កម្មករនិងនិស្សិតរាប់ពាន់នាក់បានចេញមកតវ៉ានៅទូទាំងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី០៨តុលា ដើម្បីប្រឆាំងនឹងច្បាប់ការងារថ្មីមួយដែលពួកគេនិយាយនឹងធ្វើបំផ្លាញសិទ្ធិការងារ ហើយប៉ះពាល់បរិស្ថាន។
«ច្បាប់បង្កើតការងារ»នេះត្រូវបានសភាអនុម័តកាលពីថ្ងៃចន្ទ ហើយគេគេរំពឹងថាវានឹងផ្លាស់ប្តូរប្រព័ន្ធការងារឥណ្ឌូនេស៊ីធំដុំ ព្រមទាំងការគ្រប់គ្រងប្រភពធនធានធម្មជាតិរបស់ឥណ្ឌូនេស៊ី។វាបានធ្វើវិសោធនកម្មច្បាប់៧៩កាលពីមុន និងមានបំណងធ្វើអោយប្រសើរឡើងប្រសិទ្ធភាពការិយាធិបតេយ្យ នៅក្នុងផ្នែកនៃកិច្ចខិតខំរបស់រដ្ឋបាលលោកប្រធានាធិបតី ចូកូ វីដូដូ ដើម្បីទាក់ទាញការវិនិយោគច្រើនឡើងមកក្នុងប្រទេស។
ពួកបាតុករនិយាយថា ច្បាប់នេះនឹងប៉ះពាល់ដល់កម្មករ ដោយសារតែវានឹងកាត់បន្ថយប្រាក់បញ្ចប់ការងារ ដកចេញការកំហិតលើហត្ថពលកម្មរបស់កម្មករបរទេស បង្កើនការប្រើកម្លាំងពលកម្មជំនាញមកពីក្រៅប្រទេស និងកែប្រែប្រាក់ឈ្នួលប្រចាំខែមកជាប្រាក់ម៉ោង។
ប៉ូលិសនៅក្នុងរដ្ឋធានីហ្សាការតា បានរារាំងក្រុមកម្មករដែលជួបជុំនៅមុខសភា ហើយពួកគេបានឃាត់ខ្លួនសិស្សវិទ្យាល័យប្រមាណ២០០នាក់ដែលប៉ុនប៉ងចូលទៅដល់បរិវេណសភាដើម្បីតវ៉ាប្រឆាំង។ទោះជាយ៉ាងណា និសិត្សសកលវិទ្យាល័យនិងកម្មកររាប់ពាន់នាក់បានចូលរួមនៅក្នុងមហាបាតុកម្មនៅមុខសភា និងវិមានប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍ នាំអោយអាជ្ញាធរបិទផ្លូវឆ្ពោះទៅកាន់អាគារទាំងពីរនៅកណ្តាលក្រុងហ្សាការតា។
ការជួបជុំតវ៉ាស្រដៀងគ្នាក៏ត្រូវបានគេឃើញមាននៅក្រុងបានឌុង ដោយមានការប៉ះទង្គិចរវាងនិស្សិតនិងប៉ូលិសផងចាប់តាំងពីថ្ងៃអង្គារនៅពេលប៉ូលិសព្យាយាមបំបែកហ្វូងបាតុកម្មដោយការបាញ់ឧស្ម័នហៀរទឹកភ្នែកនិងបាញ់ទឹក។
ការប្រឆាំងតវ៉ាក៏ផ្ទុះឡើងនៅទីក្រុងរបស់ឥណ្ឌូនេស៊ីដទៃទៀតកាលពីថ្ងៃព្រហស្បតិ៍ រួមមាន ក្រុងយ៉ុកយ៉ាការតា , មេដាន ,ប៉ាឡេមបាងនិងម៉ាកាសសា។
ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ ចង់ទាក់ទាញវិនិយោគិនបរទេសជាខ្លាំង ដើម្បីធ្វើជាឃ្នាស់នៃកំណើនសេដ្ឋកិច្ច នៅក្នុងប្រជាជាតិមួយដែលប្រជាពលរដ្ឋជិតពាក់កណ្តាលក្នុងចំណោមពលរដ្ឋសរុប២៧០លាននាក់ជាមនុស្សវ័យក្មេងពេញកម្លាំង គឺក្រោមអាយុ៣០ឆ្នាំ៕ប្រែសម្រួល៖វាសនា
ប៉ូលិសរុញច្រានបាតុករនិស្សិតនិងកម្មករនៅទីក្រុងជាច្រើនរបស់ឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍