ដោយៈ គូលែន / សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានរៀបចំផ្លូវ ចូលរមណីយដ្ឋានភ្នំក្បាលស្ពាន ដែលរងការបំផ្លាញ ដោយសារទឹកភ្លៀង។ នេះគឺជាការបញ្ជាក់អោយដឹង ពីអាជ្ញាធរជាតិអប្សរា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នេះ។

បើតាមទំព័រហ្វេសប៊ុករបស់ខ្លួន អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថាៈ ក្រោមការអនុវត្តការងារផ្ទាល់ ពីនាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរ កាលពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានរៀបចំបំពេញដី លើផ្លូវដែលខូចខាត លុបជង្ហុកទឹកដក់ និងកន្លែងទឹកភ្លៀងហូរច្រោះ ឱ្យមានភាពរាបស្មើ ជាប់មាំជាងមុន ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ទៀតថាៈ នៅតាមផ្លូវចូល និងផ្លូវត្រង់ចំណុចអូរឆ្លងស្ពាន ឡើងទៅលើរមណីយដ្ឋាន ភ្នំក្បាលស្ពាន បានរងការខូចខាត ជាខ្លាំង ដោយសារទឹកភ្លៀង នារដូវវស្សានេះ បណ្តាលឱ្យមានទឹកដក់ មានជង្ហុក ខូចផ្លូវ ពិបាកក្នុងការធ្វើដំណើរ ចេញចូល ហើយក្រុមការងារ បានរៀបចំចាក់ដី ដើម្បីបង្កភាពងាយស្រួល ដល់ភ្ញៀវទេសចរ ធ្វើដំណើរ និងរក្សាសោភ័ណភាព នៃរមណីយដ្ឋាននេះ៕S/


រូបភាព: រៀបចំផ្លូវចូលរមណីយដ្ឋានភ្នំក្បាលស្ពានដែលរងការបំផ្លាញដោយសារទឹកភ្លៀង៕អប្សរា