ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យ បានសហការជាមួយ ពេទ្យសត្វស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះ បានចុះត្រួតពិនិត្យការចិញ្ចឹមគោ និងពិនិត្យតាមដានជំងឺ លើគោក្របី របស់ប្រជាពលរដ្ឋ នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ព្រមទាំងបានផ្សព្វផ្សាយពី រោគសញ្ញាជំងឺឆ្លងសត្វគោក្របី និងវិធានការ ការពារជំងឺសាទឹក អុតក្តាម ។
លោក ហ៊ុន លី បានឱ្យដឹងថាៈ ក្នុងការចុះត្រួតពិនិត្យ ការចិញ្ចឹមគោ និងពិនិត្យតាមដានជំងឺ លើគោក្របី របស់ប្រជាពលរដ្ឋនោះ ឃើញថា កសិករចិញ្ចឹម គោក្របី ៣ គ្រួសារ មានគោ សរុប ៥២ ក្បាល (ឈឺ ១២ ក្បាល) និងក្របីសរុប ៣៨ ក្បាល (ឈឺ ៤ ក្បាក) ហើយរោគសញ្ញាជំងឺ មានបែកពងមាត់ ដំបៅក្រចក អត់ស៊ីចំណី ពិបាកដកដង្ហើម ហៀរសំបោរ និងរឹងក ហើយពេទ្យសត្វ ធ្វើរោគវិនិច្ឆ័យថា ជាជំងឺអុតក្តាម លាយជាមួយសាទឹក ។
នៅក្នុងឱកាសនោះដែរ លោក ហ៊ុន លី ក៏បានផ្ដាំផ្ញើដល់ប្រជាកសិករទាំងអស់ ដែលចិញ្ចឹមគោក្របី ត្រូវយកចិត្តទុកដាក់ ថែទាំសត្វគោក្របីរបស់ខ្លួន ឱ្យបានល្អ ហើយបើសិនជាមានជំងឺ កើតអុតក្ដាម និងជំងឺសាទឹក ត្រូវរាយការណ៍ជាបន្ទាន់ មកពេទ្យសត្វភូមិ ឬមកការិយាល័យពេទ្យសត្វ ដើម្បីឲ្យក្រុមការងារ ចុះពិនិត្យជាក់ស្ដែង និងចាក់ថ្នាំគោក្របី ជូនប្រជាពលរដ្ឋ៕/V





