Home ព័ត៌មានជាតិ សង្គម គណៈបញ្ជាការឯក...

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញអនុវត្តការងារទទួលបានជោគជ័យទាំងការការពារសន្តិសុខជូនគណៈប្រតិភូ ថ្នាក់ដឹកនាំ ការពារបុណ្យជាតិនិងទប់ស្កាត់បទល្មើស

ដោយ:រ៉ាម៉ន/ភ្នំពេញ៖  លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានលើកឡើងថា៖ ក្នុងរយៈពេល០៩ខែឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការងារទទួលបានជោគជ័យយ៉ាងច្រើនទាំងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនគណៈប្រតិភូ ក៏ដូចជាថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលជាមួយនឹងកិច្ចការពារបុណ្យជាតិនានា ។ ភាពជោគជ័យទាំងនេះគឺបានមកពីកិច្ចសហការគ្នាបានយ៉ាងល្អរវាងអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចទាំងនគរបាលនិងកងរាជអាវុធហត្ថ ។ ប៉ុន្តែការបង្ក្រាបបទល្មើស សមត្ថកិច្ចយើងបង្ក្រាបបានច្រើនករណីដោយឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនរហូតដល់ជិត៣ពាន់នាក់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីកិច្ចការងារនេះយើងត្រូវតែបន្តសហការធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានល្អប្រសើរថែមទៀត។

លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន បានមានប្រសាសន៍បញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី០៨ខែតុលាឆ្នាំ២០២០នេះ  ខណៈដែល លោកនិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសម្ភោធដាក់ឱ្យប្រើប្រាស់អគារអធិការរដ្ឋាននគរបាលខណ្ឌដូនពេញនិងសមិទ្ធផលលនានា នៅខណ្ឌដូនពេញ ។

លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនបានកោតសរសើរចំពោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងនាមជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំបានល្អក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានល្អកន្លងមក។ពិសេសទៀតនោះក្នុងចំណោមអគារទាំង៧ទីតាំងដែលសម្ភោធនាពេលនេះមានចំនួនខ្នងជាអំណោយរបស់លោកឃួង ស្រេង ១ខ្នងរបស់សម្ដេចក្រឡាហោមស ខេង និង១ខ្នងរបស់លោកលោកឧត្ដមសេនីយ៍ស ថេត។

លោកនាយឭត្ដមសេនីយ៍ក៏បានបញ្ជាក់ផងដែរថា៖ តាមការព្យាករណ៍គឺមានពីរចំណុចទៅអនាគតដែលយើងត្រូវគិតគូរ នោះគឺការព្យាយាមពីពួកឧទ្ទាម ដោយពួកគេមិនបោះបង់ចោលទេ នូវឧបាយកល់នៃការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ ដែលបញ្ហានេះយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ ។ បញ្ហាទី២ ការដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋពិសេសគឺការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌបទល្មើសឧក្រិដ្ឋបញ្ហាគ្រឿងញៀន បើទោះបីជាយើងធ្វើការបង្ក្រាបបានលទ្ធផលល្អប្រសើរហើយក្តី ។

 លោកបញ្ជាក់បន្ថែមថា៖មកដល់ម៉ោងនេះគឺមិនទាន់មានប្រទេសណាមួយឬក្រុមគ្រូពេទ្យណាមួយដែលរកឃើញថ្នាំព្យាបាល សម្រាប់អ្នកញៀនគ្រឿងញៀននោះទេ ។ អ្វីដែលយើងអាចធ្វើបាននោះគឺការព្យាបាលដោយការបន្សាបគ្រឿងញៀនជាមួយនិងការធ្វើពលកម្មនៅក្នុងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន។

លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ផងដែរថាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមកនេះ យើងបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានល្អ ហើយដើម្បីធ្វើយ៉ាងណាឱ្យភូមិសង្កាត់មានសុវត្ថិភាពថែមទៀតនោះ ជាទិសដៅរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺបន្តយុទ្ធនាការយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ។ ទី២ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ទី ៣ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ ទី៤ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋពិសេសការផ្ដល់អត្តសញ្ញាណប័ណ្ណតាមច្រកចេញចូលតែមួយដែលយើងគ្រោងនិងអនុវត្តនៅពេលដ៏ឆាប់ខាងមុខនេះនិងទី៥ គឺការត្រៀមរៀបចំនិងកិច្ចការទប់ស្កាត់នៅការចូលស្រុកវិញរបស់មេខ្លោងបដិវត្តន៍ពណ៌។

ពាក់ព័ន្ធនឹងការសម្ពោធខាងលើនេះ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមើលឃើញអគារនៃអធិការរដ្ឋាននគរបាលខណ្ឌដូនពេញ មានលក្ខណៈចាស់ទ្រុឌទ្រោម ទើបសម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចអោយសាងសង់ជាអគារថ្មីឡើងវិញ ដោយមានកម្ពស់០៥ជាន់ មាន ២៧បន្ទប់ បំពាក់ដោយជណ្ដើរយន្ត មានសាលប្រជុំ មានសាលសម្រាប់ធ្វើការ មានបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន ដោយចំណាយថវិកាអស់ចំនួន ជាង៦៦៨០០០ដុល្លារសហរដ្ឋអាមេរិក ដោយបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨មិនាឆ្នាំ ២០១៩ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី ២៧ ឧសភាឆ្នាំ២០២០ ។ ពាក់ព័ន្ធនឹងការកសាងអាគារនេះផងដែរ ក្រសួងមហាផ្ទៃ ក៏ត្រៀមនឹងធ្វើការសាងសង់ អធិការដ្ឋានគរបាលខណ្ឌចំនួន០៤បន្ថែមទៀតផងដែរ ដែលក្នុងនោះ មានដូចជាអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វា ព្រែកព្នៅ កំបូលនឹងអធិការដ្ថាននគរបាលខណ្ឌមានជ័យ ។

គួរបញ្ជាក់ផងដែរថា ការបើកសម្ពោធសមិទ្ធផលនៃអាគារអធិការនគរបាលខណ្ឌដូនពេញនេះ ក៏បានបញ្ចូល រួមជាមួយនឹងការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ អាគារចរាចរណ៍ ប៉ុស្តិ៍នគរបាល២៤ម៉ោងលើ ២៤ម៉ោង សរុបចំនួន ៧អគារ ដើម្បីទុកឱ្យកងកម្លាំងមានសមត្ថកិច្ចបានសម្រាកនិងបំពេញការងារជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ទាំងការដោះស្រាយបញ្ហាចរាចរណ៍ ក៏ដូចជាកិច្ចការពារសន្តិសុខសណ្តាប់ ធ្នាប់ជូន បងប្អូនប្រជាប្រជាពលរដ្ឋ ហើយក្នុងចំណោយអគារទាំង៧នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជួយឧបត្ថម្ភចំនួន៥អគារ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular