ដោយៈដេប៉ូ/ភ្នំពេញៈវគ្គបណ្តុះបណ្តាលស្តីពី ”បទពិសោធន៍នៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្មក្នុងវិស័យសាធារណៈ(The Best Practices on Public Sector Performance Management )” ដែលបានរៀបចំឡើងតាមប្រព័ន្ធអនឡាញមានរយៈពេលពីរថ្ងៃ បានប្រារព្ធធ្វើកាលពីព្រឹកថ្ងៃទី៧ខែតុលាឆ្នាំ២០២០នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ។លោកស្រី ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការ បានអញ្ជើញជាតំណាងដ៏ខ្ពង់់ខ្ពស់របស់លោក ព្រុំ សុខារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ។
វគ្គនេះមានការអញ្ជើញចូលរួមពីប្រធាននាយកដ្ឋានទទួលបន្ទុកបុគ្គលិកឬអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងនាយករដ្ឋបាល ឬមន្ត្រីជំនាញទទួលបន្ទុកអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ៩៤ នាក់( ស្រី ១២ នាក់)។
មន្ត្រីរៀបចំកម្មវិធីបានបបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈនិងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ(KDI)ក្រោមការសម្របសម្រួលពីធនាគារពិភពលោកក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃការអនុវត្តការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងរដ្ឋបាលសាធារណៈនៃប្រទេសកូរ៉េជាពិសេស គឺបញ្ហាប្រឈមនិងកត្តាជោគជ័យនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្មដល់មន្ត្រីរាជការកម្ពុជាកម្រិតគ្រប់គ្រងទទួលបន្ទុកការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស។
តាមរយៈការបណ្តុះបណ្តាលដ៏មានសារសំខាន់នេះមានការរំពឹងបន្ទាប់ពីបញ្ចប់វគ្គនេះសិក្ខាកាមនឹងទទួលបានចំណេះ ដឹងនិងបទពិសោធន៍ដូចជាការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសកូរ៉,បញ្ហាប្រឈមនិងកត្តាជោគជ័យ នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម,ប្រព័ន្ធបៀវត្សនិងការលើកទឹកចិត្តផ្សេងៗ,តួនាទីរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងរដ្ឋាភិបាលអេឡិចត្រូនិក និងអភិបាលកិច្ចល្អ (E-Government and Good Governance)។
ចំណេះដឹងនិងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលខាងលើសិក្ខាកាមអាចយកទៅប្រើប្រាស់ជាធាតុចូលសម្រាប់ពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ឬស្ថាប័នរៀងៗខ្លួន៕សរន