ខ្សែប្រយុទ្ធ អេឌីនសិន កាវ៉ានី (Edinson Cavani) នឹងត្រូវរង់ចាំការបង្ហាញមុខលើកដំបូង សម្រាប់ក្រុម Manchester United បន្ទាប់ពីត្រូវបង្ខំចិត្តដាក់ខ្លួននៅដាច់ដោយឡែក បន្ទាប់ពី សម្រេចកិច្ចព្រមព្រៀងផ្ទេរនៅថ្ងៃចុងក្រោយនៃរដូវ កាលទិញដូរកីឡាករ។
ការចរចារវាងក្លឹប United និងកីឡាករវ័យ៣៣ឆ្នាំរូបនេះបានបោះជំហានទៅមុខយ៉ាងឆាប់រហ័ស នៅថ្ងៃចុងក្រោយនៃរដូវកាលទិញដូរ មុនពេលកីឡាកររូបនេះសម្រេចទទួលយកកិច្ចព្រមព្រៀង លេងរយៈពេល២ឆ្នាំ ជាមួយក្លឹប United ជាមួយនឹងប្រាក់ឈ្នួល២១០.០០០ផោនក្នុងមួយ សប្តាហ៍ បន្ទាប់ពីកាត់ពន្ធរួច។
ក្រៅពីសម្រាកលំហែមួយរយៈខ្លី កាវ៉ានី បានរស់នៅក្នុងចំណោមពលរដ្ឋទូទៅនៅប្រទេសបារាំង ជាជាងនៅក្នុងស្ថានភាពសុវត្ថិភាពមួយ បន្ទាប់ពីចប់កិច្ចសន្យាជាមួយក្លឹប Paris Saint Germain ។
តាមគោលការណែនាំរបស់អង់គ្លេស បុគ្គលណាដែលមកពីបារាំងចូលមកក្នុងប្រទេសនេះត្រូវតែ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលធ្វើឲ្យ កាវ៉ានីត្រូវពន្យារការបង្ហាញមុខលើកដំបូងរបស់ខ្លួន។
នៅពេលនេះខ្សែប្រយុទ្ធរូបនេះត្រូវដាក់ខ្លួននៅដាច់ដោយឡែករយៈពេលពីរសប្តាហ៍ ហើយ អាចនឹងខកខានការប្រកួតបន្ទាប់របស់ United ជាមួយក្រុម Newcastle នៅថ្ងៃសៅរ៍ទី១៧ ខែតុលាផងដែរ។
ស្របពេលអត្តពលិកសំខាន់ៗខ្លះត្រូវអនុគ្រោះពីការរឹតត្បិតនេះដោយសារតែពួកគេត្រូវចូលរួមហ្វឹកហាត់នោះ កាវ៉ានី នឹងត្រូវបន្តធ្វើចត្តាឡីស័ក បន្ទាប់ពីចប់កិច្ចសន្យាកាលពីដើមរដូវក្តៅនេះ និងរស់នៅជាមួយមហាជនទូទៅ។
អវត្តមានរបស់ កាវ៉ានី សម្រាប់ប្រកួតបន្ទាប់នេះ គឺជាសម្ពាធមួយទៀតសម្រាប់លោក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) ដែលនឹងអវត្តមាន អែនថូនី ម៉ាសល (Anthony Martial) បន្ទាប់ពីកីឡាករបារាំងរូបនេះទទួលកាតក្រហម អំឡុងពេលប្រកួតជាមួយក្រុម Tottenham កាលពីថ្ងៃអាទិត្យ។
ទោះបីជាយ៉ាងណា កាវ៉ានី នឹងអាចបង្ហាញមុខលើកដំបូងសម្រាប់ការប្រកួតជាមួយក្រុម PSG នៅក្របខណ្ឌ Champions League នៅថ្ងៃទី២០ ខែតុលា៕ ប្រែសម្រួល: ពិសិដ្ឋ
