ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានដុតរបាំងផ្លូវនិងប៉ុស្តិ៍ប៉ូលិសជាច្រើននៅរដ្ឋធានីឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី៨តុលា ខណៈដែលក្រុមប្រឆាំងបានបង្កើនការតវ៉ាប្រឆាំងច្បាប់វិនិយោគថ្មីដ៏ចម្រូងចម្រាស់ដែល ក្រុមអ្នករិះគន់និយាយថា ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិការងារនិងបរិស្ថាន។
មនុស្សរាប់ពាន់នាក់បានតវ៉ានៅតាមទីក្រុងនានានៅទូទាំងប្រទេសនេះ ចាប់តាំងពីសភាកាលពីថ្ងៃចន្ទបានអនុម័តច្បាប់ដែលព្យាយាមទាក់ទាញការវិនិយោគបរទេសតាមរយៈកាត់បន្ថយពន្ធដារ សម្រួលកម្លាំងការងារនិង ការគ្រប់គ្រងបរិស្ថាន។
ទោះយ៉ាងណា ក្រុមសកម្មជនការងារនិងក្រុមអង្គការបៃតង (green groups)បានធ្វើការតវ៉ាប្រឆាំងនឹងច្បាប់នេះ ដោយអង្គការលើកលែងទោសអន្តរជាតិនិយាយថា វាជាគ្រោះមហន្តរាយសម្រាប់កម្មករ។
ប៉ូលិសជិត១៣.០០០ នាក់ត្រូវបានដាក់ពង្រាយកាលពីថ្ងៃព្រហស្បតិ៍នេះដើម្បីរារាំងការចូលទៅកាន់អាគាររដ្ឋាភិបាលនៅកណ្តាលទីក្រុងហ្សាការតាតែពួកគេបានមិនអាចបញ្ឈប់ក្រុមអ្នកតវ៉ាពីការធ្វើដំណើរឆ្ពោះទៅកណ្តាលរដ្ឋធានីនេះទេ។
ក្រុមអ្នកតវ៉ាបានដុតរបាំងផ្លូវនិងបានដុតចំណតរថយន្តក្រុងនិងប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ប៉ូលិសជាច្រើនកន្លែង។
ប៉ូលិសបានហាមឃាត់ការតវ៉ានេះ ដោយលើកហេតុផលថា វាអាចបង្កការឆ្លងវីរុសកូវីដ១៩។ យ៉ាងហោចណាស់មនុស្សចំនួន ៣០០.០០០ នាក់បានឆ្លងវីរុសនេះនៅប្រទេសដែលមានប្រជាជនច្រើនបំផុតទី ៤ នៅលើពិភពលោកនេះ រហូតមកដល់ពេលនេះ ហើយមនុស្សជាង ១១.០០០ នាក់បានស្លាប់ដោយជំងឺនេះ៕ប្រែសម្រួល៖សុខា/s

ប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ាខណៈដែលមានការដុតបំផ្លាញដោយក្រុមអ្នកតវ៉ានៅទីក្រុងហ្សាការតានិងនៅទីក្រុងស៊ូរ៉ាបាយ៉ា