ដោយៈ ពៅនិមល / ភ្នំពេញៈ គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២០ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ទទួលបានក្រុមហ៊ុនចុះបញ្ជីមូលបត្រ ចំនួន៧ និងមូលបត្របំណុលថ្មីមានចំនួន ៦ ។
ប្រភពពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានរៀបរាប់ថាៈ សម្រាប់ក្រុមហ៊ុនចុះបញ្ជីមូលបត្រ ចំនួន៧ រួមមាន៖ ផេសថិក (ខេមបូឌា) ម.ក, ធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី, កំពង់ផែស្វយ័តភ្នំពេញ, ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ដោយឡែក មូលបត្របំណុលថ្មី ទាំងពី ៧ មានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត, អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, សញ្ញបណ្ណសាជីវកម្ម អេប៊ីអេ, ធនាគារភ្នំពេញពាណិជ្ជ ភីភីស៊ីប៊ែង ម.ក, អ អិម អេ (ខេមបូឌា) ម.ក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក។

តាមការលើកឡើងរបស់លោក សៀង ធីរិទ្ធ អគ្គនាយករង នៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) សង្ឃឹមថាៈ នាពេលខាងមុខ នឹងមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុននានា ធ្វើការបោះផ្សាយលក់មូលបត្រ ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ដើម្បីបន្តការគាំទ្រ នូវកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍ នូវវិស័យហិរញ្ញវត្ថុ របស់កម្ពុជា។
ដោយឡែក លោក Jong Weon Ha អគ្គនាយករង នៃ ផ.ម.ក បានលើកឡើងថាៈ ការចុះបញ្ជីក្រុមហ៊ុនថ្មី ជាបន្តបន្ទាប់នេះ គឺជាសញ្ញាវិជ្ជមានមួយ បង្ហាញពីភាពរីកចម្រើន លូតលាស់ទៅមុខ នៃ ផ.ម.ក បើទោះបីជាប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងជួបប្រទះនឹងវិបត្តិជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ហើយសង្ឃឹមថា និន្នាការនេះ នឹងក្លាយជាកាតាលិករ ដើម្បីជំរុញឱ្យក្រុមហ៊ុនដទៃទៀត ចាប់យកឱកាសនេះ ងាកមកប្រមូលទុន តាមរយៈផ្សារមូលបត្រ ដើម្បីពង្រឹង និងពង្រីអាជីវកម្មរបស់ខ្លួន។

សូមបញ្ជាក់ថា ការចុះបញ្ជីលក់មូលបត្រចំណូល ដំណាក់កាលទី២ របស់ធនាគារភ្នំពេញ ពាណិជ្ជ ម.ក មូលបត្របំណុល របស់ធនាគារនេះ មានឈ្មោះថា មូលបត្របំណុល ភីភីស៊ីប៊ែង មានហានិភ័យអត្រាប្តូរប្រាក់ ដែលមានទំហំសរុប ចំនួន ៤០ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ១០ លានដុល្លារអាម៉េរិក ជាមួយអត្រាគូប៉ុង ៦,៥ ភាគរយ ក្នុងមួយឆ្នាំ។ សញ្ញាបណ្ណនេះ មានឥណប្រតិទាន រយៈពេល ៣ ឆ្នាំ គិតចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣៕R
