ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរបើសិនប្រៀបធៀបទៅនឹងប្រទេសដទៃមួយចំនួនលើវិស័យហិរញ្ញវត្ថុនៅសម័យ Covid-19 ។ កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុលក្នុងកិច្ចពន្យារការបង់ប្រាក់កម្ចីឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។ នេះបើយោងតាមការបង្ហោះតាមហ្វេសបុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ។

បើតាមលោក ផៃ ស៊ីផាន នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៩ តុលានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖កម្ពុជានៅតែមានសកម្មភាពដ៏ សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់(ក្រុងកំពង់សោម-ក្រុងសៀមរាប)ជាដើម ។មិនតែប៉ុណ្ណោះនៅក្នុងវិស័យហិរញ្ញប្បទានក៏មានសកម្មភាពរស់រវើក ដូចជាការសង្គ្រោះជនក្រីក្រនិងងាយរងគ្រោះនិងកិច្ចបណ្ដាក់ទុនសាធារណៈក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹកឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19 ក៏ដោយ។ រីឯការចំណាយចរន្តដូចជាប្រាក់បៀវត្សមន្ត្រីរាជការនៅតែរក្សាបានប្រក្រតីភាពក្នុងការទទួលបានបៀរវត្សពីរដងក្នុងមួយខែ៕ BR/Ha