ដោយ: សុផល / ភ្នំពេញ: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីការអនុវត្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រជាពលរដ្ឋមានការភ្ញាក់រឮកច្រើន ហើយបច្ចុប្បន្ននេះមានទិន្នន័យយានយន្តផុតសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសប្រមាណ ២៨%។ លោកបានបញ្ជាក់ផងដែរថា មកទល់ពេលនេះ ក្រសួងបានធ្វើការផ្ញើសារ SMS ចេញទៅក្រើនរម្លឹកម្ចាស់យានយន្តប្រមាណ១២,០០០នាក់ហើយ ហើយយើងក៏បន្តផ្ញើសារនេះ ដើម្បីជូនដំណឹងទៅកាន់ពួកគាត់ផងដែរ សំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សូមជម្រាបថា ដើម្បីជួយសម្រួលនិងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្រសួងសាធារណការនិងដឹកជញ្ជូនសហការជាមួយវិស័យឯកជន បានបង្កើតមណ្ឌលឆៀកយានយន្តបានជាច្រើនកន្លែង។ បច្ចុប្បន្ននេះ មានមណ្ឌលឆៀកយានយន្តសរុបចំនួន ១៥កន្លែង និងឆៀកចល័ត ៣គ្រឿង ក្នុងនោះរាជធានីភ្នំពេញមាន ៦កន្លែង និង៩កន្លែងនៅតាមខេត្តចំនួន៩ដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម សៀមរាប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ រតនគិរី និងខេត្តព្រះវិហារ ដោយឡែកឆៀកចល័ត៣គ្រឿងកំពុងធ្វើ ប្រតិបត្តិការឆៀករបស់ខ្លួននៅតាមខេត្តឆ្ងាយៗមួយចំនួនដែលមិនទាន់មានមណ្ឌលឆៀក និងគ្រោងស្ថាបនាទីតាំងចំនួន៤កន្លែងទៀតនៅឆ្នាំ២០២១ និង២០២២ នៅតាមបណ្តានានាដូចជា៖ ខេត្តកំពង់ធំ ស្វាយរៀង បន្ទាយមានជ័យ និងខេត្តកំពត។ កាលពីថ្ងៃទី៧ តុលា មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) មួយទៀតនៅកំបូល រាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ។
លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈ សេវាចាំបាច់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ជូនបងប្អូនប្រជាពលរដ្ឋ ការដាក់ឱ្យដំណើរការមណ្ឌលប្តូរ ឬពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ អ៊ីអន ២ និងផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល ដើម្បីបង្ខិតសេវានេះទៅកៀកប្រជាពលរដ្ឋផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ប្តូរ ឬពន្យារបណ្ណបើកបរ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញចុះបញ្ជីយានយន្ត ការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមប្រព័ន្ធអនឡាញ ការរៀបចំកម្មវិធីបប្រឡងយកបណ្ណបើកបរ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់យានយន្ត ការផ្ទេរកម្មសិទ្ធិយានយន្ត ដែល អាចឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការស្នើសុំសេវា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយក រដ្ឋមន្ត្រីគឺ ធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងនឹងបន្តខិតខំរកនីតិវិធីផ្សេងទៀតដើម្បី ផ្តល់សេវាងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋនិងបន្តសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដូចជា៖ ការពង្រីកនិងពង្រឹងគុណភាពផ្លូវ ការសាងសង់ស្ពាន និងកំពង់ផែជាដើម ដើម្បីឱ្យប្រព័ន្ធដឹក ជញ្ជូនមានភាពប្រកួតប្រជែង អាចដឹកជញ្ជូនបានក្នុងតម្លៃថោក និងអាចទាក់ទាញវិនិយោគិនបង្កើត ការងារធ្វើ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋផងដែរ។
លោកបានគូសបញ្ជាក់ផងដែរថា៖ ទោះបីប្រទេសយើងក៏ដូចសកលលោកកំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩យ៉ាងណាក្ដី ក៏រាជរដ្ឋាភិបាលនៅតែបន្តស្ថាបនាហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក ស្ពាន និងកំពង់ផែឥតឈប់ឈរឡើយ។

លោកទេសរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន ដែលមិនទាន់បាន យកយានយន្តរបស់ខ្លួនទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសសូមយកយានយន្តរបស់ខ្លួន ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមច្បាប់កំណត់មុននឹងធ្វើចរាចរណ៍ដើម្បីចូលរួមចំណែកក្នុងការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ និងបានសំណូមពរឱ្យ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវប្រើ គ្រឿងស្រវឹង និងទូរស័ព្ទពេលកំពុងបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ៕ ល
