ជប៉ុននិងអូស្ត្រាលីនៅថ្ងៃពុធទី០៧ ខែតុលាបានពិភាក្សាអំពីអ្វីដែលរដ្ឋាភិបាលក្រុងតូក្យូបានហៅថាភាពជាដៃគូយុទ្ធសាស្ត្រពិសេសរបស់ពួកគេដោយព្រមព្រៀងពង្រីកវិធានការសន្តិសុខនិងធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅចំពោះមុខ នៃការផ្លាស់ប្តូរស្ថានភាពក្នុងតំបន់។
ជំនួបរវាងរដ្ឋមន្ត្រីការបរទេសសជប៉ុន លោក តូស៊ីមីតស៊ូ ម៉ូតេហ្គី(Toshimitsu Motegi ) និងសមភាគីអូស្ត្រាលីរបស់លោក គឺ លោកស្រីម៉ារីស ផេន( Marise Payne) បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីជំនួប៤ប្រទេសរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន សហរដ្ឋអាម៉េរិក អូស្ត្រាលី និងឥណ្ឌា ដោយនៅក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកម៉ៃ ផមផេវ( Mike Pompeo )បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយក្រុមប្រទេសសម្ព័ន្ធមិត្តអាស៊ី ជាកម្លាំងរុញច្រានប្រឆាំងនឹងឥទ្ធិពលកើនឡើងរបស់ចិននៅក្នុងតំបន់។
ដំណើរទស្សនកិច្ចរបស់លោក Mike Pompeo ជាលើកដំបូងទៅកាន់ប្រទេសជប៉ុនក្នុងរយៈពេលជាងមួយឆ្នាំនេះបានកើតឡើងស្របពេលដែលភាពតានតឹងខ្លាំងឡើងជាមួយចិននិងគេឃើញលោកអំពាវនាវឱ្យមានការរួបរួមគ្នាប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំង ដែលជាប្រធានបទរសើបសម្រាប់ក្រុមប្រទេសសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលពឹងផ្អែកលើប្រទេសចិនសម្រាប់ពាណិជ្ជកម្ម។
ចិនបានព្រមានអំពី”ក្រុមប្រទេសក្រៅ” ដែលសំដៅលើភាគីទីបីប៉ុន្តែសេចក្តីថ្លែងការណ៍អំពីជំនួបថ្ងៃពុធនេះ មិនបានបញ្ជាក់អំពីឈ្មោះប្រទេសចិននោះទេ។
បន្ទាប់ពីធ្វើជំនួបជាមួយលោកស្រី ម៉ារីស ផេនមកនោះ លោក តូស៊ីមីតស៊ូ ម៉ូតេហ្គី បានជាមួយសភាគីឥណ្ឌារបស់លោក។ នៅក្នុងជំនួបនេះ លោក តូស៊ីមីតស៊ូ ម៉ូតេហ្គី បាននិយាយថា រដ្ឋាភិបាលក្រុងតូក្យូនឹងបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌា នៅក្រោមរដ្ឋាភិបាលរបស់លោកយ៉ូស៊ីហ៊ីដេ ស៊ូហ្កា នាយករដ្ឋមន្ត្រីជប៉ុន ដែលបានឡើងកាន់អំណាចកាលពីខែមុន៕
លោកស្រី ម៉ារីស ផេន (រូបឆ្វេង) ឈរនៅជាមួយលោក តូស៊ីមីតស៊ូ ម៉ូតេហ្គី នៅវិមានរដ្ឋនៅក្រុងតូក្យូ នៅថ្ងៃទី៧ខែតុលាឆ្នាំ២០២០