ដោយ: សម្បត្តិ / ភ្នំពេញ: បុរសជាកម្មករហាងនំម្នាក់ ត្រូវកម្មករហាងនំដូចគ្នា យកញញួរមកវាយក្បាល បណ្តាលឲ្យរងរបួសធ្ងន់ រហូតដល់ស្លាប់ចោលកូនប្រុសដែលកំពុងពនៅក្នុងដៃ។ អំពើឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ នៅចំណុចហាងលក់នំយីហោ «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ច បង្ហើបប្រាប់ថា ជនសង្ស័យឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅកន្លែងកើតហេតុខាងលើ កំពុងរត់គេចខ្លួន។
សាកសព ឈ្មោះ ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករហាងនំ មានលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ស្លាកស្នាមនៅលើខ្លួនសព រួមមាន ស្នាមជាំហើមពោរដាច់រយះ ទក់សាច់នៅក្បាលខាងក្រោយចំនួន២កន្លែង។

យោងតាមការបំភ្លឺពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះជាកម្មករធ្វើនំ បានឲ្យដឹងថា នៅម៉ោង៧យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ រូបគេបានចូលក្នុងបន្ទប់កាត់នំតែម្នាក់ឯង។ លុះដល់ពេលកើតហេតុ រូបគេបានឮសំឡេង កូនប្រុសជនរងគ្រោះស្រែកយំ ក៏អើតមើលតាមបង្អួច ឃើញជនសង្ស័យកំពុងយកញញួរ វាយក្បាលជនរងគ្រោះ រួចដើរចេញទៅក្រៅជិះម៉ូតូចេញទៅបាត់ ហើយជនរងគ្រោះ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមកទើបដឹងថាស្លាប់។
យោងតាមកាមេរ៉ាសុវត្ថិភាពបង្ហាញ នៅវេលាម៉ោង៧៖៥៨នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានពកូនប្រុសដើរចុះតាមជណ្តើរមកដល់ខាងក្រោម ស្រាប់តែជនសង្ស័យបានស្ទុះទាញញញួរមកវាយក្បាលជនរងគ្រោះពីក្រោយ រួចដើរចេញទៅក្រៅ ជិះម៉ូតូគេចខ្លួន។
សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដោយពេលនេះ សពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ល/Ha
