ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក កាលពីថ្ងៃពុធទី០៧តុលា បានព្រមានកុំឲ្យចិនធ្វើការប៉ុនប៉ងណាមួយដើម្បីចាប់យកកោះតៃវ៉ាន់តាមរយៈកម្លាំងយោធា ដោយលោកបានបញ្ជាក់ថា ការវាយឡើងគោកពិតជាមានការលំបាក រីឯចម្លើយតបរបស់សហរដ្ឋអាម៉េរិកមានភាពមិនច្បាស់លាស់ច្រើន។

លោក រ៉ូប៊ឺត អូប្រាយអ៊ឹន(Robert O’Brien)បានប្រាប់ពិធីមួយនៅសកលវិទ្យាល័យណេវ៉ាដាក្នុងទីក្រុងឡាស វេហ្កា ថា ចិនបានបង្កើនកម្លាំងទ័ពជើងទឹកដ៏ធំសម្បើម ដែលប្រហែលជាមិនត្រូវបានគេធ្លាប់ឃើញចាប់តាំងពីអាឡឺម៉ង់ព្យាយាមប្រជែងជាមួយកងទ័ពជើងទឹកអង់គ្លេសនៅមុនសង្គ្រាមលោកលើកទី១។
លោកបានបន្តថា «ជាផ្នែកនៃការបង្កើនកម្លាំងទ័ពនេះ អាចឲ្យចិនរុញពួកយើងចេញពីប៉ាស៊ីហ្វិកខាងលិច និងអនុញ្ញាតឲ្យគេវាយប្រហារឡើងគោកចូលកោះតៃវ៉ាន់។បញ្ហាគឺនៅត្រង់ថា ការវាយឡើងគោកមានការលំបាកខ្លាំង។ពីឆ្នេរចិនដីគោកទៅកោះតៃវ៉ាន់មានចម្ងាយ១៦០គីឡូម៉ែត្រ» ។
នៅពេលត្រូវបានសួរថាតើអាម៉េរិកមានជម្រើសអ្វីខ្លះបើចិនព្យាយាមលេបយកតៃវ៉ាន់ លោក អូប្រាយអ៊ឹន បាននិយាយថា «វាមិនជាការងារងាយស្រួលទេនិងក៏អាចមានចម្លើយតបមិនច្បាស់លាស់ច្រើនពីសហរដ្ឋអាម៉េរិក ចំពោះការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់»។
លោក អូប្រាយអ៊ឹន និយាយដល់គោលនយោបាយអាម៉េរិកជាយូរមកហើយស្តីពី«ភាពមានន័យមិនពិតប្រាកដខាងយុទ្ធសាស្ត្រ» អំពីបញ្ហាថាតើខ្លួននឹងអន្តរាគមន៍ការពារតៃវ៉ាន់យ៉ាងណា ។
ចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន និងបានប្តេជ្ញាបង្រួបបង្រួមវាឡើងវិញជាមួយចិនដីគោក ដោយអាចប្រើកម្លាំងយោធាផងបើចាំបាច់។តែសហរដ្ឋអាម៉េរិកតម្រូវដោយច្បាប់របស់ខ្លួន គឺការពារកោះតៃវ៉ាន់ តាមមធ្យោបាយការពារខ្លួន តែមិនបានបញ្ជាក់ច្បាស់ថាខ្លួននឹងចូលអន្តរាគមន៍យោធាដែរឬអត់នៅក្នុងព្រឹត្តិការណ៍ដែលចិនវាយប្រហារកោះនេះ ។
ការព្រមានរបស់ទីប្រឹក្សាសន្តិសុខជាតិរូបនេះ កើតឡើងនៅពេលចិនបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់និងនៅពេលទំនាក់ទំនងចិន-អាម៉េរិកធ្លាក់ចុះដល់កម្រិតទាបបំផុតមិនដែលធ្លាប់មាននៅរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ នៅមុនអាម៉េរិកធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃ៣វិច្ឆិកា។
អូប្រាអ៊ឹនបានធ្វើការអំពាវនាវជាថ្មីឲ្យតៃវ៉ាន់ចំណាយលុយច្រើនថែមទៀតលើមធ្យោបាយការពារខ្លួននិងធ្វើកំណែទម្រង់យោធា ដើម្បីធ្វើឲ្យប្រាកដថាចិននឹងប្រថុយធំបើហ៊ានចូលលុកលុយតៃវ៉ាន់។
កាលពីថ្ងៃអង្គារ មន្ត្រីយោធាជាន់ខ្ពស់អាម៉េរិកទទួលបន្ទុកអាស៊ីបូព៌ា បានហៅការបង្កើនចំណាយយោធារបស់តៃវ៉ាន់ចំនួន១,៤ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ ថាមិនគ្រប់គ្រាន់។លោកថា តៃវ៉ាន់ត្រូវវិនិយោគលើសមត្ថភាពការពារកាំជ្រួចបណ្តែត មីនក្នុងសមុទ្រ យានវាយប្រហារលឿន កងកាំភ្លើងធំចល័ត និងយានស៊ើបការណ៍ទំនើប៕ប្រែសម្រួល៖វាសនា/Ha