ដោយៈ សុខុម / ក្រចេៈ ជនរងគ្រោះ មួយគ្រួសារគឺ ឪពុក ម្តាយ និងកូនប្រុសតូច បានបាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់មួយ បង្កឡើងរវាងរថយន្តបុកម៉ូតូ នៅវេលាម៉ោង ៦និង១៥នាទី យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះ តាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិសង្គម ឃុំសណ្ដាន់ ស្រុកសម្បូណ៌ ខេត្តក្រចេះ។
ប្រភពព័ត៌មានបឋម ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ រថយន្តបង្កម៉ាកតូយ៉ូតា កាមរី ពណ៌បៃតង ពាក់ផ្លាកលេខ ព្រះសីហនុ: 2A 2100 ។ រថយន្ត ទំនងជាបើកក្នុងល្បឿនលឿន ក្នុងទិសដៅពីខាងជើងទៅខាងត្បូង ហើយបានបុកម៉ូតូជនរងគ្រោះ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យជនរងគ្រោះចំនួនបីនាក់ ឪពុក ម្ដាយ ព្រមទាំងកូនប្រុស បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដោយសាកសព បែកជាបំណែកៗ។ រថយន្តបង្ក រងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងម៉ូតូជនរងគ្រោះ ខូចខាតស្ទើរទាំងស្រុង រហូតមើលមិនស្គាល់ម៉ាក ។ បន្ទាប់ពីកើតហេតុភ្លាមៗនោះ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ពុំទទួលខុសត្រូវឡើយ។
ចំពោះសពជនរងគ្រោះ ទាំងបីនាក់ ឪពុក ម្តាយ និងកូនប្រុស សមត្ថកិច្ច នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ក្រោយកើតហេតុ សមត្ថកិច្ច បានស្ទូចយករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកសម្បូណ៌ ដើម្បីស្រាវជ្រាវ និងបន្តដោះស្រាយនាពេលក្រោយ ៕/V/Ha