Home ព័ត៌មានជាតិ វិទ្យាស្ថានធន...

វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យ អន្តរជាតិ ផារ៉ាហ្គន សហការជំរុញធនធាន មនុស្សវិស័យធនាគារនិងហិរញវត្ថុ

ដោយៈសុផល/ភ្នំពេញ៖វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ(IBF) បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U) ដើម្បីលើកកម្ពស់កិច្ចសហការ ផ្សារភ្ជាប់គម្លាតជំនាញរវាងកម្មវិធីសិក្សារបស់ស្ថាប័ន អប់រំ និងតម្រូវការនៃវិស័យឧស្សាហកម្មធនាគារ។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) នារសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០២០នៅ សណ្ឋាគាររ៉ូសវូដនេះ  មានការអញ្ជើញចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា​និងមានការចូលរួម ពីក្រុមប្រឹក្សា ភិបាល និងគណៈគ្រប់​គ្រង​ជាន់ខ្ពស់នៃ វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុនិងសាកល វិទ្យាល័យអន្តរជាតិផារ៉ាហ្គន ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃសមាគមធនាគារ​នៅកម្ពុជា​(ABC)និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CM​A​)។

តាមរយៈអនុស្សរណៈនៃការយោគយល់នេះវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុនិងសាក​ល​វិទ្យាល័យអន្តរជាតិផារ៉ាហ្គននឹងសហការគ្នាក្នុងការផ្តួចផ្តើមគំនិតផ្សេងៗដើម្បីផ្សាភ្ជាប់គម្លាតរវាងតម្រូវការជំនាញដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្ម ធនាគារនិងអ្នក​ដែលបណ្តុះបណ្តាលដោយប្រព័ន្ធអប់រំឧត្តមសិក្សា។សាកលវិទ្យាល័យ​អន្តរជាតិផារ៉ាហ្គននឹង​ទទួលបានអត្ថប្រយោជន៍ពីកិច្ចសហការជាមួយវិទ្យា​ស្ថាន​ធនា​គា​រ​​​និងហិរញ្ញវត្ថុក្នុងការតម្រ​ង់​​កម្ម​វិធីសិក្សារបស់ខ្លួនទៅនឹងការរំពឹងទុកនៃវិស័យ​ឧស្សា​ហកម្មតាមរយៈក្របខណ្ឌនិងសៀវ​ភៅ​សិក្សារបស់វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ​ក៏ដូច​ជា​ការបណ្តុះបណ្តាលអ្នកបណ្តុះបណ្តាល​និងការពិគ្រោះយោបល់ដែលទាំងអស់នេះ​ត្រូវ​បានដឹកនាំនិងអភិវឌ្ឍដោយអ្នកជំនាញឧស្សា​ហ​កម្មកម្ពុជា។ជាការឆ្លើយតប​IBFនឹងទទួលបានអត្ថប្រយោជន៍ពីការពិគ្រោះយោបល់ការវា​យតម្លៃនិងការផ្តល់មតិ​យោ​បល់ពីសំណាក់សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនដែលជាជំនួយដល់វិស័យឧស្សាហកម្មដើម្បីយល់ពីតម្រូវការរបស់នៃកម្លាំងពលកម្មសក្តានុពលរបស់ខ្លួន។

លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមាន​ប្រសា​ស​​ន៍ថា៖ «កម្មវិធីអប់រំឧត្តមសិក្សានៅកម្ពុជាបានពង្រីក​យ៉ាងឆាប់រហ័សដើម្បីឆ្លើយតប​ទៅនឹងតម្រូវការនៃកំណើននៅក្នុងវិស័យផ្សេងៗប៉ុន្តែកំណើននេះមិនមានភាពស៊ី​សង្វា​ក់​​នា​ជាមួយនឹងតម្រូវការនៃវិស័យឧស្សាហកម្មនោះទេ ដោយសារតែមិនមានកិច្ច​សហ​ការវាងអង្គភាពទាំងពីរ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា​បានដាក់​ចេញ​នូវកំណែទម្រង់នៃវិស័យអប់រំឧត្តមសិក្សា ដើម្បីផ្តោតលើគុណភាពអប់រំ អភិបាលកិច្ច​ដែលមានភាពប្រសើរ ការផ្សារភ្ជាប់វិស័យអប់រំឧត្តមសិក្សា និងការអប់រំ STEM។

លោករដ្ឋមន្ត្រីបានអបអរសាទរគំនិតផ្តួចផ្តើមនេះដែលដឹកនាំដោយ IBF និងមានការ​គាំទ្រពីសំណាក់ABCនិងCMA ក៏ដូចជាកិច្ចសហប្រតិបត្តិការជាវិជ្ជមានរបស់សាកល​វិទ្យាល័យ Para​go​n​ ដើម្បីចូលរួមក្នុងការសហការគ្នាជាផ្លូវការនេះ។ លោកទន្ទឹងរង់ចាំ​មើលការខិតខំប្រឹងប្រែងរួមគ្នាជាច្រើនទៀតរួមទាំងសាកលវិទ្យាល័យសាធារណៈក្នុងស្រុករបស់យើង។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា៖ កិច្ចសហការនេះបង្ហាញ​ពីរបៀបដែល​និយោ​ជិកនិងសាកលវិទ្យាល័យអាចធ្វើការរួមគ្នាក្នុងវិធីជាប្រព័ន្ធ ដើម្បីលើកកម្ពស់​សមត្ថភាពនិស្សិត  និងទស្សនៈវិស័យការងារ ហើយវាជាការជំរុញទឹកចិត្តដល់វិស័យ​ឧស្សាហកម្មដទៃទៀតក្នុងការធ្វើការជាមួយស្ថាប័នអប់រំដែលពាក់ព័ន្ធនានារបស់ពួកគេឱ្យធ្វើការសហការគ្នាដូចនេះផងដែរ។

លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បានមានប្រសាសន៍ថា៖«នៅក្នុងការកែលំអការអប់រំ មនុស្សគ្រប់គ្នា​គួរតែដើរ​តួ​សំខាន់មួយជាពិសេសក្នុងវិស័យឧស្សាហកម្ម។ធនាគារជាតិនៃកម្ពុជាបានធ្វើការ​ជាមួ​យ​​ឧស្សាហកម្មដើម្បីផ្តួចផ្តើម  វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុនិងរីករាយ​ដែលបាន​ឃើញ​ឥទ្ធិពលវិជ្ជមានរបស់ IBF ទៅលើប្រព័ន្ធរួមនៃការកសាងសមត្ថភាព​ខាងធនាគារ​នៃនិស្សិតបញ្ចប់ការសិក្សាទៅជាអ្នកជំនាញធនាគារ រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែក​លើ​ចំណេះដឹង និងបំរើគោលបំណងឆ្ពោះទៅរកការអភិវឧ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងការ​រីក​ចម្រើនប្រកបដោយចីរភាព។

អនុស្សរណៈយោគយល់នេះផ្តល់ជូននិស្សិត និងសមាជិកមហាវិទ្យាល័យនៃសាកល​​វិទ្យាល័យនូវឱកាសដើម្បីអភិវឌ្ឍ បង្កើនជំនាញ ចំណេះដឹង និងបណ្តាញរបស់ពួកគេ​នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ក្រៅពីលើកកម្ពស់ការកសាងសមត្ថភាព និង​ការ​អប់រំដែលជំរុញដោយឧស្សាហកម្ម កិច្ចសហប្រតិបត្តិការនេះក៏នឹង​ជួយបង្កើនស្ថាន​ភាព​នៃវិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការលើកកម្ពស់វិញ្ញាបនប័ត្រឧស្សាហកម្ម និង​និស្សិតបញ្ចប់ការសិក្សាដែលត្រៀមរួចជាស្រេចក្នុងវិស័យឧស្សាហកម្ម។ គោល​ដៅ​សំខាន់គឺ និស្សិតបញ្ចប់ការសិក្សានៅកម្ពុជានឹងប្រកប​ដោយសមត្ថភាព​ពាក់ព័ន្ធ​ដែល​មានគុណភាពសម្រាប់ការងារនាពេលអនា​គត​របស់ពួកគេ ដែលនឹងជួយជំរុញ​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមទាំងមូលរបស់ប្រទេស»។

បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានមានប្រសាសន៍​ថា​៖  «ទំនាក់ទំនងស៊ីសង្វាក់គ្នារវាងវិស័យឧស្សាហកម្ម និងស្ថាប័នអត់រំគួរ​តែមានជា​ចាំ​បាច់ ដោយហេតុនេះអង្គភាពទាំងពីរនឹង​ទទួលបានផលប្រយោជន៍​ពីគ្នាទៅវិញ​ទៅ​មក​និងទទួលបានស្ថាន​​ភាពឈ្នះឈ្នះទាំងសងខាង។ តាមរយៈ IBF ទាំង ABC និង CMA អាចអនុវត្តកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពផ្សេងៗដែលផ្តល់អត្ថប្រយោជន៍ដល់ធនាគារិកកម្ពុជារបស់យើងក្នុងវិស័យឧស្សាហកម្មនេះ។អនុស្សរណៈ​យោគ​យល់​ថ្ងៃនេះគឺជានិមិត្តិសញ្ញានៃព្រឹត្តិ​ការ​ណ៍សំខាន់មួយដែលយើងអាចទន្ទឹងរង់​ចាំនូវការ​ខិត​ខំ​ប្រឹងប្រែងបន្ថែមនិងបន្តទៅមុខទៀតឥតឈប់ឈរ​សម្រាប់គ្រឹះស្ថាន​ឧត្តមសិក្សា​ដើម្បី​រៀបចំនិងកែលម្អកម្មវិធីសិក្សាឡើងវិញជាពិសេ​ស​ទាក់ទងនឹងតម្រូវការវិស័យធនាគារ​និងធម្មជាតិដែលមានភាពប្រែប្រួលនៃពិភពធុរកិច្ចជំនួញ​»។

ដោយកត់សំគាល់ពីភាពជោគជ័យរបស់អតីតនិស្សិតរបស់សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ជាពិសេសពីដេប៉ាតឺម៉ង់ធនាគារ និងហិរញ្ញវត្ថុ លោក អ៊ាង សុផល្លែត ប្រធាន​កិត្តិយសនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានមានប្រសាសន៍ថា៖«ពិធីចុះ​ហត្ថ​លេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្ងៃនេះ រវាងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ា​​ហ្គន និងវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ គឺជាសក្ខីភាពដ៏ល្អមួយនៃការប្តេជ្ញា​ចិត្ត​របស់សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនក្នុងការកសាងភាពជាដៃគូរវាងសាកលវិទ្យាល័យនិងវិស័យឧស្សាហកម្ម​»។  

​លោកបានបន្ថែមទៀតថា៖ ខ្ញុំមានទំនុកចិត្តថា តាមរយៈអនុស្សរណៈនៃការយោគ​យល់​លើការផ្តល់វគ្គសិក្សាអំពីការផ្តល់ប្រាក់កម្ចីជំនួញ និងប្រាក់កម្ចីពាណិជ្ជកម្ម នៅសាកល​វិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន យើងនឹងអាចចូលរួមក្នុងការបណ្តុះបណ្តាលនិស្សិត និង​អ្នកជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ ជំនាន់ក្រោយ ដែលមិនត្រឹមតែអាច​បម្រើការងារ​នៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែក៏អាចបម្រើការងារនៅក្នុងស្ថាប័នហិរញ្ញវត្ថុណាមួយ​នៅក្នុងពិភពលោកផងដែរ។

សូមជម្រាបថាវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយសមាគម​ធនាគារ​នៅកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា។ វិទ្យាស្ថានធនាគារ​និង​ហិរញ្ញវត្ថុ ផ្តល់ជូននូវការបណ្តុះបណ្តាលស្ដង់ដារអន្តរជាតិ ប៉ុន្តែក៏មានការ​បណ្តុះ​បណ្តាលក្នុងស្រុកដែលមានតម្លែសមរម្យសម្រាប់សមាជិក ABC និង CMA រួមមាន ធនាគារពាណិជ្ជកម្ម ធនាគារឯកទេស និងស្ថាប័នមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន គឺស្ថិតក្នុងចំណោមសាកល​វិទ្យាល័យកំពូល​នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូនកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តម​សិក្សា ជាមួយនឹងកម្មវិធីសិក្សាដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​អ្នកស្រុក​ព្រះនេត្រព្រះ ...

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ...

ដូនជី វ័យ​៨២​ឆ្នាំ​ម្នាក់...

​​ដោយៈ ស​រិ​ទ្ធ / បន្ទាយ​...

​សម្តេច​តេ​ជោ ហ៊ុន សែន​៖​...

ដោយៈតារារិទ្ធ/​ភ្នំពេញ​៖​...

យន្តហោះ​បំបាំងកាយ​របស់​ចិ...

​ប្រែ​សម្រួលៈ​វាសនា​/​ឡុង...