ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិបន្តឱ្យសមត្ថកិច្ចតាមដាននិងទប់ស្កាត់បទល្មើសក្រុមឧទ្ទាមក្រៅច្បាប់ដែលនៅតែប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយះ ពង្រឹងការងារឱ្យបានច្បាស់លាស់តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន។
ក្នុងពិធីសម្ពោធអគារអធិការនគរបាលខណ្ឌដូនពេញនិងប៉ុស្ត៍ប្រចាំ២៤ម៉ោងប៉ុស្ត៍នគរបាលរដ្ឋបាល៦កន្លែង កាលពីព្រឹកថ្ងៃទី៨ ខែតុលានេះនៅក្នុងខណ្ឌដូនពេញ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិនិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា៖ កងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនជានិច្ចចំពោះក្រុមឧទាមដែលជាចំណុចដ៏ធំ ព្រោះមកដល់ពេលនេះក្រុមឧទាម ពួកក្បត់ជាតិ ឧក្រិដ្ឋជន មិនបោះបង់ចោលឧបាយកលរបស់ពួកគេនៅទេ ហើយនៅតែបន្តបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។ លោកបន្តថា៖ កម្លំាងសមត្ថកិច្ចទំាងអស់មិនត្រូវធ្វេសប្រហែសបានឡើយ ដោយត្រូវ គោរពតាមបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋជាង១៦លាននាក់ ដោយកុំឱ្យអ្នកណាមកបំផ្លាញសេចក្តីសុខ សុខសន្តិភាពរបស់យើងនោះទេ ។
នាយឧត្ដមសេនីយ៍«យើងត្រូវមានមោទនភាពយើងត្រូវការពារឱ្យបានដាច់ខាត ឧបាយកលពួកអមិត្ត ឧបាយកលពួកឧទាម មិនបោះបង់ចោលការបំផ្លាញយើងនោះទេត្រូវចាំត្រូវប្រឹងប្រែងរួមគ្នា ហើយកិច្ចការធ្វើកន្លងហើយគណៈបញ្ជការឯកភាពភ្នំពេញជាមួយលោកជាមួយលោកឧត្ដមសេនីយ៍ សៅ សុខា គឺសហការគ្នាបានល្អណាស់ ជាបទពិសោធន៍របស់យើងយើងត្រូវពង្រឹងបន្តទៀតគ្រប់សមត្ថកិច្ចទាំងអស់ ។ ហើយសូមអរគុណនិងសូមផ្តាំផ្ញើពិសេស អស់លោកលោកស្រីជាអភិបាលខណ្ឌទាំងអស់ សូមជួយជ្រោមជ្រែងដឹកនាំកងកម្លាំង បញ្ជការពារថែមទៀត »។
ក្នុងឱកាសនោះឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ដែរថា៖ ពួកប្រឆាំងនិងពួកឧទ្ទាមក្រៅច្បាប់នៅតែបន្តសកម្មភាព ប៉ុនប៉ងបង្ករភាពចលាចលក្នុងសង្គម និងរៀបចំធ្វើរដ្ឋប្រហារ ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងរាជានិមយនៅកម្ពុជា តាមរយៈការប្រើប្រាស់សិទ្ធិដោយបំពានហួសព្រំដែនសេរីភាពសាធារណៈ ។ លោកបានឱ្យដឹងថា៖ សកម្មភាពប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គមទាំងនោះ មានដូចជា ការយកបញ្ហាកម្មករ កម្មការិនី បញ្ហាព្រំដែន និងគម្រោងអភិវឌ្ឍនានា ដើម្បីមកបំភ័ន្តនូវសាធារណៈមតិ ការលើកយកបញ្ហាការចាប់ខ្លួនអ្នកនយោបាយអតីតគណៈបក្សប្រឆាំង ការបង្កើតសកម្មភាពប្រមូលផ្តុំគ្នាតវ៉ា និងការដាក់ញត្តិនៅតាមស្ថានទូតនានា ក្នុងចេតនាបង្កើតឱ្យមានការប៉ះទង្គិចរវាងក្រុមបាតុករនិងមអជ្ញាធរសាធារណៈ ។
លោកបានបញ្ជាក់ថា ទោះបី រាជធានីភ្នំពេញជួបប្រទះបញ្ហាស្មុគស្មាញជាបន្តបន្ទាប់យ៉ាងណាក្តី ប៉ុន្តែជាសំណាងខ្ពស់យើងមាននគរបាល ពលនគរបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដ៏ស្មោះត្រង់ មានស្មារតី ឆន្ទះស្នេហាជាតិ នឹងមានមគ្គុទេសន៍ដឹកនាំដល់ឆ្នើម គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទប់ស្កាត់បញ្ហាប្រឈមនានាបានយ៉ាងមានសិទ្ធភាព មិនឱ្យក្រុមអមិត្តបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋបានឡើយ។
យោងតាមរបាយការណ៍របស់ស្នងការរាជធានីភ្នំពេញឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ រាជធានីភ្នំពេញ មានដូចជា បាតុកម្មរឺកូដកម្មចំនួន ៥៣លើក បទល្មើសកើតឡើង៦៦លើក ថយចុះ២១លើកស្មើនឹង ៣១ភាគរយ បទឧក្រិដ្ឋមាន១២លើក កើនឡើង៩លើក ប្លន់៤លើក ឃាតកម្ម៥លើក ជំរិតទាប្រាក់១លើក រំលោភ២លើក និងលួច១១លើក៕/b