Home ព័ត៌មានជាតិ សង្គម អាជ្ញាធរកោះកុ...

អាជ្ញាធរកោះកុង ទាមទារឱ្យមន្រ្តីជំនាញ បង្កើនការពិនិត្យ និងបង្រ្កាបផលិតផលខូចគុណភាព ដែលនាំចូលតាមច្រករបៀង

ដោយៈសុផានីតា/កោះកុងៈ អភិបាលរងខេត្តកោះកុង បានទាមទារឱ្យមន្រ្តី សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក្លែងបន្លំខេត្ត ចាំបាច់ចុះពិនិត្យតាមដាន ​និងធ្វើសកម្មភាពបង្រ្កាប ផលិតផលណា ដែលខូចគុណភាព ដែលឈ្នួញរកស៊ីមិនស្មោះត្រង់ នាំចូលតាមច្រករបៀង ជាប់ព្រំដែនប្រទេសជិតខាង។

ក្នុងវគ្គផ្សព្វផ្សាយ ស្តីពី«ការយល់ដឹងអំពីខ្លឹមសារ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ និងការធ្វើអាជីវកម្ម ផលិតផលប្រេងឥន្ធនៈ នៅកម្ពុជា» នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ លោក ទូ សាវុធ អភិបាលរង ខេត្តកោះកុង បានលើកឡើងថាៈ ខេត្តកោះកុង ជាខេត្តមួយ ដែលនៅជាប់ព្រំដែន នឹងប្រទេសថៃឡង់ដ៍ ដោយមានសកម្មភាព ធ្វើជំនួញរកស៊ី នៅតាច្រកមួយចំនួន ដូចជា៖ ប៉ាក់ខ្លង ស្រែអំបិល កោះស្តេច និងច្រកទ្វារអន្តរជាតិ ចាំយាមជាដើម គឺសុទ្ធតែច្រកនាំចេញ នាំចូលដ៏សំខាន់។

លោក ទូ សាវុធ បានបន្តថាៈ ការនាំចេញនាំចូលទំនិញ គ្រប់ប្រភេទ ដែលមមាញឹកខ្លាំង ជាងគេ គឺច្រកទ្វារអន្តរជាតិ ចាំយាម ស្រុកមណ្ឌលសីមា ដែលពាណិជ្ជករ អ្នករកស៊ី តែងនាំចូលទំនិញ មកផ្គត់ផ្គង់លើទីផ្សារនៅក្នុងខេត្ត និងបណ្តាខេត្តដទៃផ្សេងទៀត។

ទន្ទឹមនេះ លោកសុំទាមទារឱ្យមន្រ្តី សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក្លែងបន្លំខេត្ត ចាំបាច់បង្កើនការចុះពិនិត្យ ស៊ើបអង្កេត និងបង្រ្កាបរាល់ផលិតផលណា ដែលខូចគុណភាព ដែលឈ្នួញរកស៊ីមិនស្មោះត្រង់ នាំចូលតាមច្រករបៀងតូចៗ ខាងលើ ដើម្បីលើកកម្ពស់ សុវត្ថិភាពអ្នកបរិភោគ និងប្រើប្រាស់។ ពីព្រោះថា អាចមានជនខិលខូច ឆ្លៀតឱកាសលួចនាំចូល ទំនិញគេចពន្ធ ឬគ្មានគុណភាព មកសមស្រប ហូរចូលមកក្នុងស្រុក ប្រការណាមួយ។

ទាក់ទិននឹងបញ្ហាប្រេងឥន្ធនៈ ក៏ដូចគ្នាដែរ លោកអភិបាលរងខេត្តកោះកុង ក៏ចាត់ទុកថា បានដើរតួនាទី ជាចម្បង ក្នុងការគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រាប់ចាប់ពីវិស័យកសិកម្ម ឧស្សហកម្ម ពាណិជ្ជកម្ម និងបរិស្ថាន ជាដើម ដែលជះឥទ្ធិពល ដល់ជីវភាពរស់នៅ ព្រមទាំងសុខុមាលភាព របស់ប្រជាពលរដ្ឋទូទៅ។

ដូច្នេះលោក ទូ សាវុធ ជំរុញដល់មន្រ្តីជំនាញ ដាច់ខាតយកចិត្តទុកដាក់ ទប់ស្កាត់ និងបង្រ្កាប ឱ្យបានទាន់ពេលវេលា ចំពោះសកម្មភាពល្មើស ទាំងឡាយណា ធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ច និងសុវត្ថិភាពរបស់ពលរដ្ឋ។ តាមរយៈវិធានការបង្កើនការ ចុះពិនិត្យតាមដាន នៅតាមស្ថានីយ៍ប្រេង ឬដេប៉ូចែកចាយ នៅតាមទីផ្សារ ក្នុងខេត្ត សំដៅលុបបំបាត់ ផលិតផលក្លែងបន្លំ គុណភាពបរិមាណ។

តបនឹងការស្នើសុំរបស់ លោកអភិបាលរង ខេត្តកោះកុង គឺលោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ របស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ឱ្យដឹងថាៈ ដើម្បីធានាបាននូវ ភាពជឿជាក់របស់ អ្នកប្រើប្រាស់ ចំពោះផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្រសួងពាណិជ្ជកម្ម ផ្តោតលើការជំរុញ ដល់អ្នកវិនិយោគ ត្រូវអនុវត្តវិធានការគ្រប់គ្រង យ៉ាងតឹងរឹងបំផុត ជាពិសេសការត្រួតពិនិត្យ ការផ្គត់ផ្គង់ កន្លែងស្តុកទុក ការដឹកជញ្ចូន ការចែកចាយ និងការប្រើប្រាស់ប្រេង និងឧស្ម័នគ្រប់ប្រភេទ គឺជាគោលការណ៍រួម។

បើតាមវាយតម្លៃរបស់លោក ឌឹម ថេង សព្វថ្ងៃនេះ តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ បានកើនឡើង គួរឱ្យកត់សម្គាល់ ពោលគឺកម្ពុជា តម្រូវការប្រើប្រាស់ ៧ លានលីត្រ ក្នុង១ថ្ងៃ តបទៅនឹងសេចក្តីត្រូវការ របស់អ្នកប្រើប្រាស់ ក្របខណ្ឌទូទាំងប្រទេស។ ដ្បិតការផ្គត់ផ្គង់ថយចុះ ព្រោះតែវិបត្តិជំងឺកូវីដ ១៩ យ៉ាងណាក៏ដោយ ក៏តម្រូវការប្រើប្រាស់ប្រេង នៅកើនឡើងដដែល រយៈកាលចុងក្រោយនេះ។

ប្រសិនបើគិតជាការចំណាយវិញ គឺប្រជាពលរដ្ឋកម្ពុជាម្នាក់ ត្រូវចាយថវិកា ១.៦០០ រៀល ក្នុង១ថ្ងៃ ដើម្បីទិញប្រេងឥន្ធនៈ យកមកប្រើប្រាស់។ ហើយគិតជា ១ ឆ្នាំ កម្ពុជាចំណាយថវិកា ជាង ២ ពាន់លានដុល្លារ សម្រាប់ការនាំចូលប្រេងឥន្ធនៈ ពីបរទេស។

គួរជម្រាបថា វិស័យផ្គត់ផ្គង់ប្រភពនៅកម្ពុជា ពឹងផ្អែកទាំងស្រុង ពីការនាំចូលពីប្រទេសដទៃ ហើយ ដូច្នេះស្ថានីយប្រេងឥន្ធនៈ ដែលបម្រើដល់សេចក្តីត្រូវការ របស់អ្នកប្រើប្រាស់ទាំងអស់ ក៏មានកើនឡើង ជាបន្តបន្ទាប់ មិនថាតែក្នុងរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនោះទេ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular