ដោយៈ មេសា/ភ្នំពេញៈ តាមរយៈបណ្តាញតេឡេហ្ក្រាម នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២០ នេះលោកវេជ្ជបណ្ឌិត លាង រិទ្ធី នាយកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃ មជ្ឃមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ នៃ ក្រសួងសុខាភិបាល បានសំណូមពរយ៉ាងទទូចម្តងហើយម្តងទៀតដល់ប្រជាជនដែលក្តៅខ្លួនថា នៅពេលមាននរណាម្នាក់ក្តៅខ្លួនចាប់ពី ៣៧,៥ អង្សាឡើងទៅ សូមកុំយកអ្នកជំងឺនោះទៅមន្ទីរពេទ្យ ឬ គ្លីនិកឯជន ប៉ុន្តែត្រូវប្រញាប់យកទៅមន្ទីរពេទ្យរដ្ឋ ដែលនៅក្បែខ្លួនបំផុត កុំឱ្យហួសពី ២៤ ម៉ោង ហើយត្រូវចៀសវាងដាច់ខាត កុំសាកល្បងព្យាបាលដោយខ្លួនឯង រួមទាំងការផ្សំថ្នាំនៅតាមគ្លីនិកឯកជន ឬ ឱសថស្ថាននានាផង ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ពុំនោះទេ គេអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែជំងឺគ្រុនឈាម ឬក៏អាចខាតបង់លុយកាក់ថវិកា ទ្រព្យសម្បត្តិដោយមិនត្រឹមត្រូវ ។
បើតាមលោកវេជ្ជបណ្ឌិត លាង រិទ្ធី ដដែល គិតត្រឹមសប្តាហ៍ទី ០១ នៃខែ តុលា ឆ្នាំ ២០២០ នេះ ជំងឺគ្រុនឈាម នៅទូទាំងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ៩ ពាន់ករណីហើយ ដែលក្នុងនោះជំងឺគ្រុនឈាមបានបណ្តាលមនុស្សស្លាប់បានកើនឡើងដល់ ១៤ នាក់ ហើយចំពោះអ្នកស្លាប់ទាំង ១៤ នាក់នោះ ដោយសារមូលហេតុដូចគ្នាទាំងអស់ គឺដោយសារការយកអ្នកជំងឺទៅ មន្ទីរពេទ្យរដ្ឋយឺតពេល ដោយសារពួកគេនៅរេរាអែអង់ព្យាបាលដោយខ្លួនឯង និង ព្យាបាលតាមគ្លីនិកឯកជន លុះដល់ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ទើបយកទៅមន្ទីរពេទ្យរដ្ឋ គឺវាយឺតពេលទៅហើយ ។
ទិន្នន័យ នៃជំងឺគ្រុនឈាម ខាងលើនេះ គឺបានកើនឡើងប្រមាណជាជាង ១ ពាន់ករណី បើធៀបទៅនឹងកាលពីដើមពី ខែកញ្ញា ឆ្នាំ ២០២០ នេះ ដែលកាលណោះ នៅទូទាំងប្រទេសកម្ពុជា មានអ្នកជំងឺគ្រុនឈាម ជាង ៧ ករណី និង ស្លាប់តែ ៩ ករណី ប៉ុណ្ណោះ ។
លោកវេជ្ជបណ្ឌិត លាង រិទ្ធី បានពន្យល់អំពីមូលហេតុដែលលោកណែនាំសាធារណជន ពេលក្តៅខ្លួន កុំឱ្យទៅមន្ទីរពេទ្យ ឬ គ្លីនិកឯកជន ថា “ គ្លីនិកឯកជនជាច្រើន ស្មោះត្រង់ចំពោះវិជ្ជាជីវៈ និងក្រមសីលធម៌របស់ខ្លួនហើយ ប៉ុន្តែគ្លីនិកឯកជន ខ្លះ មិនទាន់ស្មោះត្រង់នៅឡើយទេ គឺនៅពេលមានអ្នកជំងឺក្តៅខ្លួនទៅរកការព្យាបាល ពួកគេមិនបានគោរពកាតព្វកិច្ចឱ្យបានត្រឹមត្រូវតាមប្រភេទជំងឺឡើយ បើទោះបីជាគេដឹងថា ជំងឺនោះគឺជាជំងឺអ្វី ហើយត្រូវព្យាបាលបែបណាក៏ដោយ ប៉ុន្តែពួកគេនៅតែអូសបន្លាយពេលវេលា ធ្វើយ៉ាងណាឱ្យអ្នកជំងឺ ( ក្តៅខ្លួន ) នៅសម្រាកព្យាបាលកន្លែង ( មន្ទីរពេទ្យ ឬគ្លីនិកឯកជន ) របស់ពួកគេ ហើយនោះ គឺជាមូលហេតុនាំឱ្យមានអ្នកជំងឺស្លាប់បាត់បង់ជីវិតទាំង ១៤ ករណីខាងលើនេះ ខណៈអ្នកជំងឺខ្លះបានចំណាយលុយកាក់អស់ពីខ្លួន រហូតលក់ទ្រព្យសម្បត្តិ ឬ ស្រែចម្ការ ក៏មាន ។

ដោយហេតុនេះ លោកវេជ្ជបណ្ឌិត លាង រិទ្ធី សំណូមពរ និង អង្វរករដល់គ្លីនិកឯកជនដែលមិនទាន់ស្មោះត្រង់ចំពោះវិជ្ជាជីវៈ និង ក្រមសីលធម៌របស់ខ្លួន ថា ប្រសិនបើមិនអាណិតអាសូរដល់អ្នកជំងឺទេ ក៏សូមមេត្តាកុំឆ្លៀតកេងចំណេញលើប្រជាជនដែលកំពុងមានជំងឺ ។
ដោយឡែក ជំងឺគ្រុនឈីក បាននិង កំពុងកើតមានដល់ទៅ ២២ ខេត្ត ក្រុងហើយ បណ្តាលឱ្យមានអ្នកជំងឺគ្រុនឈីក នេះជាង ៦ ពាន់នាក់ ។ ទោះយ៉ាងណាមិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈីក នេះនៅឡើយទេ ។
បើតាមលោកវេជ្ជបណ្ឌិត លាង រិទ្ធី ជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក កើតឡើងដោយសារមូលហេតុដូចគ្នា គឺត្រូវមូសខ្លាញីខាំ ហេតុនេះ ដើម្បី បង្ការជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក ថែមទាំងបង្ការបាននូវជំងឺស៊ីកា ផងនោះ គឺត្រូវធ្វើយ៉ាងណា កុំឱ្យមូសខ្លាញីខាំ ។
ជាការកត់សម្គាល់ កន្លងមក លោកវេជ្ជបណ្ឌិត លាង រិទ្ធី តាមរយៈមធ្យោបាយជាច្រើន ដោយរួមទាំងការចុះជួបប្រជាជនដោយផ្ទាល់នៅតាមមូលដ្ឋានគោលដៅសំខាន់ៗ ក៏ដូចជាតាមរយៈបណ្តាញផ្សព្វផ្សាយផ្សេងៗ តែងតែបានពន្យល់ និង ផ្ញើសារជាបន្តបន្ទាប់នូវអ្វីដែលបានលើកឡើងខាងលើនេះ ៕ Kh/Ha




