប់ឆ្នាំ២០២១ នឹងត្រូវផ្អាកដោយរក្សាទុក នូវប្រាក់បៀវត្សរ៍ដដែល។ តែប្រាក់ឧបត្ថម្ភ សម្រាប់បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ នៅបន្តផ្ដល់ឱ្យដដែល។
យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលជាការយកចិត្ត ទុកដាក់ និងជម្រាបជូនទៅអតីតយុទ្ធជន និងនិវត្តន៍ជននោះ គឺយើងនឹងបង្កើនប្រាក់បៀវត្ស ចំពោះនិវត្តន៍ជនអតីតយុទ្ធជន ដែលចូលនិវត្តន៍មុន។ ព្រោះអ្នកចូលនិវត្តន៍មុន គាត់ប្រាក់ខែតែ ៤០ ម៉ឺនរៀល ដល់ពេលចូលនិវត្តន៍កាត់ទៅ នៅសល់ត្រឹម៣០ម៉ឺនរៀលប៉ុណ្ណោះ។ បើប្រៀប ធៀបអ្នកចូលនិវត្តន៍បច្ចុប្បន្នឥឡូវប្រាក់ខែមួយលានរៀល ដល់ចូលនិវត្តន៍ ទៅកាត់ ២០ភាគរយ គាត់នៅសល់ ៨០ម៉ឺនរៀល ខុសពីអ្នកចូលនិវត្តន៍មុន។
សម្ដេចតេជោបានបន្ដថា ដើម្បីកាត់បន្ថយគម្លាតអ្នកចូលនិវត្តន៍មុន និងក្រោយ រាជរដ្ឋាភិបាល បានចំណាយ ១០លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ដើម្បីកុំឱ្យខុសឃ្លាតគ្នាឆ្ងាយពេកជាមួយ អ្នកចូលនិវត្តន៍បច្ចុប្បន្ន។
ជាមួយគ្នានេះ ដែរ សម្តេចតេជោ ក៏បានប្រកាសពីការបន្តអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់រយៈពេលបីខែបន្ថែម ទៀត គឺចាប់ពីខែតុលា ដល់ខែធ្នូ ។
សម្ដេចតេជោបានគូសបញ្ជាក់ថា «ខ្ញុំសុំប្រកាសជូនប្រជាពលរដ្ឋឱ្យបានជ្រាបថា រាជរដ្ឋាភិបាល នឹងបន្តក្នុងរយៈពេលបីខែទៀត អ្នកដែលបានទទួលជំនួយឧបត្ថម្ភដែលជាគ្រួសារក្រីក្រប្រមាណ ៦០ម៉ឺនគ្រួសារ ជាមួយនឹងមនុស្សជាងបីលាននាក់ ចាប់ពីពេលនេះរហូតដល់ខែធ្នូ ដែលជាជុំទី៦ នៃអន្តរាគមន៍របស់រាជរដ្ឋាភិបាល។
ក្រៅពីបន្តការឧត្ថម្ភដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលបានអនុវត្តពីខែមិថុនា គឺត្រូវបន្ត អនុវត្តរយៈពេលបីខែទៀតនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសពីការបន្តឧបត្ថម្ភ កម្មករ និយោជិត បម្រើការងារនៅរោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង កាបូប។ល។ និងវិស័យទេស ចរណ៍រយៈពេល៣ខែបន្តទៀតផងដែរ ដែលក្នុងនោះកម្មករ និយោជិតក្នុងវិស័យកាត់ដេរ ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន ៤០ដុល្លារអាម៉េរិក និងថៅកែរោងចក្រ៣០ ដុល្លារអាម៉េរិក សរុប៧០ដុល្លារអាម៉េរិកក្នុង១ខែ។ ចំណែកកម្មករនិយោជិតក្នុងវិស័យ ទេសចរណ៍ ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល ចំនួន៤០ដុល្លារអាម៉េរិកក្នុងមួយខែ។
សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក៏សម្រេចបង្កើនកម្មវិធីសាច់ប្រាក់ ពលកម្មពី ៥០លានដុល្លារអាម៉េរិក ដល់ ១៥០លានដុល្លារផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋអាច ធ្វើពលកម្ម ជាប្រព័ន្ធធារាសាស្ត្រតូចៗ និងជាផ្លូវលំ ដែលបានផ្តល់ផលប្រយោជន៍ដល់ ប្រជាពលរដ្ឋមូលដ្ឋាន និងទទួលបានប្រាក់ចំណូលនេះផងដែរ និងបន្តអនុវត្តន៍កិច្ចគាំពារសង្គម ផ្សេងទៀត ដូចជាកម្មការិនីសម្រាលកូន ស្ត្រីមានផ្ទៃពោះចាប់ពីពេលមានផ្ទៃពោះរហូតដល់ កូនអាយុ ២ឆ្នាំ។
ជាការពិតហើយ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ដែលបានចាប់ផ្តើមប៉ះពាល់ខ្លាំង នៅកម្ពុជាយើង ចាប់តាំងពីខែមីនា ឆ្នាំ២០២០ គឺមានក្រុមហ៊ុន ស្ថាប័នទាំងរដ្ឋ និងទាំងឯកជន មិនតិចទេ ដែលរងផលប៉ះពាល់។ ប៉ះពាល់ខ្លាំងជាងគេ ខាងវិស័យទេសចរណ៍ និងរោងចក្រកាត់ដេរ។ រីឯក្រុមហ៊ុនឯកជនដទៃទៀត ពិសេសសាលារៀន ក៏ត្រូវបិទទ្វារដែរ។
បញ្ហាទាំងនេះ នាំឲ្យបុគ្គលិកជាច្រើន មិនមានការងារធ្វើ ហើយខ្លះទៀត ក៏ត្រូវកាត់ប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ដទៃទៀត។ ដោយឡែកសម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គឺរាជរដ្ឋាភិបាល មិនបានអនុវត្តវិធានការកាត់ប្រាក់ខែអ្វីនោះទេ។ តែក៏មានការរឹតត្បិតចំណាយ មិនចាំបាច់មួយចំនួន នៅតាមក្រសួងស្ថាប័នជាច្រើនផងដែរ។
យ៉ាងណាក៏ដោយចុះ នៅឆ្នាំក្រោយ ក៏មិនប្រាកដថា ជំងឺកូវីដ១៩ ផុតរលត់ទៅដែរ ព្រោះមក ដល់ខែតុលានេះ គឺ ៧ខែហើយ ដែលកម្ពុជាយើង រងផលប៉ះពាល់ខ្លាំង ដោយជំងឺឆ្លងដ៏កាច សាហាវនេះ ខណៈដែលពិភពលោកទាំងមូល ក៏មិនទាន់បាត់ឆ្លង និងមានអ្នកស្លាប់ជាបន្ត បន្ទាប់។
មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្បិតតែប្រាក់ខែតិចជាងវិស័យឯកជនមួយចំនួន ក៏ពិតមែន តែប្រាក់ខែ ត្រូវបានបើកទៀងទាត់ ហើយ មួយខែ បើកពីរដង នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ និងបើកតាមធនាគារ ឬទូអេធីអឹម( ATM) ដែលងាយស្រួល និងមិន មានបាត់បង់ កាត់លុយអ្វីសោះទេ។
ដូច្នេះក្នុងពេលប្រទេសជាតិទាំងមូល ក៏ដូចជាពិភពលោក ជួបប្រទះបញ្ហាជំងឺឆ្លងនេះមិនថាតែ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទេ គឺសូម្បីតែបុគ្គលិកក្រុមហ៊ុនឯកជនទាំងអស់នៅទូទាំង ប្រទេសរាប់ទាំងកម្មករនិយោជិត តាមរោងចក្រកាត់ដេរ និងតាមការដ្ឋានសំណង់ក៏ត្រូវមាន ការយោគយល់ និងអត់ធ្មត់ ខំប្រឹងបំពេញការងារ ជម្នះឲ្យបាននូវវិបត្តិសង្គមមួយនេះ។ ចូរម្នាក់ៗគិតថា ក្នុងពេលនេះ មិនចាំបាច់ដល់ថ្នាក់ឡើងប្រាក់ខែទេ គឺឲ្យតែមានប្រាក់ខែចាស់ ហើយបើកទៀងទាត់ គ្រប់ចំនួន នោះជាសំណាងណាស់ទៅហើយ៕