ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ របស់ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាល រាជធានីភ្នំពេញ បានចុះបង្ក្រាបសិប្បកម្ម ផលិតបារី និងសិប្បកម្មផលិតនំបុ័ង ប្រេន ចំនួន ២ កន្លែងផ្សេងគ្នា របស់ជនជាតិចិន សង្ស័យធ្វើអាជីវកម្ម ផលិតផលិតផលក្លែងក្លាយ ខុសច្បាប់ ក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាង សរុបជិត ៥០ តោន។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង រយៈពេលពីរថ្ងៃជាប់គ្នា គឺកាលពីថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២០ ក្រោមការសម្របសម្រួលនីតិវីធី ដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ។
បើតាមសេចក្តីរាយការណ៍ ពីក្រុមសមត្ថកិច្ចចុះបង្ក្រាប បានឱ្យដឹងថាៈ សមត្ថកិច្ចចម្រុះ បានចុះទៅឆែកឆេរ ត្រួតពិនិត្យជាក់ស្តែង សិប្បកម្មផលិត និងចែកចាយបារី ១ កន្លែង សង្ស័យផលិតបារីក្លែងក្លាយ ខុសច្បាប់ នៅចំណុចផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ ទីតាំងសិប្បកម្មនេះ ដែលមានម្ចាស់ឈ្មោះ Huang Wenyan ភេទប្រុស អាយុ៤២ឆ្នាំ ដោយបានធ្វើការត្រួតពិនិត្យ រកឃើញវត្ថុតាង ផលិតផល សម្រាប់ផលិតបារី ចំនួន ១១ ប្រភេទ សរុបចំនួន ១.០៤៨ កេស មានទម្ងន់ប្រហែល ២៥ តោន និងបានរកឃើញវត្ថុតាង ឧករណ៍សម្រាប់ផលិតបារី រួមមានៈ ម៉ាស៊ីនបោះពុម្ពពណ៌ លើកញ្ចប់បារី ចំនួន ២ គ្រឿង ម៉ាស៊ីនកាត់ក្រដាស រុំកន្ទុយស្នោរ ចំនួន ២ គ្រឿង ម្សៅទឹកថ្នាំពណ៌ស ចំនួន ២៥ កេស ម្សៅទឹកថ្នាំ ពណ៌ចម្រុះ ចំនួន ៨០ បាវ ម៉ាស៊ីនកូរទឹកថ្នាំ ១ គ្រឿង ម៉ាស៊ីនពន្លាកន្ទុយបារី ១៣ គ្រឿង និងទឹកថ្នាំ សម្រាប់បោះពុម្ពកញ្ចប់បារី ១៤៤ ធុង។
ប្រភពព័ត៌មានដដែល បានរាយការណ៍បន្តថាៈ ដោយឡែក កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានចុះទៅឆែកឆេរ ត្រួតពិនិត្យសិប្បកម្ម ផលិតនំបុ័ង មួយកន្លែង នៅចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលមានម្ចាស់ឈ្មោះ CHEN GANG ភេទប្រុស អាយុ៣២ឆ្នាំ។ សមត្ថកិច្ចចម្រុះ ពិនិត្យជាក់ស្តែង រកឃើញវត្ថុតាង ឧបករណ៍ សម្ភារ និងវត្ថុធាតុដើម បំរើឱ្យការផលិតនំបុ័ង សរុបចំនួន ១៦ ប្រភេទ ស្មើនឹងទម្ងន់ជាង ២២ តោន។
ក្រោយពីត្រួតពិនិត្យ សមត្ថកិច្ចចម្រុះ ពិនិត្យឃើញថា សិប្បកម្មផលិតនំបុ័ង ប្រេនខាងលើ ធ្វើអាជីវកម្ម មិនត្រឹមត្រូវតាមច្បាប់ គឺគ្មានស្លាកយីហោ គ្មានប្រកាសបង្កើតរោងសិប្បម្ម, ផលិតផលមិនទាន់យកទៅចុះបញ្ជី វិញ្ញាបនបត្រវិភាគគុណភាព ហួសសុពលភាព នៅលើសំបកវេចខ្ចប់ ក្លែងអស័យដ្ឋាន, គ្មានវិញ្ញាបនបត្រ ចុះបញ្ជីម៉ាកផលិតផល គ្មានវិញ្ញាបនបត្រ ដំណើរការសិប្បកម្ម។
ការបង្ក្រាបសិប្បកម្ម ផលិតបារី និងផលិតនំបុ័ងប្រេន ទាំង ២ ខាងលើ ក្រោយពីសមត្ថកិច្ចចម្រុះ ពិនិត្យរួចហើយ អនុវត្តតាមបញ្ជា របស់លោកព្រះរាជអាជ្ញារង ក៏បានឃាត់ទុកវត្ថុតាងទាំងអស់ ជាបណ្តោះអាសន្ន ដើម្បីអនុវត្ត តាមវិធានការច្បាប់៕/V