ដោយៈ រ៉ូហ្សា / ភ្នំពេញៈ កីឡាករ-កីឡាការិនី ចំនួន ១៦ នាក់ របស់ក្លិបកីឡាការ៉ាតេ ក្រសួងមហាផ្ទៃ បានហ្វឹកហាត់ជាប្រចាំ នៅទីលានរបស់ខ្លួន ស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ ការពារមេរោគ កូវីដ-១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឈានឆ្ពោះ ទៅចូលរួមការប្រកួតកីឡា ការ៉ាតេជ្រើសរើសជើងឯក ទូទាំងប្រទេស ២០២០ នៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅសកលវិទ្យាភូមិន្ទភ្នំពេញ ។
លោក ឡាច ច័ន្ទដារ៉ា គ្រូបង្វឹកក្រសួងមហាផ្ទៃ បានប្រាប់តាមប្រព័ន្ធ អេឡិចត្រូនិក ឲ្យដឹងថាៈ ក្លិបកីឡាការ៉ាតេ ក្រសួងមហាផ្ទៃ បញ្ជូនកីឡាករ-កីឡាការិនី ចំនួន ១៦ នាក់ ដែលមានសក្តានុពល ទៅតាមប្រភេទទម្ងន់ ចូលរួមក្នុងការដណ្តើម មេដាយ នៃការប្រកួតកីឡា ការ៉ាតេ ជ្រើសរើសជើឯក ទូទាំងប្រទេស ២០២០ ដែលរៀបចំឡើង ដោយសហព័ន្ធ ។

លោកបានបន្តថាៈ កីឡាករ-កីឡាការិនី សុទ្ធសឹងជាកីឡាករល្អ ដែលមានឱកាស អាចដណ្តើមមេដាយ ការប្រកួតលើកនេះ ដោយសារលោក ធ្លាប់បញ្ជូនចូលរួម ការប្រកួតយុទ្ធសិល្ប៍ចម្រុះ ដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២០ និងធ្វើតេស្តិ៍លើសមិ្មទ្ធផល ក្នុងរដូវកាលកូវីដ – ១៩ នេះ ទោះបីមេរោគ កូវីដ – ១៩ ក៏ដោយ ក៏ពួកគាត់បន្តហ្វឹកហាត់ ដើម្បីរក្សាគុណផល រៀងៗខ្លួន។
លោក ឡាច ច័ន្ទដារ៉ា បានបន្ថែមទៀតថាៈ ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក ទូទាំងប្រទេស ២០១៩ ទទួលបានមេដាយ សរុប ១១ គ្រឿង ក្នុងនោះ មេដាយមាស ៥គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ ៣គ្រឿង ជាប់ចំណាត់ថ្នាក់លេខ២ ចំណែកកងយោធពលខេមរភូមិន្ទ ជាប់ចំណាត់ថ្នាក់លេខ ១ ៕/V
