
ដោយៈមុនីរ័ត្ន/ភ្នំពេញៈនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបង្ហាញនូវការព្យាករណ៍៍ទុកជាមុនចំពោះសភាពការណ៍ដែលកើតមានឡើងនៅពេលខាងមុខ ជាពិសេស ពួកឧទ្ទាមអមិត្តមិនដែលព្រមបោះបង់ចោលបំណងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ហើយក្រុមទាំងនោះតែងតែដឹកនាំឲ្យមានបាតុកម្មផ្សេងៗ។លោកបញ្ជាក់់ថាដូច្នេះមិនអនុញ្ញាតអោយជនទាំងនោះមកបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋនោះឡើយ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា សម្រាប់ប្រជាពលរដ្ឋកម្ពុជាជាង១៦លាននាក់ ត្រូវតែការពារសុខសុវត្ថិភាព និងសន្តិសុខឲ្យបានដាច់ខាត។
ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងសមិទ្ធផលនានា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បន្តថា ត្រូវដោះស្រាយទុក្ខកង្វល់របស់សង្គម ក៏ដូចជាប្រជាពលរដ្ឋ ។អ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋករណីបទល្មើសលួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ។ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំឲ្យមានការរីករាលដាល ទោះបីជាយើងធ្វើបានល្អ តែមិនត្រូវភ្លេចខ្លួនត្រូវបន្តស្វែងរកទីតាំងកែច្នៃលួចលាក់ ត្រូវចាំថាគ្រឿងញៀនគ្មានថ្នាំព្យាបាលទេ មានតែថ្នាំបន្សាប។ ត្រូវជួយដោះស្រាយសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នកដែលប្រើប្រាស់ផ្លូវ ដើម្បីឲ្យពួកគាត់បានយល់ និងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបើចង់ឈប់ឲ្យមានការចតឡានលើចិញ្ចើមផ្លូវ និងកុំឲ្យចិញ្ចើមផ្លូវក្លាយជាទីតាំងឯកជន ។យើងត្រូវគិតពីការសាងសង់ចំណត។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្តាំផ្ញើទៅស្នងការរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត នូវបីចំនុចដើម្បីបន្តអនុវត្តដើម្បីភាពជោគជ័យក្នុងការដឹកនាំ។គឺទីមួយ.ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពរាជធានី លើគ្រប់វិស័យ ទាំងសន្តិសុខជាតិ ទាំងការបម្រើសេវាចាំបាច់ជូនប្រជាពលរដ្ឋ ជាពិសេសកិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ព្រោះរាជធានីភ្នំពេញ គឺជាមុខមាត់ និងក៏ជាបេះដូង នៃប្រទេសជាតិ។
ទីពីរ.ពង្រឹងគុណភាពមន្ត្រីនគរបាលទាំងអស់ បង្កើនការហ្វឹកហាត់ទៅតាមជំនាញ ក្នុងនាមជាកងកម្លាំងចរាចណ៍ អន្តរាគមន៍ ត្រូវមានសមត្ថិភាព វិន័យ គុណធម៌ សីលធម៌ និងអនុវត្តវិន័យចំពោះកងកម្លាំងដែលមិនគោរពវិន័យ ជាពិសេសស្នើអោយ មន្ត្រីនគរបាលរាជភ្នំពេញទាំងអស់ពង្រឹងព្រៀប នគរបាល មានន័យថា ត្រូវកែរឥរិយាបថដែលខុសចេញ ខិតខំសាងអំពើល្អ ជំរុញសកម្មភាពបម្រើប្រជាពលរដ្ឋ និងកាត់បន្ថយភាពអសកម្ម។
ទីបី.ពង្រឹងកិច្ចសហការ គឺជាកត្តាជោគជ័យដែលមិនអាចខ្វះបាន ត្រូវលុបចោលជំងឺតួរឯក ការដណ្តើមស្នាដៃ ជាពិសេសទាមទារអោយមានមនោសញ្ចេតនាដឹកនាំ ក្នុងនាមជាកងឯកភាពមួយមានគុណធម៌ សិលធម៌ និងគោរពវិន័យ៕សរន


