ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ឧបត្ថម្ភ​សម្ភារ​ឧបករណ៍​ទប់ស្កាត់​កូ​វីដ​១៩​មួយចំនួនធំ​ដល់​ក្រសួងសុខាភិបាល

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ដែលជា​ផ្នែក​ការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​បាន​ឧបត្ថម្ភ​ផ្ទាំង​ក្តារ​ព័ត៌មាន​ស្តីពី​វិធានការ​បង្ការ​ការចម្លង​ជំងឺ​កូ​វីដ​-១៩​ភ្ជាប់​ជាមួយ​ទែ​រ​ម៉ូ​ម៉ែត្រ​ប្រើប្រាស់​កាំរស្មី​ក្រហម​អាំង​ប្រា​ស្វ័យប្រវត្តិ​។​ជាមួយនិង​ឧបករណ៍​ដាក់​អាល់កុល​លាងដៃ​ស្វ័យប្រវត្តិ ១០០ ឈុត​ដល់​ក្រសួងសុខាភិបាល​ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា​។​ឧបករណ៍​ទាំងនេះ​នឹងត្រូវ​ប្រើប្រាស់​នៅតាម​សាលារៀន​ដែល​បាន​បើក​ដំណើរការឡើង វិញ​កាលពី​ថ្ងៃទី​៧ ខែកញ្ញា​បន្ទាប់ពី​បិទទ្វារ​រយៈពេល ៦ ខែ​កន្លងមក​។

​ផ្ទាំង​ក្តារ​ព័ត៌មាន​នីមួយៗ មាន​រៀបរាប់​អំពី​វិធាន​ការបង្ការ​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល និង​មាន​បំពាក់​ជាមួយ​នូវ​ទែ​រ​ម៉ូ​ម៉ែត្រ​ប្រើប្រាស់​កាំរស្មី​ក្រហម​អាំង​ប្រា​ដែល​វាស់​កម្តៅ​ស្វ័យប្រវត្តិ និង​ឧបករណ៍​ដាក់​អាល់កុល​លាងដៃ​ស្វ័យប្រវត្តិ​។ មុនពេល​ចូល​សាលារៀន សិស្សានុសិស្ស នឹងត្រូវ​ឈរ​នៅខាងមុខ​ឧបករណ៍​ស្គែ​ន​នេះ​ដើម្បី​វាស់​កម្តៅ​។

​ពន្លឺ​ពណ៌​បៃតង បញ្ជាក់​អំពី​កម្តៅ​ដែលមាន​សុវត្ថិភាព (៣៧,៥ អង្សា​សេ ឬ​ទាប​ជាង​នេះ​) ហើយ​បន្ទាប់មក​ពួកគេ​អាចដាក់​ដៃ​របស់​ពួកគេ​នៅក្រោម​ឧបករណ៍​ដាក់​អាល់កុល​លាងដៃ​ដែល​នឹង​ចេញ​ដោយ​ស្វ័យប្រវត្តិ​។ ប្រសិនបើ​ទែ​រ​ម៉ូ​ម៉ែត្រ​បញ្ចេញ​ពន្លឺ​ពណ៌​ក្រហម បញ្ជាក់ថា សិស្ស​នោះ​គ្រុនក្តៅ និង​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​ដើម្បី​ធ្វើការ​ព្យាបាល​ជាបន្ទាន់​។​ក្នុងដំណាក់កាល​ទាំងមូល​គឺ​សិស្ស​មិនចាំបាច់​ប៉ះ​ទែ​រ​ម៉ូ​ម៉ែត្រ និង​ឧបករណ៍​ដាក់​អាល់កុល​លាងដៃ​នោះទេ ហើយ​វា​មាន​អនាម័យ​ខ្ពស់ លឿន និង​មាន​សុវត្ថិភាព​បំផុត​។

​នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​នេះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានមក​ទទួល​បរិក្ខា​រទាំង​នេះ​ដោយផ្ទាល់​ជាមួយនឹង​លោក​សាស្ត្រាចារ្យ​រដ្ឋលេខាធិការ អេង ហួត ,​លោកស្រី​វេជ្ជបណ្ឌិត​រដ្ឋលេខាធិកា​រ យក់ សម្បត្តិ ,​លោកស្រី​វេជ្ជបណ្ឌិត​រដ្ឋលេខាធិកា​រ ឱ វណ្ណឌី​ន និង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល ពី​នាយក​គ្រប់គ្រង​ណាហ្គា​វើ​លដ៍ លោក Pern Chen ,​នាយក​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិការ លោក Cherchi Chen ប្រធាន​ផ្នែក​រដ្ឋបាល​សុវត្ថិភាព និង​សុខភាព​ការងារ លោក Emilio Thiel និង​នាយក​ផ្នែក​ការងារ​សង្គម អ្នកស្រី Cheong Cheng ។

​លោក Pern Chen បាន​ឲ្យ​ដឹងថា “​យើង​សង្ឃឹមថា ទែ​រ​ម៉ូ​ម៉ែត្រ​ស្វ័យប្រវត្តិ និង​ឧបករណ៍​ដាក់​អាល់​លាងដៃ​ស្វ័យប្រវត្តិ​ទាំងនេះ នឹង​ជួយ​សម្រួល​ដល់​សិស្ស និង​មន្ត្រី​អប់រំ​នៅពេល​ពួកគេ​ត្រឡប់មក​សាលារៀន​វិញ​។ “​បរិក្ខារ​ទាំងនេះ សុទ្ធតែ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ដូច្នេះ​យើង​មិនចាំបាច់​ស្គែ​ន​ដើម្បី​វាស់​កម្តៅ​ពួកគេ​ដោយ​ប្រើ​ដៃ និង​ចាក់​អាល់កុល​លើ​ដៃ​ពួកគេ​ដោយ​ប្រើ​ដៃ​នោះទេ​។ ប្រសិនបើ​សិស្សានុសិស្ស មាន​អារម្មណ៍​មិន​ស្រួលខ្លួន ពួកគេ​អាច​ដើរ​ទៅរក​ឧបករណ៍​ទាំងនោះ​គ្រប់ពេល​ដើម្បី​វាស់​កម្តៅ និង​លាង​សម្អាត​ដៃ​របស់​ពួកគេ​”​។

​លោក Pern Chen បាន​បន្ថែមថា “​ចំណែក​ព័ត៌មាន​នៅលើ​ផ្ទាំង​ក្តារ​ព័ត៌មាន ក៏​នឹង​ណែនាំ​សិស្សានុសិស្ស​អំពី​ការអនុវត្ត​ល្អ​បំផុត​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩ ផងដែរ ដូចជា ការពាក់​ម៉ាស់​ត្រឹមត្រូវ និង​វិធានការ​អនាម័យ ។​ល​។ ជាថ្មី​ម្តងទៀត យើង​សូម​ថ្លែងអំណរគុណ​ដល់​ក្រសួងសុខាភិបាល​ដែល​បានអនុញ្ញាត​ឲ្យ​ណាហ្គា​វើ​លដ៍​ចូលរួម​ជួយ​រក្សា​សុវត្ថិភាព​នៅក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​សកល​នេះ​”​។

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការឧបត្ថម្ភ ផ្ទាំង​ក្តារ​ព័ត៌មាន​ស្តីពី​វិធានការ​បង្ការ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ទែ​រ​ម៉ូ​ម៉ែត្រ​ស្វ័យប្រវត្តិ និង​ឧបករណ៍​ដាក់​អាល់កុល​លាងដៃ​ស្វ័យប្រវត្តិ​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​សិស្សានុសិស្ស​របស់​យើង​នៅពេល​ពួកគេ​ត្រឡប់មក​សាលារៀន​វិញ​។​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ណាហ្គា​វើ​ល​ដ៍ដែល​បាន​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​បង្ការ គ្រប់គ្រង និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា​”​។

​សូមបញ្ជាក់ថា បរិក្ខារ ១០០ ឈុត​ដែលមាន​តម្លៃ​សរុប ៥០.០០០ ដុល្លារ​អាមេរិក​នេះ គឺជា​ការឧបត្ថម្ភ​លើក​ទី​បួន​របស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ដល់​ក្រសួងសុខាភិបាល​បន្ទាប់​ពី​ការឧបត្ថម្ភ​កុំព្យូទ័រ​យួរដៃ ៥ គ្រឿង ជែ​ល​លាងដៃ ៥០០ ដប ម៉ាស៊ីន​ធ្វើតេស្ត​រក​មេរោគ ១ គ្រឿង ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ ៦.៤០០ ឈុត និង​ឧបករណ៍​ប្រមូល​សំណាក​មេរោគ ៣.០០០ ឈុត​។

​គួរ​រំលឹក​ផងដែរ​ថា ក្នុង​រយៈពេល ៤ ខែ​កន្លងទៅនេះ ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ក៏បាន​ធ្វើការ​ឧបត្ថម្ភ​ផងដែរ​នូវ​ម៉ាស់​មុខ ៤០.០០០ បន្ទះ ជែ​ល​លាងដៃ ៤.០០០ ដប និង​ទឹក​អាល់កុល ៧២០ លីត្រ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​សាលា​រាជធានី​ភ្នំពេញ​ដែល​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន ១១៨.០០០ ដុល្លារ​អាមេរិក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បិទ​ការធ្វើ​ចរាចរណ៍​កំណាត...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

មន្ត្រី​ជំនាញ ទទូច​ជាថ្មី...

ដោយៈ សុ​ផានី​តា / កោះកុងៈ...

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...