ដោយ៖ ឆាយានាថ / កណ្តាល៖ បុរសម្នាក់ឈ្មោះ សៀង វុទ្ធី ជិះម៉ូតូមិនមានការប្រុងប្រយ័ត្ន ជ្រុលទៅបុកឡានពីក្រោយដែលកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង។ ប៉ុន្តែអ្វីជាការហួសចិត្តនោះ បែរជាក្រុមគ្រួសារខាងម៉ូតូ ប្តឹងទាមទារសំណងពីភាគីខាងឡានដែលមិនខុសអ្វីសោះ រហូតដល់១ម៉ឺនដុល្លារទៅវិញ។

ដើម្បីបង្ហាញការពិតនៃរឿងគ្រោះថ្នាក់ចរាចរណ៍នេះ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះដល់កន្លែងកើតហេតុ។ ជាលទ្ធផល បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីភាគីខាងម៉ូតូ បើកបរធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន មិនពិនិត្យមើលស្ថានភាពផ្លូវខាងមុខឲ្យបានច្បាស់លាស់ពេលកំពុងបើកបរ។
យោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដែលទើបទទួលបាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ វេលាម៉ោង១៥៖៤០នាទី លើចំណុចផ្លូវលេខ១១០ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ច អះអាងថា មានរថយន្តមួយគ្រឿងម៉ាក កាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AH-6810 បើកបរដោយឈ្មោះ ឡៃ ភី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិកណ្តឹងធំ ឃុំកណ្តឹងធំ ស្រុកបាទី ខេត្តតាកែវ មុខរបរកសិករ បើកបរ ទិសដៅពីលិចមកកើត ពោលគឺពីភ្នំពេញទៅស្អាង។
ពេលមកដល់ចំណុចកើតហេតុ ក៏ឈប់រថយន្តបន្តិចរង់ចាំ រថយន្តបើកទិសដៅផ្ទុយឆ្លងស្ពានព្រែកហាស ក៏មានម៉ូតូម៉ាក HONDA WAVE ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AF-9496 បើកបរដោយឈ្មោះ សៀង វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ រងរបួសធ្ងន់ មានទិសដៅស្របទិសមកបុកចំពីក្រោយរថយន្ត កាមរី បណ្តាលឲ្យអ្នកបើកបរម៉ូតូដួលទៅលើទ្រូងផ្លូវចូលចំណែកផ្លូវរថយន្តម៉ាក TOYOTA Highlander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-7578 បើកបរដោយឈ្មោះ គឹម ឆាយរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន។

ករណីនេះ បណ្តាលឲ្យម៉ូតូខូចខាតធ្ងន់១គ្រឿង, រថយន្តខូចខាតស្រាល២គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
សមត្ថកិច្ចសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីភាគីខាងម៉ូតូបើកបរធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន មិនពិនិត្យមើលស្ថានភាពផ្លូវខាងមុខឲ្យបានច្បាស់លាស់ពេលកំពុងបើកបរ។
ទោះបីយ៉ាងណា ពេលនេះ បែរជាភាគីខាងម៉ូតូប្តឹងទាមទារសំណងពីខាងភាគីឡានទាំង២គ្រឿង រហូតដល់ចំនួន១ម៉ឺនដុល្លារ។ ប៉ុន្តែ ក្នុងការជួបចរចាគ្នា កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅតុលាការខេត្តកណ្តាល ភាគីខាងម៉ូតូបានទាមទារសំណងត្រឹម៥ពាន់ដុល្លារវិញ ខណៈខាងភាគីឡានជួយជាលុយសប្បុរសធម៌ចំនួន១ពាន់ដុល្លារ តែភាគីខាងម៉ូតូនៅតែមិនព្រម។

អ្វីជាចំណុចសំខាន់នោះ ភាគីខាងឡានបានដាក់ពាក្យសុំឡានពីខាងតុលាការខេត្តកណ្តាល ដើម្បីប្រើប្រាស់បម្រើឲ្យជីវភាពប្រចាំថ្ងៃ។ ចំពោះនីតិវិធីយ៉ាងណានោះ ភាគីខាងឡានសន្យាថា នឹងចូលខ្លួនបំភ្លឺគ្រប់ពេលវេលា ដោយមិនគេចវេះឡើយ។
បញ្ហានេះ ភាគីខាងឡាន សំណូមពរដល់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល មេត្តាប្រគល់ឡានទាំង២គ្រឿង ឲ្យមកពួកគេប្រើប្រាស់វិញផង ដោយក្តីអនុគ្រោះ៕ ល/Ha