
ដោយៈបញ្ញាសាស្ត្រ/តាកែវៈអគារថ្មីសាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវត្រូវបានសម្ពោធជាផ្លូវការក្រោមវត្តមានលោកជាចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាកាលពីព្រឹកថ្ងៃទី៨ខែតុលាឆ្នាំ២០២០។
លោកទេសាភិបាលបានថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករថាអគារដែលសម្ពោធនេះក្រៅពីជាអគារទំនើបសម័យថ្មី មួយដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាជាន់ខ្ពស់និងមានប្រព័ន្ធការពារសន្តិសុខកម្រិតខ្ពស់នោះអគារនេះនៅបានរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារនៅកម្ពុជាឲ្យកាន់តែរីកចម្រើនទទួលបានការគាំទ្រនិងកាន់តែទទួលបានការជឿទុកចិត្តខ្លាំងថែមទៀតពីសាធារណជនជាតិនិងអន្តរជាតិមកលើវិស័យធនាគារនៅកម្ពុជា។

លោកជាចាន់តូបានបន្តថាក្នុងរយៈពេល២០ឆ្នាំបន្ទាប់ពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញធនាគារជាតិនៃកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យធនាគារនៅកម្ពុជា។ពិសេសបានអនុវត្តយ៉ាងពេញលេញនូវមុខងារភារកិច្ចរបស់ខ្លួនស្របតាមច្បាប់។ ដោយឡែកសម្រាប់សាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវវិញនៅពេលនេះបាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មជាបេឡារបស់រតនាគារជាតិ,ជាធនាគាររបស់ធនាគារ,ជាអ្នកបែងចែកគ្រប់គ្រងនិងសម្រួលដល់ចរាចរធនបត្រទូទាំងប្រទេសនិងជាឃ្លាំងទុកទ្រព្យសម្បត្តិរដ្ឋប្រកបដោយសុវត្ថុភាពបំផុត។
លោកអគ្គទេសាភិបាលបានបញ្ជាក់ថាការរីកចម្រើននៃអគារធនាគារជាតិនៃកម្ពុជាក្នុងនោះរួមសាខាខេត្តតាកែវផងដែបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។ការមានជំនឿទុកចិត្តលើប្រាក់រៀលព្រមទាំងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រីជាប្រមុខក្នុងការរក្សានូវសន្តិភាពស្ថិរភាពនយោបាយនិងវឌ្ឍនភាព។នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះដែរវិស័យធនាគារគឺមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងទំហំប្រតិបត្តិការនិងវិសាលភាព។

លោកបញ្ជាក់ថាជាក់ស្ដែងទ្រព្យសកម្មនៃវិស័យនេះបានកើនឡើងចំនួន១៤៨ដងក្នុងនោះឥណទានបានកើនឡើងចំនួន២៨៤ដង,ប្រាក់បញ្ញើកើនចំនួន១៨៧ដងហើយបច្ចប្បន្ននេះប្រជាជនពេញវ័យនៅកម្ពុជាប្រមាណជាង៧០ភាគរយទទួលបានសេវាហិរញ្ញវត្ថុ។
លោកជាចាន់តូបានចាត់ទុកអគារថ្មីសាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវថាជាសមិទ្ធផលរបស់សង្គមថ្មីមួយទៀតមិនមែនសម្រាប់តែប្រជាពលរដ្ឋឬអាជ្ញាធរខេត្តសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេតែនៅបានរួមចំណែកបង្កើនសោភ័ណភាពក្រុងដូនកែវឲ្យកាន់តែស្រស់ស្អាតមួយកម្រិតបន្ថែមទៀត។
សូមបញ្ជាក់ថាអគារថ្មីសាខាធនាគារជាតិខេត្តតាកែវនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៨កុម្ភៈឆ្នាំ២០១៩និងបញ្ចប់នៅថ្ងៃទី២០ខែ មេសាឆ្នាំ២០២០។អគារនេះសង់លើផ្ទៃដីជាង៥ ៣៧២ម៉ែត្រមានបណ្ដោយ២៨ម៉ែត្រទទឹង២៦ម៉ែត្រសង់តាម រចនាប័ទ្មជំនាន់ខ្មែរ បារាំង ៕សរន

