ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអភិបាលខណ្ឌ ទាំង១៤ ប្រឹងប្រែងប្រើប្រាស់ ឱ្យអស់លទ្ធភាព ក្រោមកិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណា ដឹកជញ្ជូន យកសំរាមចេញពីក្នុងក្រុង ទៅកាន់ទីលានចាក់សំរាម ឱ្យបានគ្រប់ខណ្ឌ ដោយប្រើប្រាស់យន្តការ គ្រប់រូបភាព ដោយចាប់ផ្តើមជាបន្ទាន់ ចាប់ពីយប់នេះ។
ការជំរុញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌ និងមន្រ្តីពាក់ព័ន្ធ ក្រោមឱវាទ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះ នៅសាលារាជធានីភ្នំពេញ។

លោកអភិបាលរាជធានី ក៏បានបញ្ជាឱ្យអភិបាលរង របស់លោក ឱ្យយកចិត្តទុកដាក់ តាមដាន និងពិនិត្យសកម្មភាព ប្រមូលសំរាម នៅយប់នេះ ឱ្យបានហ្មត់ចត់តាមស្មារតី នៃកិច្ចប្រជុំ និងយកលទ្ធផល នៃកិច្ចប្រជុំ នារសៀលនេះ ទៅអនុវត្តឱ្យមានប្រសិទ្ធ ភាព។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានឱ្យដឹងថាៈ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងរថយន្តដឹកសំរាម របស់រដ្ឋបាលរាជធានី ទៅតាមខណ្ឌនីមួយៗ រួចហើយ ប៉ុន្តែបើមានតម្រូវចាំបាច់ ដើម្បីឆ្លើយតបឱ្យបាន ទាន់ពេលវេលា បន្ថែមទៀតនោះ សុំអភិបាលខណ្ឌ ចាត់ចែងជួលរថយន្តបែនដឹកដី ឱ្យមកដឹកសំរាម ដោយគិតតម្លៃជា តោន ក្នុង១តោន ចាប់ពី ១០ ដុល្លារ ដល់ ១៤ ដុល្លារ ចំពោះឡានដែលប្រើប្រាស់ ប្រេងផ្ទាល់ខ្លួន។
លើសពីនេះថែមទៀត ក៏ត្រូវជួលកម្លាំងកម្មករ រួមទាំងកម្លាំងកម្មករ របស់ក្រុមហ៊ុន ស៊ិនទ្រី ផងដែរ ដែលក្នុងម្នាក់ ផ្តល់ជូន ១០ ដុល្លារ នៅពេលថ្ងៃ និងបន្ថែម ៥ ដុល្លារទៀត សម្រាប់អ្នកធ្វើការ ពេលយប់។

លោកអភិបាលរង ក៏បានស្នើឱ្យខណ្ឌនីមួយៗ ជាពិសេសខណ្ឌជាយក្រុង រកទីកន្លែង ឬជួលដីប្រជាពលរដ្ឋណា ដែលនៅទំនេរមួយរយៈ សម្រាប់ស្តុកសំរាម ជាបណ្តោះ អាសន្ន រង់ចាំរថយន្តដឹកសំរាម មកជញ្ជូនបន្ត ទៅកាន់ទីលានចាក់សំរាម ធ្វើយ៉ាងណា យប់នេះ យកសំរាមឱ្យអស់ ពីតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានោះ លោក កើត ឆែ ក៏បានសុំគោលការណ៍ ពីលោកអភិបាលរាជធានី ដើម្បីចាត់ចែងលេខរៀង ខណ្ឌនីមួយៗ ឱ្យបានច្បាស់លាស់ ជាពិសេសចំពោះ រថយន្តបែនដែលខណ្ឌ បានជួល ដើម្បីងាយស្រួល គ្រប់គ្រង និងត្រួតពិនិត្យ ក៏ដូចជាងាយស្រួល គ្រប់គ្រងការចំណាយនានា នៅក្នុងដំណាក់កាលនេះ ឱ្យបានច្បាស់លាស់ ឆ្លើយតបឱ្យបានទាន់ពេលវេលាបំផុត។
សូមបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុន ស៊ិនទ្រី នឹងដើរប្រមូលសំរាមវិញ នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះ ក្រោយពួកគេ ទទួលបានដំណោះស្រាយ សមស្របពី សាលារាជធានីភ្នំពេញ។ ការងារនេះ សម្រេចបានដោយជោគជ័យ ក្រោមការយកចិត្ត ទុកដាក់ របស់លោកអភិបាល រាជធានីភ្នំពេញ ដោយមានការណែនាំ ពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបដោះស្រាយបានបញ្ចប់៕/V



