ដោយ៖ គន្ធា/ភ្នំពេញៈ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០លោកងីតាយីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យបានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ នៅសណ្ឋាគារភ្នំពេញ ស្តីពី“កាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងបច្ចុប្បន្នភាព នៃច្បាប់សារពើពន្ធ” ដែលមានការចូលរួមពី សហគ្រាសជាប់ពន្ធ ចំនួនប្រមាណ ១៣០ នាក់ ។

លោក ងី តាយី បានមានប្រសាសន៍ថាៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានក្រុមប្រឹក្សា ជាតិគណនេយ្យ ជាសេនាធិការ រៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីច្បាប់។បទប្បញ្ញត្តិ ពាក់ព័ន្ធនឹងគណនេយ្យ និងសវនកម្ម នៅកម្ពុជា សារៈប្រយោជន៍ និងកាតព្វកិច្ចនានា ដែលសហគ្រាស ត្រូវអនុវត្ត ក្នុងនោះរួមមាន កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងកាតព្វកិច្ច ដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ។

លោកបានលើកឡើង អំពីឧត្តមប្រយោជន៍ និងគុណសម្បត្តិជាច្រើន របស់ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងវិធានពាក់ព័ន្ធ ដែលមានជាអាទិ៍៖ ១.បង្កើននិងលើកកម្ពស់តម្លាភាព និងសុក្រឹតភាព នៃឯកសារគណនេយ្យ និងរបាយការណ៍ ហិរញ្ញវត្ថុរបស់សហគ្រាស ដែលអាចបង្កើននូវ ជំនឿទុកចិត្តរបស់ សាធារណជន មកលើសហគ្រាស ក៏ដូចជាទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងបរទេស។
២.ជំរុញគណនេយ្យភាព និងអភិបាលកិច្ចល្អរបស់សហគ្រាស; ៣.បង្កើនគុណភាព និងសមត្ថភាពធនធានមនុស្ស ជាគណនេយ្យករ និងសវនករ និងលើកកម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម;៤.ជំរុញបន្ថែមនិងទ្រទ្រង់និរន្តរភាពនៃទីផ្សារមូលធនព្រមទាំងបង្កលក្ខណៈឱ្យសហគ្រាសធុនតូច និងមធ្យម មានលទ្ធភាពចូលរួម ក្នុងទីផ្សារមូលធន នាពេលអនាគត។

៥.ជួយបង្កនូវលទ្ធភាព នៃការទទួលបានឥណទាន។ ៦.បង្កើតការងារ ក្នុងវិស័យគណនេយ្យ និងសវនកម្មជូនប្រជាពលរដ្ឋនិង៧.របាយការណ៍ហិរញ្ញវត្ថុដែលបង្កើតឡើងដោយអនុលោមតាមច្បាប់នេះគឺជាមូលដ្ឋានព័ត៌មានហិរញ្ញវត្ថុតែមួយគត់ក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដើម្បីប្រកាសពន្ធដារដែលធ្វើឲ្យការប្រមូលពន្ធ មានប្រសិទ្ធភាព៕S/
លោក ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច បានអញ្ជើញបើក សិក្ខាសាលា ស្ដីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្មនិងបច្ចុប្បន្នភាពនៃច្បាប់សារពើពន្ធសំរាប់សហគ្រាសអ្នកជាប់ពន្ធ ។ ( រូបថតៈ គន្ធា )