កូនឈើ​ជាង​៤​ម៉ឺន​ដើម ត្រូវបាន​ដាំ​ស្តារ​ព្រៃ​ឡើងវិញ ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ស្ទឹង​ថ្មី នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ខេត្តពោធិ៍សាត់​

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: កូនឈើ​ជាង​៤​ម៉ឺន​ដើម ត្រូវបាន​ដាំ​នៅលើ​ផ្ទៃដី​ចំនួន​៥៦​ហិច​តា ក្នុងចំណោម​ផ្ទៃដី ៣០០ ហិកតា ដែល​បាន​ដកហូត​ពី​ជនខិលខូច ដែល​បាន​លួច​កាប់​ទន្ទ្រានព្រៃ​ខុសច្បាប់ នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ស្ទឹង​ថ្មី ក្នុង​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុស ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ា​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​កន្លងមក​។ នេះ​តាម​ការផ្សាយ​របស់​ក្រសួងបរិស្ថាន​អោយដឹង​នៅ​ថ្ងៃទី​7​ខែតុលា​នេះ​។​

​កម្មវិធី​ដាំ​កូនឈើ​ស្តារ​ព្រៃ​ឡើងវិញ នេះ​រៀបចំឡើង​ក្រោម​អធិបតីភាព លោក រ័ត្ន វិ​រៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន អមដំណើរ​ដោយ លោក​ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន និង​មានការ​ចូលរួម​ពី ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងបរិស្ថាន តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP តំណាង​ស្ថានទូត​ស៊ុយ​អ៊ែត​ប្រចាំ​កម្ពុជា ក្រុមការងារ RECOFTC អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។​

​លោក ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន បាន​លើកឡើងថា ការកំណត់​យក​សហគម​ន៍​តំបន់ការពារធម្មជាតិ​ស្ទឹង​ថ្មី ដាំ​កូនឈើ គឺ​ដើម្បី​លើកទឹកចិត្ត​សហគមន៍​តំបន់ការពារធម្មជាតិ​ដាំ​ស្តារ​ព្រៃ និង​លើកកម្ពស់​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។ លោក​បន្ថែមថា ការដាំ​កូនឈើ​ព្រៃ​នេះ​គឺ​សំរាប់​ការអភិរក្ស​ធន​ធាន​ធម្មជាតិ ជាពិសេស​បង្កើន​ជិ​វៈ​ចម្រុះ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ព្រៃឈើ​នៅទីនេះ មិនអាច​ផ្តល់​ផល​ទៅដល់​គាត់​ផ្ទាល់​មែន ប៉ុន្តែ​វា​អាច​អភិរក្ស​ជីវៈចម្រុះ ហើយ​អាច​រក្សា​ទឹក និង​ទាក់ទាញ​ទឹកភ្លៀង តាមរយៈ​ការថែរក្សា​ព្រៃឈើ​ឱ្យបាន​ល្អ​នេះ​។ ទៅ​ថ្ងៃ​ខាងមុខ ក្រសួងបរិស្ថាន​មាន​គម្រោង​ដាំ​ដើម​អាកាស្យា ដែល​កំពុងមាន​តម្រូវការ​ខ្ពស់ និង​អាច​ប្រមូល​ផល​នៅក្នុង​រយៈពេល ៥ ទៅ ៦​ឆ្នាំ​ខាងមុខ នៅក្នុង​ដី​នៃ​ផ្នែក​ណាមួយ​តំបន់​សហគមន៍​នេះ ជាមួយគ្នានេះ​ក្រសួង​នឹង​ពិនិត្យ​លើ​លទ្ធភាព​គម្រោង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​តាមរយៈ​ការផ្តល់​ពូជ​មាន់ គោ ពពែ ជ្រូក ដែល​ជួយ​បង្កើន​នូវ​ចំណូល​របស់​សហគមន៍ ដែលជា​អ្នកទទួលផល​ផ្ទាល់​។

​ក្នុងឱកាស​នោះ លោក រ​ត្ន័ វិ​រៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ការចូលរួម​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​ប្រជា​ពល​សហគមន៍​ដោយផ្ទាល់​ដាំ​ស្តារ​ព្រៃ​នៅពេលនេះ គឺជា​ការបង្ហាញ​ពី​ស្មារតី​ស្រលាញ់​ធនធានធម្មជាតិ ដែល​រួមមាន​ព្រៃឈើ សត្វព្រៃ ជាដើម​។ ទាំងអស់នេះ​គឺជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ទឹកភ្លៀង រក្សា​លំនឹង​ធម្មជាតិ ការពារ​ខ្យល់ព្យុះ និង​គ្រោះធម្មជាតិ​ផ្សេងៗ​។ លោក​បន្តថា ព្រៃឈើ​នៅក្នុង​តំបន់​នេះ​គឺជា​ប្រភេទ​ព្រៃរបោះ ដែល​អាចអោយ​សត្វ​គ្រប់​ប្រភេទ​រស់នៅ​បាន ហេតុដូច្នេះ ប្រសិនបើ​យើង​ការពារ​ព្រៃឈើ សត្វព្រៃ បាន​នោះ​យើង​និង​បាន​ថវិកា​ជួយ​ដល់​ការអភិវឌ្ឍ​ជីវភាព​សហគមន៍​។ លោក​បាន​សង្កត់ធ្ងន់​ប​ន្ត​ថា នៅពេល​ខាងមុខ​ក្រសួង​បរិស្ថាន​និង​ចូលរួម​អភិវឌ្ឍន៍​នៅក្នុង​តំបន់​នេះ ឱ្យមាន​ប្រភព​ចំណូល​តាមរយៈ​ការ បង្កើតជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​ទេសចរ អាចមក​មើល​សត្វព្រៃ និង​ព្រៃឈើ នៅក្នុង​តំបន់​នេះ​ផងដែរ​។

​គួរ​បញ្ជាក់ថា សហគមន៍​តំបន់ការពារធម្មជាតិ​ស្ទឹង​ថ្មី បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១០ គ្រប់គ្រង​នៅលើ​ផ្ទៃដី ចំនួន​ទំហំ ៧១២ ហិកតា មានការ​ចូលរួម​ពី​ប្រជាជន​ចំនួន ១១០​គ្រួសារ ។ កូនឈើ​ព្រៃ​ដែល​បាន​ដាំ​ប្រមាណ​ជាង ៤​ម៉ឺន​ដើម​នៅពេលនេះ ជា​ប្រភេទ​ឈើ​គ្រញូង ធ្នង់ បេង គគីរ ឈើទាល កកោះ​ជាដើម ដែល​នាយក​ដា្ឋ​ន​ជីវភាព​សហគមន៍ បានទទួល​ថវិកា​ពី UNDP សម្រាប់​ការដាំ​ស្តារ​ព្រៃឈើ និង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​(​គ្រួសារ​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩០ គ្រួសារ​) និង​មជ្ឈមណ្ឌល​សម្រាប់​មនុស្ស​និង​ព្រៃឈើ (RECOFTC) បាន​គាំទ្រ​ថវិកា និង​ចូលរួម​ក្នុង​សកម្មភាព​ដាំ​ស្តារ​កូនឈើ​នេះ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...