Home ព័ត៌មានជាតិ នយោបាយ ​សុន្ទរកថា​ទា...

​សុន្ទរកថា​ទាំងស្រុង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​នៅក្នុង «​វេទិកា​ភាព​ងាយ​រងគ្រោះ​បណ្តាលមកពី​អាកាសធាតុ​» តាម​ប្រព័ន្ធ​វីដេអូ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ ​នៅ​យប់​ថ្ងៃទី ០៧ ខែតុលា​ឆ្នាំ​២០២០ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​ថ្នាក់ដឹកនាំ​នៃ​វេទិកា​ភាព​ងាយ​រងគ្រោះ​បណ្តាលមកពី​អាកាសធាតុ​(CVF) ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ តប​តាម​ការអញ្ជើញ​របស់លោក​ស្រី សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស​និង​ជា​ប្រធាន​វេទិកា​ភាព​ងាយ​រងគ្រោះ​អាកាសធាតុ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​ពិសេស​ទៅកាន់​វេទិកា​នេះ​ថា​៖​ឆ្នាំ ២០២០​នេះ គឺជា​ពេល​ដ៏​លំបាក​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដោយសារ​ការ រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ បាននិងកំពុង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម​និង​សេដ្ឋកិច្ច និង​ភាពមិនប្រាកដប្រជា​ចំពោះ​ការអភិវឌ្ឍ​ជាទូទៅ​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត ។​

​ជាការ​ពិតណាស់​ ដូចគ្នា​នឹង​ជំងឺ​កូ​វីដ​-១៩, ការប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​ដ៏​គួរឱ្យ​បារម្ភ​មួយទៀត​ដែល​នឹង​បង្ក​ផលវិបាក​និង​ជះឥទ្ធិពល​អវិជ្ជមាន​ធ្ងន់​ធ្ង​រ​ពិបាក​នឹង​ប៉ាន់ ប្រមាណបាន​ទៅលើ​សង្គម​,​សេដ្ឋកិច្ច និង​សន្តិសុខ ក្នុង​តំបន់​និង​ពិភពលោក ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ គ្រោះមហន្តរាយ​ដែល​បានកើត​ឡើងជា​បន្តបន្ទាប់ជុំវិញ​ពិភពលោក​មាន​សភាព​ធ្ងន់ធ្ងរ​និង​ប្រពល​ភាព​កាន់តែ​ញឹកញាប់​លើសពី​អ្វីដែល​យើង​ធ្លាប់បាន​ជួបប្រទះ​កន្លងមក ។​

​ក្នុង​បរិបទ​នេះ​ទោះបីជា​យើង​មាន​ភាពចាំបាច់​ក្នុងការ​បង្វែរ​ទិសដៅ​អាទិភាព​គោលនយោបាយ​និង​ធនធាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩,​យើងទាំងអស់គ្នា​គប្បីខិតខំ​ផ្តល់​អាទិភាព​និង​ធានា​ឱ្យបាន​នូវ​និរន្តរភាព​នៃ​ការអនុវត្ត​ន៍វិធានការ​ដោះស្រាយ​និង​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​ដែលជា​របៀបវារៈ​ស្នូល​មួយ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមជាតិ​យើង​ប្រកបដោយ​ចីរភាព ។

ឯកឧត្តម​, លោកជំទាវ​, លោក​, លោកស្រី​!
​កម្ពុជា​ជា​ប្រទេស​តូច​និង​ធនធាន​មាន​​កម្រិត​​ ប៉ុន្តែ​យើង​បាន​ខិតខំ​បំពេញ​កាតព្វកិច្ច​ដូច​មានចែង​ក្នុង​ខ​ប់​២១(COP21)​ពោលគឺ​យើង​បាន​ប្រកាន់យក​ការ​ទប់ទល់​នឹង​ការ ប្រែប្រួល​អាកាសធាតុ​ជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ ។ ទន្ទឹមនេះ​ក្របខ័ណ្ឌគតិយុត្ត,​ស្ថាប័ន​និង​បច្ចេកទេស​សម្រាប់​កម្មវិធី​កាត់បន្ថយ​ការ​បំ​ភាយ​ដែល​កើតឡើង​ដោយសារ​ការកាប់បំផ្លាញ​និង​ការ​សឹករេចរឹល​នៃ​ព្រៃឈើ​បូក​(REDD +)​កំពុងដំណើរការ​យ៉ាង​លឿន​ឆ្ពោះទៅមុខ​ដែល​នឹងត្រូវ​សម្រេច បានជា​ស្ថាពរ​នៅ​ចុង​ឆ្នាំនេះ ។ យើង​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ផងដែរ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក​តាមរយៈ​ការធ្វើ បច្ចុប្បន្នភាព​របាយការណ៍​ការចូលរួមចំណែករ​បស់​ជាតិដើម្បី​អនុវត្ត​អនុសញ្ញា ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួលអាកាសធាតុ (NDC Update)”​ដែល​នឹងត្រូវ ដាក់ជូនទៅ​លេខាធិការដ្ឋាន​អនុសញ្ញា​នៅ​ចុងឆ្នាំ​នេះ។ ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច​ក្តី​ ប៉ុន្តែ​យើង​ចង់ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ដើម្បី ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដោយ​ផ្អែកលើ​សមត្ថភាព​និង​ធនធាន​ដែលមាន ។​

​នៅក្នុង​កម្រិត​សកល​ខ្ញុំ​យល់ឃើញថា​ការប្រែប្រួល​អាកាសធាតុ​គឺជា​បញ្ហា​ប្រទាក់ក្រឡា​គ្នា​ដែល​ត្រូវ​ដោះស្រាយ​តាម​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ​និង​មាន​តុល្យភាពទាំង​ទិដ្ឋភាព​សង្គម​, សេដ្ឋកិច្ច និង​បរិស្ថាន ។ ទន្ទឹមនេះ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ទាំងអស់​រៀបចំ​បញ្ចប់ និង​ដាក់ជូន​នូវ​របាយការណ៍​រួមចំណែក​របស់​ជាតិ​ខ្លួន​ដើម្បី ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ប្រកបដោយ​មហិច្ឆតា​។ លើសពីនេះ​ខ្ញុំ​យល់ថា​យើង​ត្រូវ​បង្កើន​ធនធាន​ហិរញ្ញវត្ថុ​, ជាពិសេស​ហិរញ្ញប្បទាន​អាកាសធាតុ​សម្រាប់​ការ បន្សំ​ជា​ដុំកំភួន​ដែល​ប្រទេស​អភិវឌ្ឍន៍​បាន​សន្យា​កន្លងមក​, និង​ផ្ទេរ​បច្ចេកវិទ្យា​ជូន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​អាកាសធាតុ​ប្រកបដោយ ប្រសិទ្ធភាព​ទាំង​សម្រាប់​យន្តការ​គ្រប់គ្រង​និង​ជំរុញ​ការវិនិយោគ​លើ​ការស្រាវជ្រាវ​ឯកជន​ក្នុង​វិស័យ​ថាមពល​កកើតឡើង​វិញ​និង​ប្រសិទ្ធ​ពល​ថាមពល​,​ការការពារ​ព្រៃឈើនិង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ការ​បន្សំ​ជាដើម ។​ល​។

​ជារួម​ក្នុង​បរិបទ​បច្ចុប្បន្ននេះ​ការជំរុញ​ទៅមុខ​និង​ការ​ប្រកាន់ខ្ជាប់​ទៅនឹង​ក្របខ័ណ្ឌ តំបន់​និយម​និង​ពហុភាគី​និយម​គឺជា​គោលការណ៍​ដ៏​សំខាន់​សម្រាប់​ដោះស្រាយ​បញ្ហា ប្រឈម​ដែល​កំពុង​កើតមានឡើង​ក្នុង​គ្រប់​វិស័យ​ជាពិសេស​បញ្ហា​ដែល​កើតចេញពី​ការប្រែប្រួល​អាកាសធាតុ ។ ទោះបី​ធនធាន​និង​សមត្ថភាព​កម្ពុជា​នៅមានកម្រិត​ក៏ ដោយ​តែ​កម្ពុជា​មានការ​តាំងចិត្ត​និង​ឆន្ទៈ​នយោបាយ​ខ្ពស់​ក្នុងការ​រួមចំណែក​ដល់​កិច្ចប្រឹងប្រែង​សាកល​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ផ្អែក​តាម​គោលការណ៍​គន្លឹះ​របស់​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ជាពិសេសគោលការណ៍​ស្តីពី​ការទទួលខុសត្រូវ​រួមគ្នា ប៉ុន្តែ​មាន​កាតព្វកិច្ច​ផ្សេងគ្នា ផ្អែក​តាម​សមត្ថភាព​រៀងៗ​ខ្លួន ៕/Ha
​សូម​អរគុណ !

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...