ដោយ:ប៉ែនខុន/ពោធិ៍សាត់: ក្រុងពោធិ៍សាត់ប្រឈមនឹងជំនន់ទឹកស្ទឹងជាថ្មីនិងស្ទឹងពោធិ៍សាត់ប្រឈមនឹងការលិចលង់ជាលើកទី២នៅក្នុងរដូវ វស្សាឆ្នាំ ២០២០  បន្ទាប់ពីផ្លូវថ្មីវាងក្រុងនេះត្រូវបានគេលើកខ្ពស់  ធ្វើឱ្យក្រុងពោធិ៍សាត់ដូចជាស្ថិតនៅកណ្តាលអាងទឹកក្នុងរដូវវស្សា។

លោកម៉ៅ ធនិន លើកដីទប់ទឹកលិចក្រុងពោធិ៍សាត់កាលពីក្នុងខែកញ្ញាកន្លងទៅ

លោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅល្ងាចថ្ងៃទី៨ខែតុលាឆ្នាំ២០២០ថា ក្រុងពោធិ៍សាត់ប្រឈមការលិចលង់ដោយជំនន់ទឹកស្ទឹងពោធិ៍សាត់ជាបន្តបន្ទាប់នៅក្នុងរដូវវស្សាឆ្នាំនេះ ដោយសារមានភ្លៀងធ្លាក់ច្រើននៅភាគខាងលើនៃស្ទឹងពោធិ៍សាត់ ជាពិសេសដៃស្ទឹងទាំងបីនៅភាគខាងលើជំនន់ព្រមគ្នាក្នុងពេល​អាងទឹក​ធំៗមានទឹកពេញអស់ទៅហើយ។

លោកអភិបាលខេត្តបានបញ្ជាក់ថា កាលពីជំនន់ក្នុងខែកញ្ញា រដ្ឋបាលខេត្តបានចាត់​វិធានការបើកមុខទឹកនៅតាមការដ្ឋានស្ពានលូតាមផ្លូវថ្មីវាងក្រុងធ្វើឱ្យទឹកហូរស្រកទៅវិញលឿន បន្ទាប់ពីបានកាយរួច។

ក្រុងពោធិ៍សាត់ប្រឈមនឹងជំនន់ទឹកស្ទឹងជាថ្មី

        លោកកែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់  បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៨ខែតុលាថា ទឹកស្ទឹងពោធិ៍សាត់ បាន ជន់ ឡើងដល់កម្រិត​ត្រូវប្រុងប្រយ័ត្នជាថ្មីម្តងទៀត   ចាប់តាំងពីថ្ងៃទី៤ខែតុលា មកនិងនៅថ្ងៃល្ងាចថ្ងៃនេះទឹកអាចនឹងឡើងហួសពីកម្រិតត្រូវប្រុងប្រយ័ត្នម្តងទៀត  បន្ទា ប់ពីបានជន់ឡើងលិចម្តងនៅជុំវិញក្រុង កាលពីថ្ងៃទី២០ខែកញ្ញាម្តងរួចមក។

  ប្រធានមន្ទីរខាងលើបាននិយាយឱ្យដឹងទៀតថា​កម្ពស់ទឹកនៅភាគ​ខាងលើនៃស្ទឹងពោធិ៍សាត់ បានឡើងជាលំដាប់ ដូចជានៅក្រវាញខ្វះតែ៨ហ៊ុនទៀត    ទឹកឡើងហួសពីកម្រិតត្រូវប្រុងប្រយ័ត្ន។បើនៅក្រវាញឡើងដល់៤,១៨ម៉ែត្រ​នោះនៅ ក្រុងពោធិ៍សាត់ទឹកនឹងឡើងដល់៥,២០ម៉ែត្រ គឺហួសពីកម្រិតប្រុង​ប្រយ័ត្ននាំឱ្យតំបន់ជុំវិញក្រុងពោធិ៍សាត់ត្រូវលិចលង់ម្តងទៀតហើយ។

 ទឹកស្ទឹងពោធ៍ិសាត់ គំរាមកំហែងដល់ទីក្រុងពោធិ៍សាត់ម្តងហើយម្តងទៀត នៅក្នុងឆ្នាំ២០២០នេះត្រូវបានលោកកែវវ័យនិយាយឱ្យដឹងថា  កើតមានឡើងនៅ ពេលបន្ទាប់ពីផ្លូវថ្មីវាងក្រុងត្រូវបានសាងសង់នៅផ្នែកខាងក្រោមក្រុង ប្រវែងជាង ១១គីឡូម៉ែត្រដោយលើកកម្ពស់ខ្ពស់ផុតទឹកគឺដូចជាទំនប់អាងទឹក  ។  ក្រុងពោធិ៍សាត់ពេលនេះក្នុងរដូវវស្សាដូចជានៅកណ្តាលអាងទឹក។

លោកកែវ  វ័យ និយាយឱ្យដឹងទៀតថា តំបន់នៅប៉ែកខាងក្រោមក្រុងពោធិ៍សាត់ពីមុនជាវាស្រែ មានស្ទឹងនិងផ្លូវទឹកធម្មជាតិ ។  ពេលស្ទឹងពោធិ៍សាត់ជន់ទឹក បានហូរបែកវាលធ្វើឱ្យទឹកស្រកអស់លឿនពីក្នុងក្រុង តែពេលនេះទឹកស្រកយឺត ណាស់ដោយសារផ្លូវទឹកបែកវាលនោះត្រូវបានលើកខ្ពស់ជាតួផ្លូវហើយផ្លូវទឹកក៏ ត្រូវបានបង្រួមក្នុងពេលការដ្ឋានសាងសង់ស្ពានលូកំពុងដំណើរការសាងសង់។

 ចម្ងាយផ្លូវវាងក្រុងជាង១១គីឡូម៉ែត្រនេះ    ត្រូវបានលោកប្រធានមន្ទីរខាង លើនិយាយឱ្យដឹងទៀតថាមានគម្រោងសាងសង់ស្ពានលូចំនួន២៨កន្លែង។ទោះ ជាយ៉ាងណាក៏ក្រុងពោធិ៍សាត់នៅតែប្រឈមនឹងការលិចលង់ដែរ នៅពេលស្ពាន និងលូទាំងនោះសាងសង់រួចក៏ដោយ ព្រោះការសាងសង់ផ្លូវបានបង្រួមមុខទឹក។

  លោកកែវ វ័យ បានឱ្យដឹងទៀតថា  បញ្ហាទឹកជំនន់លិចក្រុងពោធិ៍សាត់នេះ អាចនឹងដោះស្រាយបានវិញ   នៅពេលសំណង់កាត់ស្ទឹងពោធិ៍សាត់នៅដំណាក់ឈើក្រំសាងសង់រួចដោយថវិកាបានមកពីធនាគារអភិវឌ្ឍន៍  ។  គម្រោងដំណាក់ ឈើក្រំមានសំណង់ស្ទាក់ទឹកនិងប្រឡាយមេទាញយកទឹកចេញពីស្ទឹងពោធិ៍សាត់នៅភាគខាងលើក្រុងពោធិ៍សាត់៕/Ha