ប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀរ ពូទីនកាលពីថ្ងៃពុធទី៧តុលាបានសាទរការបាញ់សាកល្បងជោគជ័យនូវមីស៊ីលបញ្ជាទិសលឿនជាងសំឡេងថ្មីឈ្មោះថា Zircon ជាព្រឹត្តិការណ៍ដ៏ធំសម្រាប់ប្រទេស។
និយាយទៅកាន់លោកពូទីនតាមរយៈវីដេអូ អគ្គសេនាធិការចម្រុះរុស្សុី លោក វ៉ាល់ឡឺរី ជើរ៉ាស៊ីម៉ូវ បាននិយាយថា ការបាញ់សាកល្បងបានធ្វើឡើងកាលពីថ្ងៃអង្គារពីនាវា Admiral Groshkov ដែលស្ថិតនៅក្នុងសមុទ្រសនៅភាគខាងជើងប្រទេសរុស្ស៊ី។
លោកបានបន្ថែមទៀតថាមីស៊ីលនេះបានវាយចំគោលដៅមួយនៅក្នុងសមុទ្របារិន។
លោកពូទីន ដែលប្រារព្វពិធីខួបកំណើតគម្រប់អាយុ ៦៨ ឆ្នាំរបស់លោកកាលពីថ្ងៃពុធ បាននិយាយថា “ការបំពាក់ឱ្យកងកម្លាំងប្រដាប់អាវុធរបស់យើង ពោលគឺកងទ័ពជើងគោកនិងកងទ័ពជើងទឹកជាមួយនឹងប្រព័ន្ធសព្វាវុធទំនើបបំផុតគ្មានគូប្រៀបនេះ ពិតជាបានធានានូវសមត្ថភាពការពារប្រទេសរបស់យើងក្នុងរយៈពេលវែង”។
ក្នុងឆ្នាំ ២០១៩ លោកពូទីនធ្លាប់បាននិយាយថាមីស៊ីល Zircon អាចមានសមត្ថភាពហោះលឿនជាងសំឡេង ៩ ដងនិងហោះបានចម្ងាយ ១.០០០ គីឡូម៉ែត្រ៕ ដោយ ៖ កញ្ញាដាលីស

