ខ្សែការពារ បាំបូ ឌីយ៉ាប៊ី (Bambo Diaby) របស់ក្លឹប Barnsley ត្រូវបានស្ថាប័នបាល់ទាត់អង់គ្លេស ហាមឃាត់មិនឲ្យលេងរយៈពេល២ឆ្នាំ បន្ទាប់ពីសារភាពកំហុសថា បានប្រើប្រាស់សារធាតុ ហាមឃាត់។
មន្ត្រីប្រឆាំងការប្រើប្រាស់សាធាតុបានលើកកម្លាំងតាមដានសំណាកទឹកដែលគេយកពីកីឡាករវ័យ២២ឆ្នាំរូបនេះ បន្ទាប់ពីក្រុម Barnsley ប្រកួតជាមួយក្រុម Blackburn កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់បានសរសេរថា “បាំបូ ឌីយ៉ាប៊ី ត្រូវបានហាមឃាត់ មិនឲ្យពាក់ព័ន្ធនឹងវិស័យបាល់ទាត់និងសកម្មភាពទាក់ទិននឹងបាល់ទាត់រយៈពេលពីរឆ្នាំ ដោយសារតែល្មើសនឹងបម្រាមលើការប្រើសារធាតុលើកកម្លាំង។
ខ្សែការពាររូបនេះបានផ្តល់សំណាកទឹកនោមដល់សហព័ន្ធបាល់ទាត់អង់គ្លេស និងមន្ត្រីប្រឆាំង ការប្រើប្រាស់សារធាតុលើកកម្លាំងរបស់អង់គ្លេសកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយគេ រកឃើញមានសារធាតុ Higenamine ក្រោយការវិភាគ។
សារធាតុ Higenamine គឺជាសារធាតុហាមឃាត់ ហើយកីឡាកររូបនេះត្រូវបានសហព័ន្ធ បាល់ទាត់ អង់គ្លេសចោទប្រកាន់ជាបន្តបន្ទាប់ផងដែរដោយសារតែល្មើសនឹងបទដ្ឋាន ហាមឃាត់ការប្រើប្រាស់សារធាតុលើកកម្លាំងនេះ។
ស្របពេល ឌីយ៉ាប៊ី ទទួលយកការចោទប្រកាន់ កីឡាកររូបនេះមិនបានបង្ហាញថា ហេតុអ្វីបាន ជាសារធាតុបែបនេះចូលប្រព័ន្ធរាងកាយរបស់ខ្លួននោះទេ។ អាស្រ័យហេតុនេះ គណៈកម្មការ វិន័យឯករាជ្យបានដាក់ចេញបម្រាមរយៈពេលពីរឆ្នាំ។
បម្រាមនេះបានចូលជាធរមានចាប់តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២២៕ ប្រែសម្រួល: ពិសិដ្ឋ
