ដោយៈ មេសា/ភ្នំពេញៈ តាមរយៈបណ្តាញ តេឡេហ្ក្រាម នៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០ នេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តំណាង កសិករ ចិញ្ចឹមមាន់នៅកម្ពុជា ទាំងជាលក្ខណៈគ្រួសារ និង ជាលក្ខណៈ កសិដ្ឋាន បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ការនាំចូលមាន់ពីក្រៅប្រទេសថា “ សូមក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ជាពិសេសគយនៅតាមព្រំដែន មេត្តាជួយទប់ស្កាត់ការនាំចូលសាច់មាន់ក្លាសេ្ស ព្រោះសាច់មាន់ក្លាសេ្ស មិនត្រឹមតែធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគប៉ុណ្ណោះទេ វាក៏ថែមទាំង កំពុងសម្លាប់វិស័យចិញ្ចឹមមាន់នៅកម្ពុជា ទៀតផង ។ ចំណែកការនាំចូលមាន់រស់ក៏បាន និង កំពុងធ្វើឱ្យកសិករ និង កសិដ្ឋានចិញ្ចឹមមាន់នៅកម្ពុជា រងការខាតបង់យ៉ាងធ្ងន់ធ្ងរដែរ “ ។

សូមជម្រាបថា តាំងពីជំងឺកូវីដ ១៩ ផ្ទុះឡើងមក មាន់នៅប្រទេសជិតខាង កម្ពុជា ជាពិសេសមាន់នៅប្រទេវៀតណាម និង មាន់នៅប្រទេស ថៃ បាននៅសល់យ៉ាងច្រើន ក៏ព្រោះតែតម្រូវការបានធ្លាក់ចុះយ៉ាងគំហុក និង យ៉ាងអូសបន្លាយ ហើយដោយសារពួកគេមិនអាចទុកមាន់រស់នៅក្នុងកសិដ្ឋានបានយូរ ( ព្រោះត្រូវចំណាយថ្លៃអាហារ ថ្លៃពលកម្ម ហើយពេលណាទុកហួសថ្ងៃ ឬ ហួសអាយុ មាន់នឹងក្លាយជាមានបញ្ហាដល់សុខភាពអ្នកបរិភោគ ដែលបានសេចក្តីថា មាន់ទាំងនោះនឹងលក់ក្នុងប្រទេសលែងបានហើយ ព្រោះអាជ្ញាធរមិនអនុញ្ញាតឱ្យលក់មាន់បែបនោះឡើយ ពោលគឺមាន់ហួសអាយុបែបនោះ នឹងត្រូវកម្ទេចចោលអសារបង់ទាំងស្រុង ) ទើបពួកគេសម្លាប់មាន់ទាំងនោះ រួចហើយក្លាសេ្សទុករាប់ខែ ទើបនាំចេញមកលក់នៅកម្ពុជា ដែលគេហៅថា មាន់ក្លាសេ្ស ។ មាន់ក្លាសេ្សនេះ ត្រូវបានទទួលស្គាល់ជាទូទៅថា នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ ព្រោះការ ក្លាសេ្សមាន់ទាំង នោះ គេត្រូវប្រើសារធាតុគីមីម្យ៉ាង ដើម្បី កុំឱ្យខូច ឬ ស្អុយសាច់មាន់ទាំងនោះ ។ មួយផ្នែកគឺសារធាតុគីមីនោះឯងហើយ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ ។ នេះមិនទាន់គិតដល់ថា តើតាមរយៈសកម្មភាពទាំងឡាយ នៃ ការនាំសាច់មាន់ទាំងនោះ អាចជាការនាំចូលនូវមេរោគកូវីដ ១៩ ដែរ ឬ យ៉ាងណាផងនៅឡើយទេ ព្រោះគ្មានអ្នកដឹងថា អ្នកទាំងនោះ មាន់ទាំងនោះ និង លុយកាក់ទាំងនោះ មានកូវីដ ១៩ ដែរ ឬ អត់ ។



មួយផ្នែកទៀត គឺមាន់រស់ ក៏បាននាំចូលមកកម្ពុជា លក់ក្នុងតម្លៃថោកជាងតម្លៃទីផ្សារ ដែរ ហើយដោយមិនបានបញ្ជាក់អំពីទិន្នន័យជាក់លាក់ លោក ស្រ៊ុន ពៅ បានអះអាងថា មាន់រស់ ដែលនាំចូលមកលក់នៅ កម្ពុជា គឺត្រូវបាននាំចូលតាមច្រក ត្បូងឃ្មុំ ច្រើនជាងគេ ជាហេតុធ្វើឱ្យមាន់នៅកម្ពុជា ដែលកំពុងសល់យ៉ាងច្រើនស្រាប់ទៅហើយនោះ លក់លែងចេញតែម្តង ឬ ក៏ត្រូវបង្ខំចិត្តលក់ក្នុងតម្លៃថោកៗ ដូចមាន់នាំចូលពីក្រៅប្រទេសដែរ ( ពុំនោះទេលក់មិនចេញ ។ ប៉ុន្តែគេមិនគប្បីគិតថា ការលក់តម្លៃថោកបែបនេះ ចំណេញដល់អ្នកបរិភោគឡើយ ព្រោះមាន់ដែលលក់នៅក្នុងរានផ្សារនៅតម្លៃដដែល គឺថោកតែក្នុងចន្លោះពួកឈ្មួញកណ្តាលតែប៉ុណ្ណោះ ) នាំឱ្យកសិករខ្មែរខាតចុងខាតដើម ។
គប្បីត្រូវបានជម្រាបថា តម្លៃដើម នៃ ការចិញ្ចឹមមាន់នៅប្រទេសជិតខាង កម្ពុជា ថោកជាងតម្លៃដើម នៃការចិញ្ចឹមមាន់នៅ កម្ពុជា ដោយ ១ គីឡូក្រាមមាន់រស់ ត្រឹមតែប្រមាណជា ៥០០០ រៀល ប៉ុណ្ណោះ ហេតុនេះឈ្មួញនាំចូលមកលក់នៅ កម្ពុជា ត្រឹមតែប្រមាណជា ៧ ០០០ រៀល នៃ ១ គីឡូក្រាមមាន់រស់ ក៏ពួកគេអាចរកផលចំណេញបានយ៉ាងពេញចិត្តដែរ ខណៈតម្លៃដើមចិញ្ចឹមមាន់នៅ កម្ពុជា ពីចន្លោះ ៧០០០ រៀល ទៅ ៨ ០០០ រៀលរួចទៅហើយ ហេតុនេះ លុះណាតែលក់ក្នុងតម្លៃយ៉ាងហោចណាស់ ៨០០០ ទៅ ៨៥០០ រៀល នៃ១ គីឡូក្រាមមាន់រស់ ទើបកសិករកម្ពុជា អាចរស់បាន ។ ប៉ុន្តែដោយសារការនាំចូលពីប្រទេសជិតខាង ទាំងសាច់មាន់ក្លាសេ្ស និង មាន់រស់ផង ធ្វើឱ្យកសិករ កម្ពុជា មិនអាចលក់ក្នុងតម្លៃខាងលើនេះបានឡើយ ។
ទោះយ៉ាងនេះក្តី នៅពេលសួរថា “ តើកសិករចិញ្ចឹមមាន់នៅ កម្ពុជា គួរបោះបង់ ឬ ផ្អាកការចិញ្ចឹមមាន់មួយរយៈសិន ដើម្បី ទុកឱ្យអាជ្ញាធរចាត់វិធានការ ឬ យ៉ាងណា ព្រោះប្រសិនបើនៅតែតស៊ូចិញ្ចឹមតទៅទៀត គឺនៅតែខាតបង់ ដែលស្ថានភាពបែបនេះ កសិករ កម្ពុជា ធ្លាប់ជួបជាហូរមកហើយ ( ដោយរួមទាំងអ្នកចិញ្ចឹមជ្រូកផង ជាពិសេស ក្នុងដំណាក់កាលដែល ជ្រូក នៅប្រទេស វៀតណាម កំពុងរងការវាយប្រហារយ៉ាងខ្លាំងដោយ ជំងឺប៉េស្តជ្រូក អាហ្វ្រិក កាលពីអំឡុងឆ្នាំ ២០១៩ ) នោះ លោក ស្រ៊ុន ពៅ បានឆ្លើយថា កសិករចិញ្ចឹមមាន់ កម្ពុជា មិនគប្បីបោះបង់ការចិញ្ចឹមរបស់ខ្លួនឡើយ ប៉ុន្តែត្រូវចិញ្ចឹមដោយចែករំលែកព័ត៌មានទីផ្សារជាមួយគ្នា ដូចជាត្រូវចងក្រងជាក្រុម ឬ តាមរយៈសមាគអ្នកចិញ្ចឹមសត្វ កម្ពុជា ជាដើម ។
សាធារណជន ជាពិសេសអ្នកចិញ្ចឹមសត្វនៅកម្ពុជា ប្រាកដជាមិនទាន់ភ្លេចទេថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជាលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃ អគ្គនាយកដ្ឋាសុខភាពសត្វ និង ផលិតកម្មសត្វ ធ្លាប់មានប្រសាសន៍ថា នៅពេលណាវិស័យចិញ្ចឹមសត្វនៅកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់តម្រូវការក្នុងប្រទេសបាននោះ នឹងមិនអនុញ្ញាតឱ្យនាំចូលពីក្រៅប្រទេសឡើយ ៕ Kh/Ha

